កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វាគមន៍ស្កុតឡែន ជំនួបបើកព្រឹត្តិការណ៍ Euro 2024
14, Jun 2024 , 7:39 pm        
រូបភាព
ការរង់ចាំសម្រាប់ការប្រកួតពានរង្វានទ្វីបអឺរ៉ុប បានឈានមកដល់ ដោយក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះ នឹងបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវស្កុតឡែន ក្នុងជំនួបើកឆាកការប្រកួតជាផ្លូវការ ក្នុងពូល A នៅ រាត្រីថ្ងៃទី៤ ខែមិថុនា នាវេលាម៉ោង ២អាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ អាល្លឺម៉ង់រំពឹងនាំជ័យជម្នះបង្ហាញអ្នកគាំទ្រ ខណៈស្កុតឡែន ជួបក្រុមខ្លាំងនឹងក្លាយជាការប្រកួតដ៏តានតឹងដើម្បីដណ្តើមពិន្ទុ។


កាលពីវគ្គជម្រុះតាមតំបន់ ស្កុតឡែន បានរក្សាចំណាត់ថ្នាក់លេខ ២ ក្នុងពូល ដោយកាលនោះអេស្ប៉ាញជាក្រុមឈរនៅក្នុងកំពូលតារាង ហើយចាប់ដៃគ្នា ដើម្បីឡើងវគ្គចែកពូលព្រឹត្តិការណ៍ Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់។ កាលពីសប្តាហ៍មុន នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ ស្កុតឡែន បានប្រកួតស្មើជាមួយនឹងក្រុមកម្រិតខ្ពស់ជាងខ្លួន ហ្វាងឡង់ លទ្ធផល ២-២។
 
អាល្លឺម៉ង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត Euro 2024 នឹងត្រូវបានគេគិតថានឹងមានការប្រកួតដ៏តឹងតែមួយជាមួយនឹងក្រុមស្កុតឡែន ប៉ុន្តែពួកគេសម្លឹងមើលសញ្ញាវិជ្ជមាន នៃជ័យជម្នះពីការប្រកួត។ ការប្រកួតមិត្តភាពកម្តៅសាច់ដុំកាលពីសប្តាហ៍មុន អាល្លឺម៉ង់ប្រកួតឈ្នះក្រុមក្រិក និងស្មើក្រុមអ៊ុយក្រែន ដើម្បីត្រៀមយុទ្ធនាការប្រជែងស្វែងរកការឈ្នះពានរង្វាន់ Euro លើកទី៤ របស់ខ្លួន។
  


រវាងអាល្លឺម៉ង់ និងស្កុតឡែន ធ្លាប់ជួបគ្នាចំនួន ១៧លើក ដោយក្រុមរហស្សនាមឥន្រ្ទីដែក មានកំណត់ត្រាល្អជាង បានយកឈ្នះការប្រកួតចំនួន ៨លើក ចំណែកស្កុតឡែនវិញឈ្នះត្រឹមតែ ៤លើក ប៉ុណ្ណោះ។ អាល្លឺម៉ង់ក្នុងជំនួបនេះក៏ត្រូវបានបង្កើនកំណត់ត្រាល្អរបស់ខ្លួន ទល់នឹងស្កុតឡែន។ ការជួបគ្នាចុងក្រោយរវាងក្រុមទាំងពីរ កាលពីឆ្នាំ ២០១៥ បានបញ្ចប់លទ្ធផលដោយ អាល្លឺម៉ង់យកឈ្នះការប្រកួតលទ្ធផល ៣-២។ 
 
ស្ថិតិ ៥ប្រកួត ចុងក្រោយរបស់ម្ចាស់ផ្ទះអាល្លឺម៉ង់ ពួកគេយកឈ្នះការប្រកួតចំនួន ៣លើក ស្មើ១ និងចាញ់ ១ ខណៈដែលភ្ញៀវស្កុតឡែន ឈ្នះ១ ចាញ់២ និងស្មើ២ លើក។ ស្កុតឡែនជួបអាល្លឺម៉ង់ ១៣លើក ចុងក្រោយរាល់គ្រប់ការប្រកួត ពួកគេរកបានត្រឹមតែជ័យជម្នះ ១លើក ប៉ុណ្ណោះ ដោយកាលនោះលទ្ធផល ១-០ កាលពីឆ្នាំ ១៩៩៩។


 
អាល្លឺម៉ង់ទោះជាធ្វើមិនបានល្អក្នុងការប្រកួតពានរង្វាន់អន្តរជាតិកន្លងមក ប៉ុន្តែពួកគេជាក្រុមមិនងាយឱ្យគូប្រកួតស៊ុតបញ្ចូលទីបានដោយងាយឡើយ ដោយក្នុងចំណោម ១២ប្រកួតចុងក្រោយ ក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ពួកគេរបូតត្រឹមតែ ១គ្រាប់ ប៉ុណ្ណោះ។ 
 
សម្រាប់ព្រឹត្តិការណ៍ Euro 2024 ស្កុតឡែន នឹងក្លាយជាការបង្ហាញខ្លួនលើកទី៤ របស់ពួកគេ នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ហើយនៅក្នុងរយៈពេល ១ សតវត្ស ពួកគេបានប្រកួតជម្រុះឈ្នះកៅអីចំនួន ២លើក ចុងក្រោយមកនេះ។ ស្កុតឡែនជាក្រុមមិនដែលឆ្លងកាត់ឡើងដល់វគ្គជម្រុះ ១៦ក្រុម ម្តងឡើយ៕

Tag:
 Euro 2024
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com