អន្តរជាតិ
វៀតណាម ស្នើដំឡើងពន្ធលើគ្រឿងស្រវឹងដល់ ១០០ភាគរយនៅត្រឹមឆ្នាំ២០៣០
14, Jun 2024 , 8:59 pm        
រូបភាព
ប្រជាជនវៀតណាមបរិភោគស្រាបៀរ ទោះមានទឹកជំនន់ ក្នុងក្រុង Hue នៅក្នុងឆ្នាំ២០២០។ រូបភាព AFP
ប្រជាជនវៀតណាមបរិភោគស្រាបៀរ ទោះមានទឹកជំនន់ ក្នុងក្រុង Hue នៅក្នុងឆ្នាំ២០២០។ រូបភាព AFP
ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើរដ្ឋាភិបាលដំឡើងពន្ធលើទំនិញឱ្យបានដល់ ១០០ភាគរយ សម្រាប់គ្រឿងស្រវឹង នៅត្រឹមឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី១៤ ខែមិថុនា។ ការដំឡើងពន្ធដ៏ច្រើននេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់របស់ប្រជាជន។
 
ក្នុងពេលបច្ចុប្បន្ន វៀតណាម បានដាក់ពន្ធ ៦៥ភាគរយលើស្រាបៀរ និងពន្ធពី៣៥ ទៅ៦៥ភាគរយលើប្រភេទស្រាផ្សេងៗ ដោយផ្អែកលើកម្រិតជាតិអាកុល។ 
 
ដើម្បីកាត់បន្ថយអត្រាប្រើប្រាស់ និងការពារសុខភាពប្រជាជន ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើដំឡើងពន្ធរហូតដល់ ៨០ភាគរយ នៅត្រឹមឆ្នាំ២០២៦ និងរហូតដល់ ១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ សម្រាប់ស្រាមានជាតិអាកាសលើពី២០ភាគរយ និងស្រាបៀរទាំងអស់។ ចំណែកភេសជ្ជ ដែលមានជាតិអាកុលកម្រិតទាប អាចត្រូវដំឡើងពន្ធពី ៥០ភាគរយ ទៅ៧០ភាគរយ។ 
 
«ការដំឡើងពន្ធដ៏ខ្ពស់ គឺជារឿងចាំបាច់ ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់ ដែលបង្កដោយការប្រើប្រាស់ជាតិអាកុលលើសកម្រិត»។ ក្រសួងហិរញ្ញវត្ថុវៀតណាម បានសង្កត់ធ្ងន់បែបនេះ ដោយបន្តការពារថា ការដំឡើងពន្ធទំនិញនេះទៀតសោត គឺគោរពតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ 
 
នៅក្នុងឆ្នាំ២០២៣ ចំណូលលើការលក់ស្រាបៀរនៅវៀតណាម បានថយចុះ ១១ភាគរយ ខណៈគ្រឿងផ្សំ និងវត្ថុធាតុដើម ក្នុងការផលិតគ្រឿងស្រវឹងទាំងនោះកើនពី២០ភាគរយ ទៅ៤០ភាគរយ។ នេះបើតាមទិន្នន័យពីសមាគមភេសជ្ជ, ជាតិអាកុល និងស្រាបៀរវៀតណាម។ 
 
បន្ទាប់ពីសំណើរបស់ក្រសួងហិរញ្ញវត្ថុ ក្រុមអ្នកធុរកិច្ចផ្នែកគ្រឿងស្រវឹង បានដាក់ញត្តិទៅកាន់រដ្ឋាភិបាល ក្រោយហេតុផលវាធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងការប្រមូលពន្ធ។ បើតាមក្រុមអ្នករកស៊ីឧស្សាហកម្មផ្នែកគ្រឿងស្រវឹង រដ្ឋាភិបាលគួរតែរៀបចំគោលនយោបាយឧស្សាហកម្មឱ្យមានភាពច្នៃប្រឌិត ដើម្បីជាប្រយោជន៍អ្នកប្រើប្រាស់ ជាជាងដំឡើងពន្ធ ដែលមិនអាចកែប្រែទម្លាប់របស់អ្នកប្រើប្រាស់បាន។ 
 
ទន្ទឹមនេះ ក្រសួងហិរញ្ញវត្ថុវៀតណាម ក៏បានស្នើដំឡើងពន្ធលើផលិតផលថ្នាំជក់ និងផលិតផលផ្សេងទៀតពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ផងដែរ។ តាមការរំពឹងទុក ក្រសួងហិរញ្ញវត្ថុ បានដាក់គោលដៅថា វៀតណាម អាចកាត់បន្ថយអត្រាជក់បារីពី៤២,៧ភាគរយនៅឆ្នាំ២០២២ មកត្រឹម ៣៨,៦ភាគរយ នៅឆ្នាំ២០៣០ នៃបុរសវៀតណាម៕  

Tag:
 វៀតណាម
 ​ គ្រៀងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com