កីឡាអន្តរជាតិ
អន្តរជាតិ
ទោះរងគ្រោះដោយទឹកអាស៊ីត តែ Faisal Halim សន្យាមិនទៅណាឆ្ងាយពីបាល់ទាត់
14, Jun 2024 , 5:46 pm        
រូបភាព
Faisal Halim សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ដែលរងគ្រោះដោយសារការជះទឹកអាស៊ីត កាលពីខែឧសភា បានផ្អាកអាជីពបាល់ទាត់ជាមួយប្រាក់ខែ ១ម៉ឺនដុល្លារមួយរយៈ ដើម្បីរក្សាសុវត្ថិភាពគ្រួសារ។ យ៉ាងណាក៏ដោយខ្សែបម្រើ Selangor FC សន្យាវិលត្រឡប់ចូលទីលានវិញឆាប់ៗ។


កីឡាករខ្សែប្រយុទ្ធស្លាបក្រុម Selangor FC រងរបួសរលាកកម្រិតទីបួន នៅលើ ក ស្មា ដៃ និងទ្រូង ក្នុងការវាយប្រហារដោយទឹកអាស៊ីត នៅមជ្ឍមណ្ឌលផ្សារទំនើបមួយនៅខាងក្រៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី៥ ខែឧសភា។ កីឡាករមានឈ្មោះហៅកាត់ថា Mickey វ័យ ២៦ឆ្នាំ បានចំណាយពេលជាង ៣សប្តាហ៍ ព្យាបាលនៅក្នុងមន្ទីពេទ្យ និងបានទទួលការព្យាបាលការរលាកស្បែកកម្រិតធ្ងន់។
 
ចេញមុខនិយាយចំពោះមុខក្រុមអ្នកកាសែតលើកដំបូង ចាប់តាំងពីមានការវាយប្រហារ កីឡាករ Halim បាននិយាយថារូបគេនឹងផ្អាកពីអាជីពបាល់ទាត់មួយរយៈ ដោយសន្យាថានឹងវិលត្រឡប់មកកាន់វិស័យបាល់ទាត់វិញ។ កីឡាករវ័យ ២៦ឆ្នាំ បាននិយាយដូច្នេះថា៖«ខ្ញុំរំពឹងថានឹងអាចវិលត្រឡប់ចូលទីលានវិញ នៅក្នុងរយៈពេល ១ខែ ឬ ២ខែ ខាងមុខ ទោះជាគ្រូពេទ្យថាខ្ញុំត្រូវការពេលជាង ៦ខែ ក៏ដោយ។ ខ្ញុំនឹងវិលត្រឡប់ចូលការហ្វឹកហាត់វិញ នៅពេលគ្រូពេទ្យបើកភ្លើងខៀវ។»។
 
ស្លាកស្នាម នៅតែមើលឃើញនៅលើផ្ទៃមុខផ្នែកខាងឆ្វេង និងស្តាំ​ របស់កីឡាករ Halim។ នៅពេលចេញមុខនិយាយប្រាប់អ្នកកាសែតជាលើកដំបូង ដោយហាក់បីមានភាពស្គមស្គាំង ហើយចលនារាងកាយរបស់គេ ហាក់មិនរហ័សរហួនដូចពេលមុនឡើយ។
 
មូលហេតុដែលជុំរុញឱ្យ កីឡាករវ័យ ២៦ឆ្នាំ សម្រេចចិត្តផ្អាកពីបាល់ទាត់ ដោយសារតែដើម្បីចង់រក្សាសុវត្ថិភាពក្រុមគ្រួសារ។ ត្រង់ចំណុចនេះកីឡាករក្រុម Selangor FC បានអះអាងថាខ្លួនសុខចិត្តលះបង់ប្រាក់ខែ ១ម៉ឺនដុល្លារ ដរាបណា ក្រុមគ្រួសាររបស់គេមានសុវត្ថិភាពជាមុនសិន។
 
ទៅលើករណីជះទឹកអាស៊ីតចំពោះកីឡាករ Halim មនុស្សចំនួន ២នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារ ប៉ុន្តែមនុស្សទាំង ២នាក់នោះ ត្រូវបានដោះលែងវិញ ដោយគ្មានការពិន័យអ្វីទាំងអស់។ ការដោះលែងមិនមានការបញ្ជាក់ច្បាស់លាស់ពីខាងសមត្ថកិច្ច ដែលកាន់កាប់រឿងក្តីនោះឡើយ។
 
រដូវកាលថ្មីនៃលីគបាល់ទាត់ប្រទេសម៉ាឡេស៊ី គ្រោងចាប់ផ្តើមនៅថ្ងៃទី១០ ខែឧសភា ជាមួយនឹងការប្រកួតរវាងក្រុម Selangor របស់កីឡាករ Faisal Halim និងទល់នឹងក្រុម Johor Darul Ta’zim។ បន្ទាប់ពីមានបញ្ហាលើកីឡាករ ក្លិប Selangor FC បានក៏បើកដំណើរ ភ្លាមៗក្នុងការធានាសន្តិសុខយ៉ាងតឹកតែងសម្រាប់ក្រុមកីឡាករខ្លួន រួមទាំងកីឡាករ Halim ផ្ទាល់៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com