អន្តរជាតិ
ក្រុមប្រទេសG7 ជំទាស់សកម្មភាពអុងអាត់ចិនក្នុងសមុទ្រចិនខាងត្បូង
15, Jun 2024 , 3:20 pm        
រូបភាព
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ថតរូបជុំគ្នានៅអ៊ីតាលី ក្នុងថ្ងៃទី១៤ ខែមិថុនា។ រូបភាព Facebook_G7
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ថតរូបជុំគ្នានៅអ៊ីតាលី ក្នុងថ្ងៃទី១៤ ខែមិថុនា។ រូបភាព Facebook_G7
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានបង្ហាញក្តីបារម្ភពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង រួមទាំងជំទាស់យ៉ាងខ្លាំងក្លាលើការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ដោយចិន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 ចេញនៅថ្ងៃទី១៤ ខែមិថុនា។
ក្រៅពីជជែកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្រុមប្រទេសអ្នកមានទាំង៧ (G7) បានលើកប្រធានបទចិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ការអុងអាត់នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងកើត និងខាងត្បូង។
 
«យើងបញ្ជាក់ជាថ្មីលើការជំទាស់ចំពោះការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង ឬការគំរាម»។ សេចក្តីថ្លែងការណ៍រួមក្រុមប្រទេស G7 បានបញ្ជាក់បែបនេះ ដោយបន្តបង្ហាញពីក្តីបារម្ភលើបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ បើតាមក្រុមប្រទេស G7 សកម្មភាពនាវាល្បាតចិននៅសមុទ្រចិនខាងត្បូង គឺគ្រោះថ្នាក់។ 
 
ទោះចិនចាត់ទុកសមុទ្រចិនខាងត្បូងជិត ៩០ភាគរយជាកម្មសិទ្ធិរបស់ខ្លួនដោយផ្អែកលើប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ ក្រុមប្រទេសអ្នកមានទាំង ៧ យល់ថា រដ្ឋាភិបាលក្រុងប៉េកាំង គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ ក្នុងការពង្រីកដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាជម្លោះដ៏ក្តៅមួយនៅក្នុងពេលបច្ចុប្បន្ន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 
 
មិនតែប៉ុណ្ណោះ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានបង្ហាញក្តីបារម្ភចិនអាចផ្តល់អាវុធឱ្យរុស្ស៊ី ក្នុងការបន្តសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ លើសពីនេះ ក្រុមប្រទេស G7 បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ដាក់សម្ពាធលើក្រុងមូស្គូ បញ្ចប់សង្រ្គាម។ ចិន និងរុស្ស៊ី ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅក្នុងឆ្នាំ២០២២។ ចិននាំចូលប្រេងឆៅ និងក្នុងតម្លៃទាបជាច្រើន ពីរុស្ស៊ី និងពាណិជ្ជកម្មផ្សេងទៀត៕

Tag:
 (G7
  ចិន
  សមុទ្រចិនខាងត្បូង)
© រក្សាសិទ្ធិដោយ thmeythmey.com