កីឡាជាតិ
អន្តរជាតិ
Euro 2024៖ ស្វ៊ីសទម្រង់លេងល្អប្លែកទប់ទល់យក ៣ពិន្ទុពីក្រុមហុងគ្រី
15, Jun 2024 , 9:49 pm        
រូបភាព
ការប្រកួតជំនួបទី២ ព្រឹត្តិការណ៍ Euro 2024 ក្រុមជម្រើសជាតិស្វ៊ីស បង្ហាញទម្រង់លេងល្អប្លែកខុសពីពេលមុនៗ ដោយបំបាក់ក្រុមហុងគ្រី លទ្ធផល ៣-១ ជំនួបទី២ ពូល A ក្នុងកីឡដ្ឋាន RheinEnergie ទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៥ ខែមិថុនា។ ឈ្នះការប្រកួតជួយស្វ៊ីសចំណេញ ៣ពិន្ទុ បន្តប្រជែងដើម្បីស្វែងរកកៅអីវគ្គ ១៦ក្រុម ឈរពីក្រោមក្រុមកំពូលតារាងអាល្លឺម៉ង់។
 
នៅត្រឹមការប្រកួតវគ្គទីមួយ ហុងគ្រី ដើមវគ្គហាក់បីជាមានការវាយសម្រុកខ្លាំងទៅលើស្វ៊ីស ប៉ុន្តែការសម្រុកសំដៅសំណាញ់ទីហាក់គ្មានប្រសិទ្ធិភាព។ ស្វ៊ីសបង្ហាញទម្រង់ទប់ទល់ នឹងវាយបកបានល្អ ដោយនៅត្រឹមនាទី១២ កីឡាករ Kwadwo Duah រកឱកាសស៊ុតគ្រាប់បើកឆាក ជាការបញ្ជូនកាត់ខ្សែការពារ ពីមិត្តរួមក្រុមបានយ៉ាងល្អ បើកការនាំមុខ ១-០។ 
 
ហៀបបញ្ចប់ការប្រកួតទៅហើយ ស្វ៊ីបន្ថែមឱកាសគ្រាប់បាល់នាំមុខ ដោយជាការស៊ុតពីសំណាក់កីឡាករ Michel Aebischer នាទី៤៥ ដើម្បីបញ្ចប់ការប្រកួតវគ្គទីមួយ នាំមុខលើហុងគ្រី លទ្ធផល ២-០ ប៉ុណ្ណោះអាសន្ន។
 
ចូលវគ្គទីពីរ ហុងគ្រី បន្តទម្រង់លេងវាយសម្រុកដូចកាលពីវគ្គទីមួយ ប៉ុន្តែស្វ៊ីស ហាក់បីជាចាប់ទម្រង់លេងក្រុមមួយនេះបាន ដែលធ្វើឱ្យកីឡាករតំបន់ប្រយុទ្ធហុងគ្រី ពិបាកក្នុងការស្វែងរកឱកាសស៊ុតសំដៅសំណាញ់ទីរបស់ស្វ៊ីស។
 
ការចញ្ចឹមចិត្តវាយសម្រុកសន្ធឹកសន្ធាប់លើស្វ៊ីស ធ្វើឱ្យហុងគ្រីនៅតែអាចស្វែងរកគ្រាប់បាល់តាម ១គ្រាប់ត្រឡប់មកវិញ ដោយជាការតែតបាល់យ៉ាងល្អរបស់កីឡាករ Bernabas Varga នាទី៦៦។ ស្វ៊ិសនៅតែធ្វើឱ្យអ្នកគាំទ្រមិនខកចិត្ត ដោយខ្លួនរកបានគ្រាប់ទី៣ បន្ថែមការនាំមុខ នឹងរក្សាភាគរយជ័យជម្នះកាន់តែខ្លាំង ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Breel Embolo នាទី ៩០+៣។ លទ្ធផល ៣-១ រក្សារហូតដល់ចប់ការប្រកួតពេញ ៩០នាទី ស្វ៊ីសចំណេញ ៣ពិន្ទុ ពីហុងគ្រី ដែលសម្រុកខ្លាំងតែគ្មានប្រសិទ្ធិភាព បានត្រឹមខកចិត្ត។
 
ស្វ៊ីសដណ្តើមបាន ៣ពិន្ទុ ពីការប្រកួតដំបូងរបស់ខ្លួន ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២ ពូល A ពីក្រោមម្ចាស់ផ្ទះអាល្លឺម៉ង់ រក្សាក្តីសង្ឃឹមច្រើនទៅកាន់វគ្គ ១៦ក្រុម ជាលើកទី៦ របស់ខ្លួនជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ Euro។ ហុងគ្រី ចាញ់ការប្រកួត ឈរនៅចំណាត់ថ្នាក់លេខ ៣ ហើយការប្រកួតក្រោយ ពួកគេត្រូវតទល់នឹងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ចំណែកស្វ៊ីស បន្តទៅប៉ះស្កុតឡែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com