ដោយ៖ អោត រត់
សៀមរាប៖ គ្រូ និងនិស្សិតមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានយករោងដំណាំឆ្លាតវៃមកតាំងបង្ហាញក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ TVET "រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ"។
ក្នុងទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ នេះ ស្ដង់ពិពណ៍ការងារជាច្រើន បានដាក់តម្រៀបគ្នាជាជួរ ដើម្បីបង្ហាញនូវលទ្ធផល និងស្នាដៃរបស់ស្ដង់នីមួយៗ។ ក្នុងចំណោមស្នាដៃទាំងអស់នោះ មានស្ដង់មួយដែលបានយកប្រព័ន្ធរោងដំណាំឆ្លាតវៃ មកតាំងបង្ហាញដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីអ្នកចូលរួម។
![](https://image.thmeythmey.com/pictures/2024/06/16/d1.jpg)
រោងដំណាំឆ្លាតវៃ ផលិតដោយគ្រូ និងក្រុមនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។ រូបភាព ថោង ប្រណី៕
លោក ថាយ ប៊ុនថី គ្រូបង្រៀននៅទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមដឹកនាំក្រុមនិស្សិត ផលិតប្រព័ន្ធរោងដំណាំឆ្លាតវៃនេះ។ លោក ប៊ុនថី បានឱ្យដឹងថា មុននឹងបង្កើតប្រព័ន្ធរោងដំណាំឆ្លាតវៃនេះឡើង ត្រូវសិក្សាទៅលើប្រព័ន្ធពីរប្រភេទ ទី១ ការរៀបប្រព័ន្ធស្វ័យប្រវត្ដិ និងទី២ ទាក់ទងទៅនឹងប្រព័ន្ធវ៉ាយអូឡែស។ លោក ប៊ុនថី បន្តថា ជាធម្មតា បើគេបង្កើតនៅប្រព័ន្ធរោងដំណាំឆ្លាតវៃ គេត្រូវបង្កើតជាកូនផ្ទះមួយ ដើម្បីងាយស្រួលគ្រប់គ្រងពីចម្ងាយ ដោយមិនចាំបាច់ទៅផ្ទាល់នោះទេ។
![](https://image.thmeythmey.com/pictures/2024/06/16/d2.jpg)
លោក ថាយ ប៊ុនថី និងក្រុមនិស្សិតចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ នៅសួនច្បារខាងជើងព្រះរាជដំណាក់ ខេត្តសៀមរាប។ រូបភាព ថោង ប្រណី៕
គ្រូបង្រៀនរូបនេះពន្យល់ថា សម្រាប់អ្នកដែលចង់ប្រើប្រាស់រោងដំណាំឆ្លាតវៃនេះ ត្រូវរៀបចំគម្រោងឱ្យបានច្បាស់ ដើម្បីកំណត់ទំហំរោងឱ្យត្រូវនឹងផ្ទៃដីជាមុនសិន។ បន្ថែមពីនេះ ក្នុងរោងដំណាំឆ្លាតវៃនេះ អាចដាំបន្លែច្រើនប្រភេទ ហើយដាំជាជួរៗ នឹងទទួលបានទិន្នផលខ្ពស់ជាងដាំនៅខាងក្រៅធម្មតា។ ចំពោះការមើលថែវិញ ត្រូវការអ្នកយាមម្នាក់ឬពីរនាក់ប៉ុណ្ណោះ ដើម្បីគ្រប់គ្រងនូវប្រព័ន្ធនេះ។ ឯការចំណាយទៅលើសម្ភារៈផ្សេងៗ អាស្រ័យទៅលើតម្រូវការជាក់ស្ដែងសម្រាប់ដំណាំដែលត្រូវដាំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ថាយ ប៊ុនថី ។
![](https://image.thmeythmey.com/pictures/2024/06/16/d3.jpg)
សួនច្បារសិប្បនិម្មិត ផលិតដោយក្រុមនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។ រូបភាពអ អោត រត់៕
នេះមិនមែនជាលើកដំបូងនោះទេដែលលោក ប៊ុនថី និងក្រុមនិស្សិតបង្កើតគម្រោងប្រព័ន្ធរោងដំណាំឆ្លាតវៃ ដោយកាលពីមុន ក្រុមលោកបានបង្កើតម្រោងសិប្បនិម្មិត តែមិនទាន់មានជាលក្ខណៈដំណាំពិតប្រាកដទេ។ លោក បន្តថា ស្នាដៃលើកនេះ មានគ្រូនិងនិស្សិតជាច្រើនចូលរួមពិភាក្សារកវិធីសាស្រ្ដ ដើម្បីសម្រេចបានគម្រោងនេះ ដោយចំណាយពេលជាង៣សប្ដាហ៍ និងថវិកាជាង៤០០ដុល្លារ។
![](https://image.thmeythmey.com/pictures/2024/06/16/u__1_.jpg)
រដ្ធបាលខេត្ដសៀមរាបបានរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ នៅថ្ងៃទី១៥ មិថុនា ក្នុងគោលបំណងលើកកម្ពស់ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតាអាណាព្យាបាលសិស្ស និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ(TVET) ដើម្បីជំរុញការអភិវឌ្ឍន៍កម្លាំងពលកម្មនានា ប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យឆ្លើយតបទៅនឹងទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕
![](https://image.thmeythmey.com/pictures/2024/06/16/u__2_.jpg)
![](https://image.thmeythmey.com/pictures/2024/06/16/u__3_.jpg)
![](https://image.thmeythmey.com/pictures/2024/06/16/u__4_.jpg)