អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសថៃថ្មី ប្តេជ្ញាថែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង
16, Jun 2024 , 4:00 pm        
រូបភាព
លោក Maris Sangiampongsa  ប្រមុខការបរទេសថៃ។ រូបភាព AFP
លោក Maris Sangiampongsa ប្រមុខការបរទេសថៃ។ រូបភាព AFP
លោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃថ្មី ដែលទើបត្រូវបានតែងតាំងនៅចុងខែមេសា នៅថ្ងៃទី១៥ ខែមិថុនា បានយល់ឃើញពីសារៈសំខាន់ក្នុងការថែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីពង្រឹងស្ថិរភាពព្រំដែនរបស់ខ្លួន។ ប្រមុខការទូតរូបនេះ បានប្តេជ្ញាផ្តោតលើគំនិតផ្តួចផ្តើម «ប្រទេស៦ គោលដៅមួយ» ដែលរួមមានកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្រសួងការបរទេស ក្នុងថ្ងៃទី១៥ ខែមិថុនា ប្រមុខការទូតថៃថ្មី លោក Maris Sangiampongsa បានចែករំលែកពីចក្ខុវិស័យរបស់ខ្លួនពាក់ព័ន្ធនឹងគោលនយោបាយការបរទេសថៃជាមួយប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។​
 
«វាមានភាពចាំបាច់ ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដោយសារវាជួយពង្រឹងស្ថិរភាពថៃ»។ ប្រមុខការទូត ដែលទើបត្រូវបានតែងតាំងនៅចុងខែមេសា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ា ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២១ មក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
បើតាមលោក Maris សង្រ្គាមនៅមីយ៉ាន់ម៉ា ពិតជាប៉ះពាល់ដល់ព្រំដែនថៃ និងមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសថៃ បានជំរុញឱ្យមានការស្តារសន្តិភាពនៅមីយ៉ាន់ម៉ា ដើម្បីរក្សាសន្តិសុខតាមព្រំដែន និងកាត់បន្ថយផលប៉ះពាល់លើព្រំដែនថៃ។ មន្រ្តីថៃរូបនេះ ក៏បានប្តេជ្ញាធ្វើការជាមួយមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់នៅតាមព្រំដែនផងដែរ។ 
 
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោក Maris នឹងផ្តល់លើគំនិតផ្តួចផ្តើម«ប្រទេស៦ គោលដៅមួយ» ដែលរួមមានកម្ពុជា ដើម្បីទាកទាញភ្ញៀវទេសចរមកក្នុងតំបន់ផងដែរ។ ប្រទេស៦ គោលដៅមួយ គឺរួមមានថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ដើម្បីជំរុញវិស័យទេសចរណ៍ជាពិសេស។ លើសពីនេះ ថៃ នឹងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេង នៅក្នុងតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាម៉េរិកឡាទីនផង៕

Tag:
 (ថៃ
  កម្ពុជា
  មីយ៉ាន់ម៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com