ជាតិ
ប្រាសាទបេងមាលា បែកបាក់ និងទ្រុឌទ្រោមខ្លាំង ដូចមនុស្សចាស់គ្មានកម្លាំង
16, Jun 2024 , 8:20 pm        
រូបភាព
សៀមរាប៖ ប្រាសាទបេងមាលា ហាក់បីដូចឯកាជាងប្រាសាទផ្សេងៗទៀតបន្តិច។ នៅពេលខ្មែរ ផ្លាស់ប្ដូររាជធានីចេញពីតំបន់អង្គរ ប្រាង្គប្រាសាទភាគច្រើន ត្រូវបានឫសឈើចាក់ចូលព័ទ្ធពេន ដែលធ្វើឱ្យថ្មប្រាសាទបែបបាក់យ៉ាងច្រើន។ កូនរុក្ខជាតិ បានដុសពាសពេញតោងលើប្រាង្គប្រាសាទរយៈពេលយូរឆ្នាំ រហូតរុក្ខជាតិលូតលាស់កាន់តែធំឡើងៗ។ ដើមឈើធំៗទាំងនេះ ក៏បានដេកដួលលើប្រាង្គប្រាសាទ ដែលធ្វើឱ្យប្រាសាទបេងមាលា បែកបាក់ខ្លាំង។
 
 
ឫសឈើទាំងនេះ ព័ទ្ធព័ន្ធលើប្រាង្គប្រាសាទ បង្កើតបានជាទិដ្ឋភាពគួរឱ្យចង់ទស្សនា។ ប៉ុន្តែ ដើមឈើទាំងនេះ ក៏ជាចំណែកមួយបំផ្លាញប្រាសាទបេងមាលាឱ្យបាត់បង់ទម្រង់ដើម។ នាពេលបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា មិនឱ្យដើមឈើបំផ្លាញប្រាសាទទៀតនោះទេ។ អប្សរា ថែរក្សាដើមឈើនៅជុំវិញប្រាសាទ ដែលមានតួនាទីការពារ និងរក្សាសំណើមថ្ម ព្រមទាំងទប់ទល់ខ្យល់កន្ត្រាក់មកលើប្រាសាទ។ 
 
 
មន្រ្តីបច្ចេកទេសនៅប្រាសាទបេងមាលា លោក សុខ​ វិសាល បានបញ្ជាក់ថា ធម្មជាតិ និងការបោះបង់រាជធានី ធ្វើឱ្យប្រាសាទនេះ បែកបាក់ច្រើន។ ប៉ុន្តែ មនុស្ស ក៏ជាអ្នកបំផ្លាញប្រាសាទនេះនាពេលប្ដូររាជធានី និងសម័យសង្គ្រាម។ 
 
«ចាស់ៗរស់នៅតំបន់នេះ បន្តជំនាន់ បានបញ្ជាក់ថា មនុស្ស ជឿថាក្នុងប្រាសាទមានរបស់មានតម្លៃ។ ដូច្នេះ ពួកគេជីកកកាយ ទាញ រកវត្ថុមានតម្លៃ ដែលធ្វើឱ្យប្រាង្គប្រាសាទដួលរលំ។» នេះជាការបញ្ជាក់របស់លោក សុខ វិសាល។ 
 
ប្រាសាទបេងមាលា មិនស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គនោះទេ។ ដូច្នេះ បេងមាលា មិនត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។ បើតាមអង្គការយូណេស្កូ ប្រាសាទបេងមាលា ស្ថិតនៅក្នុងបញ្ជីបណ្ដោះអាសន្នក្នុងការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលកម្ពុជា បានស្នើរៀបចំឯកសារជាផ្លូវការកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០៕

Tag:
 (ប្រាសាទបេងមាលា)
© រក្សាសិទ្ធិដោយ thmeythmey.com