អន្តរជាតិ
ក្រសួងហិរញ្ញវត្ថុវៀតណាម អំពាវនាវឱ្យដំឡើងពន្ធ ១០ភាគរយលើភេសជ្ជជាតិផ្អែម
16, Jun 2024 , 9:00 pm        
រូបភាព
រូបភាព Pexels
រូបភាព Pexels
ក្រសួងហិរញ្ញវត្ថុវៀតណាម បានអំពាវនាវឱ្យដំឡើងពន្ធប្រើប្រាស់ពិសេស ១០ភាគរយ លើភេសជ្ជាជាតិផ្អែម ដើម្បីកាត់បន្ថយការប្រើប្រាស់របស់ប្រជាជន និងទប់ស្កាត់ជំងឺទឹកនោមផ្អែមនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី១៥ ខែមិថុនា។
 
តាមទិន្នន័យពីវិទ្យាស្ថានជាតិចំណីអាហារវៀតណាម ការប្រើប្រាស់ភេសជ្ជមានជាតិផ្អែមជាមធ្យមរបស់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ បានកើនជិត ១,៥ដង ក្នុងរយៈពេល ៧ឆ្នាំ នៅក្នុងឆ្នាំ២០២០។ ពាក់ព័ន្ធនឹងបញ្ហានេះ អត្រាមនុស្សធាត់លើកុមារ និងមនុស្សវ័យជំទង់ (៥ឆ្នាំដល់១៩ឆ្នាំ) បានកើនឡើង២ដង ក្នុងរយៈពេល ១០ឆ្នាំ ដល់១៩ភាគរយ នៅក្នុងឆ្នាំ្២០២០។ ចំនួននេះ គឺខ្ពស់ជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានត្រឹម១៧,៣ភាគរយប៉ុណ្ណោះ។ 
 
ដើម្បីរួមចំណែកកាត់បន្ថយការបរិភោគភេសជ្ជមានជាតិផ្អែម ក្រសួងហិរញ្ញវត្ថុវៀតណាម អំពាវនាវឱ្យដំឡើងពន្ធលើភេសជ្ជប្រភេទនេះ ១០ភាគរយបន្ថែម។
 
«នេះនឹងជួយកាត់បន្ថយជំងឺធាត់, ទឹកនោមផ្អែម និងជំងឺផ្សេងទៀត ក្នុងចំណោមក្មេងៗ»។ ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់បែបនេះ ដោយបន្តបន្ថែមថា វាផងដែរ នឹងជួយកាត់បន្ថយបន្ទុក នៅក្នុងប្រព័ន្ធសុខាភិបាល។ 
 
បើតាមក្រសួងហិរញ្ញវត្ថុ ការដំឡើងពន្ធខាងលើ នឹងអាចធ្វើឱ្យប្រជាជន ជាពិសេសក្មេងៗ ងាកទៅបរិភោគភេសជ្ជផ្សេង ដែលមានជាតិស្ករតិច ឬមិនបន្ថែមជាតិស្ករ។ ពន្ធដែលប្រមូលពីភេសជ្ជមានជាតិស្ករ អាចនឹងកើនដល់ ៩៤លានដុល្លារ នៅឆ្នាំដំបូង មុនពេលវាធ្លាក់ចុះ ដោយសារប្រជាជនកាត់បន្ថយការបរិភោគ។ 
 
កន្លងមក ក្រុមហ៊ុនផលិតភេសជ្ជមានជាតិផ្អែម បានបញ្ចុះបញ្ជូលប្រឆាំងកុំឱ្យមានការដំឡើងពន្ធលើភេសជ្ជរបស់ខ្លួន ក្រោមហេតុផលវាមិនបានធ្វើឱ្យប៉ះពាល់សុខភាពរបស់ប្រជាជន ដូចជាជំងឺធាត់ឡើយ៕  

Tag:
 (វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com