ជាតិ
សង្គមជាតិ
មន្ត្រីជំនាញជួសជុលប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥
16, Jun 2024 , 5:40 pm        
រូបភាព
រូបភាព៖អាជ្ញាធរជាតិអប្សរា
រូបភាព៖អាជ្ញាធរជាតិអប្សរា
ដោយ៖ អោត រត់
 
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បន្តជួសជុលប្រាង្គកណ្តាលនៃប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកម្ល៉េះ។
បើតាមការរៀបរាប់របស់កញ្ញា ដយ ពេជ្រជីរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ បច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉មកណ្តាលផ្នែកខាងលើនៃប្រាសាទនេះ ដោយចាប់ផ្តើមពីជ្រុងខាងជើង និងទិសអាគ្នេយ៍ ដែលជាកន្លែងមានហានិភ័យខ្លាំងជាមុនសិន។ បន្ទាប់មក ក្រុមការងារនឹងបន្តជួសជុលកន្លែងខូចខាតផ្សេងៗរហូតដល់កំពូលប្រាសាទ ដើម្បីឱ្យរចនាសម្ពន្ធឥដ្ឋមានភាពរឹងមាំឡើងវិញ និងទប់ស្កាត់ការហូរជ្រាបទឹក។
 
អ្នកជំនាញដដែលលើកឡើងថា មុនពេលជួសជុល ប្រាសាទបាតជុំ មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់ខ្លាំង ដោយផ្នែកខ្លះ ឥដ្ឋហែកចេញពីគ្នា ជញ្ជាំងឥដ្ឋពុកផុយ រលុះធ្លាក់ និងផ្នែកខ្លះទៀតនៃតួប៉មបានផ្លាស់ប្ដូរទ្រង់ទ្រាយ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។
 
គួររំលឹកថា ប្រាសាទបាតជុំ ស្ថាបនាឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ ដោយមន្ត្រីជាន់ខ្ពស់ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ កសាងនៅលើខឿនថ្មបាយក្រៀម២ថ្នាក់ ដែលមានតួប៉មសង់ពីឥដ្ឋចំនួន៣ និងមានសិលាចារឹកចំនួន៦ផ្ទាំង។ ផ្នែកខ្លះនៃស្ថាបត្យកម្ម លម្អដោយថ្មភក់ដូចជាផ្តែរ ស៊ុទ្វារ និងជើងខឿននៃតួប៉មទាំង៣។
 
ការងារជួសជុលមកដល់ដំណាក់កាលទី៥នេះ តួប៉មប្រាសាទទាំងបី នឹងមានភាពរឹងមាំជាងមុន ដោយពុំចាំបាច់ទល់ទ្រនៅតាមតួប៉មទាំង៣បន្តទៀតនោះទេ។ ប្រាសាទនេះ នឹងមានសោភ័ណភាពឡើងវិញ ហើយគង់វង្សយូរអង្វែងទៅអនាគត។ ភ្ញៀវជាតិ និងអន្តរជាតិ ក៏អាចចូលទស្សនាស្វែងយល់នៅតាមតួប៉មនីមួយៗបានដោយសុវត្ថិភាពផងដែរ៕
 

Tag:
 បេតិកភណ្ឌ
  អាជ្ញាធរជាតិអប្សរា
  ប្រាសាទបាតជុំ
  រមណីយដ្ឋានតំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com