អន្តរជាតិ
លោកត្រាំ និងលោកបៃឌិន ឯកភាពគ្នាលើវិធានសម្រាប់ជជែកដេញដោល
16, Jun 2024 , 6:20 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី។ រូបភាព ៖ AP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី។ រូបភាព ៖ AP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក នឹងជជែកដេញដោលគ្នាជាលើកដំបូង នៅថ្ងៃទី២៧ ខែមិថុនា មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤ មកដល់។ បេក្ខជនមកពីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យទាំងពីរ បានឯកភាពឱ្យមានមេក្រូអាចបិទសំឡេងបាន និងគ្មានការអនុញ្ញាតឱ្យអ្នកចូលទស្សនា។
 
មុនការបោះឆ្នោតមកដល់ បេក្ខជនប្រធានាធិបតីតែងតែមានការជជែកដេញដោលពាក់ព័ន្ធនឹងគោលនយោបាយក្នុងស្រុក និងការបរទេសជាដើម។ ថ្ងៃទី២៧ ខែមិថុនា ត្រូវបានប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ ឯកភាព ដើម្បីជជែកដេញដោលលើកដំបូងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN។ 
 
ក្នុងលក្ខខណៈការជជែកដេញដោលនេះ មេក្រូ ដែលអាចបិទសំឡេងបាន នឹងត្រូវបានប្រើប្រាស់, គ្មានជំនួយការ, គ្មានក្រដាសច្រើនឡើយ ពោលគឺមានតែប៊ិចមួយ និងក្រដាសមួយសន្លឹកគត់ បូករួមនឹងទឹកមួយដប។ ចំណែកអ្នកទស្សនា មិនអនុញ្ញាតឱ្យចូលរួមឡើយ ហើយមានតែអ្នករៀបចំកម្មវិធីតែ២នាក់ប៉ុណ្ណោះ។ អ្នកទាំងពីររូបនោះ គឺលោក Jake Tapper និងលោកស្រី Dana Bash ដែលជាអ្នកសារព័ត៌មាន។ 
 
កម្មវិធីរៀបចំឡើង៩០នាទី នៅក្រុង Atlanta រដ្ឋ Georgia នឹងមានពាណិជ្ជកម្មតែពីរលើកប៉ុណ្ណោះ។ លោកបៃឌិន និងលោកត្រាំ បានឯកភាពជជែកដេញដោលចំនួន ២លើក ដោយលើកចុងក្រោយ នឹងរៀបចំនៅថ្ងៃទី១០ ខែកញ្ញា ដោយសារព័ត៌មាន ABC។ ការជជែកដេញដោលរបស់មេដឹកនាំអាម៉េរិកទាំងពីរលើកចុងក្រោយ គឺធ្វើឡើងនៅឆ្នាំ២០២០៕ 
 

Tag:
 (អាម៉េរិក
  បោះឆ្នោត)
© រក្សាសិទ្ធិដោយ thmeythmey.com