កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ហូឡង់ ដណ្តើម ៣ពិន្ទុ ពីប៉ូឡូញទាំងតានតឹងក្នុងពូល D
16, Jun 2024 , 9:55 pm        
រូបភាព
ក្រុមជម្រើសជាតិហូឡង់ ប្រជែងបាន ៣ពិន្ទុស្មើពីការប្រកួតឈ្នះលទ្ធផល ២-១ លើក្រុមនឹងក្រុមប៉ូឡូញ ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 វគ្គចែកពូល ពូល D ក្នុងកីឡដ្ឋាន Volkspark ថ្ងៃទី១៦ ខែមិថុនា។ ទោះបីជាក្រុមទាំងពីរ មានការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកខ្លាំងយ៉ាងណា ក៏ប៉ុន្តែការផ្លាស់ប្តូរកីឡាករ Wout Weghorst របស់ហូឡង់ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
 
ការប្រកួតវគ្គទីមួយ ប៉ូឡូញ ហាក់បីជាបង្ហាញទម្រង់ប្រយុទ្ធរបស់ខ្លួនល្អខ្លាំង ដោយនៅត្រឹមតែដើមវគ្គនាទី១៥ កីឡាករ Adam Buska មានឱកាសតែតបាល់បញ្ចូលទីបើកការនាំមុខ ១គ្រាប់មុន លើក្រុមហូឡង់។ បន្ទាប់ពីត្រូវបានគូប្រជែងនាំមុខមុន ហូឡង់ ក៏បើកការវាយសម្រុកត្រឡប់ខ្លាំងមកវិញ ជារឿយៗ ប៉ុន្តែហាក់បីជាគ្មាសំណាងដើម្បីរកបានគ្រាប់បាល់។
 
យ៉ាងណាឈានដល់នាទី២៩ ខ្សែប្រយុទ្ធស្លាប Cody Gakpo រកបានឱកាសអូសបាល់ស៊ុតពីលើតំបន់ប្រអប់គ្រោះថ្នាក់ បំប៉ោងសំណាញទី តាមស្មើលទ្ធផល ១-១ សម្រាប់ក្រុមហូឡង់។ ក្រោយតាមស្មើហូឡង់ ក៏បន្តព្យាយាមវាយសម្រុកសន្ធាប់តែគ្មានឱកាសដដែល ដោយការស៊ុតតែខុសគោលដៅ ឬត្រូវអ្នកចាំទីប៉ូឡូញសង្គ្រោះបាន ចំណែកប៉ូឡូញ ក៏មានការវាយសម្រុកទៅវិញ នៅពេលដណ្តើមបាល់បានម្តងៗ។
 
នៅក្នុងការប្រកួតវគ្គទីពីរ ស្ថានភាពនៅដើមវគ្គហាក់គ្មានភាពប្រែប្រួលខ្លាំង ដោយក្រុមទាំងសងខាង តែងមានការវាយសម្រុកទៅវិញទៅមកដដែលដូចកាលពីវគ្គទី១។ ក្រុមហូឡង់ ព្យាយាមផ្លាស់ប្តូរកីឡាករតំបន់ប្រយុទ្ធ ដើម្បីស្វែងរកឱកាសគ្រាប់ជ័យជម្នះបន្ថែម និងដើម្បីរក្សាកេរ្តិ៍ឈ្មោះជាក្រុមដ៏ខ្លាំងមួយក្នុងតំបន់។ 
 
ខ្សែប្រយុទ្ធ Wout Weghorst បានប្តូរចូលនៅនាទី៨១ ប្រៀបបានជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវបំផុតមួយរបស់គ្រូបង្វឹកលោក Ronald Koeman ដោយខ្សែប្រយុទ្ធកម្ពស់ខ្ពស់រកបានគ្រាប់បាល់នាំមុខសម្រាប់ហូឡង់ នៅនាទី៨៣ ក្រោយប្តូរចូលបានត្រឹម ២នាទី។ ហូឡង់ដណ្តើមបាន ៣ពិន្ទុ ទាំងតានតឹងពីដៃប៉ូឡូញ ក្រោយបញ្ចប់ការប្រកួតរយៈពេល ៩០នាទី។
 
ការប្រកួតបន្ទាប់ ហូឡង់ នឹងត្រូវបន្តដំណើរទៅប៉ះក្រុមបារាំង នៅថ្ងៃទី២២ ខែមិថុនា ខណៈដែលក្រុមប៉ូឡូញ នឹងត្រូវទៅជួបអូទ្រីស នៅថ្ងៃទី២១ ខែមិថុនា សម្រាប់ជំនួបពូល D៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com