កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ Bellingham ជួយអង់គ្លេសឈរកំពូលតារាងពូល C
17, Jun 2024 , 9:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះស៊ែប៊ី ១-០ ក្នុងការប្រកួតបើកឆាកពូល C ពានរង្វាន់ UEFA Euro 2024 នៅរាត្រីថ្ងៃទី១៦ ខែមិថុនា ស្របពេល ដាណឺម៉ាក ភ្លាត់ស្នៀត ឱ្យស្លូវេនីតាមស្មើ ១-១។


១គ្រាប់ដោយការតែតបញ្ចូលទីរបស់ខ្សែបម្រើកំពុងលេចធ្លោ Jude Bellingham នៅចំពោះមុខអ្នកគាំទ្រជិត៥ម៉ឺននាក់នៅកីឡដ្ឋាន Arena AufSchalke គ្រប់គ្រាន់ដើម្បីជួយអង់គ្លេសទទួលបាន៣ពិន្ទុ ក្នុងជំនួបដំបូងទល់នឹងស៊ែប៊ី។ ៣ពិន្ទុនេះ ក៏បានជួយតោកំណាច ឈរកំពូលតារាងពូល C ផងដែរ។
 
ក្រោមការដឹកនាំរបស់ លោក Gareth Southgate អង់គ្លេសដែលបាត់វត្តមានកីឡាករសំខាន់ៗច្រើនរូប ជាពិសេសតំបន់ការពារ នៅតែអាចរក្សាទម្រង់ប្រកួតបានល្អប្រសើរ។ ការបង្ហាញខ្លួនរបស់ Bellingham សមាជិកក្រុម Real Madrid រួមជាមួយ Phil Foden, Declan Rice, Bukayo Saka និង Harry Kane បានធ្វើឱ្យក្រុមអង់គ្លេស រឹងមាំសម្រាប់ជំនួបបើកឆាកនេះ។
 
ដោយឡែកជំនួបក្នុងពូល C នេះដែរ ដាណឺម៉ាក ទទួលបានលទ្ធផលត្រឹមស្មើស្លូវេនី ១-១។ Christian Eriksen សមាជិកក្រុម Manchester United ជាអ្នកសម្រេចទីឱ្យដាណឺម៉ាក នាំមុខមុននៅនាទី១៧ ប៉ុន្តែនៅនាទី៧៧ ខ្សែការពារ Erik Janža រកបានគ្រាប់តាមស្មើឱ្យស្លូវេនីវិញ។
 
លទ្ធផលពិន្ទុបណ្តោះអាសន្នក្នុងពូល C អង់គ្លេស ឈរកំពូលតារាងមាន៣ពិន្ទុ តាមពីក្រោយដោយ ដាណឺម៉ាក និងស្លូវេនី ដែលមាន១ពិន្ទុម្នាក់ និងស៊ែប៊ី នៅបាតតារាង។ ជំនួបបន្ទាប់ អង់គ្លេស ជួបដាណឺម៉ាក ស្របពេលស៊ែប៊ីប៉ះ ស្លូវេនី៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com