កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag អះអាងថា Man Utd ពិតជាបានស្វែងរកអ្នកជំនួសខ្លួន
17, Jun 2024 , 11:59 am        
រូបភាព
ក្រុមបិសាចក្រហម Manchester United ពិតជាបានទាក់ទងអ្នកចាត់ការថ្មីទៅដឹកនាំក្រុមកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែឈានដល់ការសម្រេចចិត្តចុងក្រោយ ពួកគេនៅតែជ្រើសយកលោក Erik ten Hag ដដែល។ នេះបើតាមការលើកឡើងរបស់លោក Erik ten Hag ប្រាប់ទៅកម្មវិធីទូរទស្សន៍ប្រទេសហូឡង់ លើកដំបូងចាប់តាំងពីបានដឹកនាំក្រុមឈ្នះពាន FA Cup កាលពីខែឧសភា។


លោក Ten Hag បាននិយាយនៅក្នុងកម្មវិធីកីឡារបស់ទូរទស្សន៍ហូឡង់ដូច្នេះថា៖«គ្មានរឿងសម្ងាត់ឡើយ គ្រប់គ្នាបានឮ និងពួកគេនិយាយអំពីបេក្ខភាពថ្មី។ នៅប្រទេសហូឡង់វានឹងក្លាយជារឿងមិនចប់ឡើយ អ្នកនឹងមិនអនុញ្ញាតឱ្យជជែកជាមួយក្លិបដទៃឡើយ ប្រសិនបើទីនោះមានអ្នកកំពុងតែដឹកនាំហ្វឹកហាត់ ប៉ុន្តែក្នុងប្រទេសអង់គ្លេស វិន័យ និងច្បាប់មានភាពខុសប្លែកគ្នា។ ប៉ុន្តែនៅចុងបញ្ចប់ពួកគេ បានឈានដល់ការសម្រេចចិត្ត ដែលពួកគេចាក់ទុកថាបច្ចុប្បន្នពួកគេកំពុងមានអ្នកដឹកនាំហ្វឹកហាត់ដ៏ល្អរួចទៅហើយ។»។
 
បច្ចុប្បន្នលោក Erik ten Hag កំពុងតែស្ថិតនៅក្នុងវិសមកាល ស្ថិតក្នុងទីក្រុង Ibiza ប្រទេសហូឡង់ បន្ទាប់ពីពេលដែលអនាគតរបស់លោកស្ថិតក្នុងក្រុមបិសាចក្រហម ត្រូវបានដោះស្រាយ។ 
 
រដូវកាល ២០២៣-២៤ ក្រុម Man United បានឈ្នះពានរង្វាន់ FA Cup ដែលជាពានរង្វាន់បន្ថែមទៀតជាលើកទី២ រយៈពេល ២រដូវកាល ជាប់គ្នា បន្ទាប់ពីពួកគេបានឈ្នះពាន League Cup កាលរដូវកាល ២០២២-២៣។ តែយ៉ាងណាក្រុមបិសាចក្រហមបានបញ្ចប់ចំណាត់ថ្នាក់លេខ ៨ នៅក្នុងក្របខណ្ឌ Premier League ដែលជាកំណត់ត្រាអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៩០ មក។
 
ក្រុមស្ថិតក្នុងចំណាត់ថ្នាក់មិនល្អបែបនេះ អ្នកចាត់ការសញ្ជាតិហូឡង់ បានទទួលស្គាល់ថា រដូវកាល ២០២៣-២៤ ពិតជារដូវកាលដ៏ច្របូកច្របល់ និងមិនមែនជាវេលាល្អសម្រាប់ក្រុមបិសាចក្រហម។ 
 
ទោះបីជាដឹកនាំក្រុមធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៨ ប៉ុន្តែ ក្រោយពីពេលក្រុមឈ្នះពានរង្វាន់ FA Cup រួចមក បិសាចក្រហមបានឈ្នះកៅអីលេងនៅក្នុងពានរង្វាន់អឺរ៉ុប Europa League សម្រាប់រដូវកាលក្រោយ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com