កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 ៖ Eriksen រកបានគ្រាប់បាល់ដំបូង​ ក្រោយជួបបញ្ហាជំងឺគាំងបេះដូងនៅ Euro 2020
17, Jun 2024 , 2:39 pm        
រូបភាព
ត្រឹមតែការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Euro 2024 បានក្លាយជាសមិទ្ធផលដ៏ពិសេសរួចទៅហើយសម្រាប់កីឡាករខ្សែបម្រើ Christian Eriksen។ ប៉ុន្តែស្ថិតក្នុងការប្រកួត Eriksen ថែមទាំងបានស៊ុតបាល់បើកឆាកនាំមុខដល់ក្រុមដាណឺម៉ាក នៅក្នុងជំនួបស្មើលទ្ធផល ១-១ ទល់ស្លូវេនី ដែលជាគ្រាប់បាល់ស៊ុតលើកដំបូង បន្ទាប់ពីគេបានរងគ្រោះដោយសារជំងឺគាំងបេះដូង កាលពីព្រឹត្តិការណ៍ Euro 2020 ដែលលើកទៅធ្វើនៅឆ្នាំ២០២១។


ដាណឺម៉ាក បានត្រឹមស្មើ មិនមែនជាការវិលត្រឡប់ដ៏ល្អប៉ុន្មានឡើយ សម្រាប់ខ្សែបម្រើ Eriksen បន្ទាប់ពីខកខានរបស់បានជ័យជម្នះក្នុងជំនួបបើកឆាកពូល C ក្រោយកីឡាករ Erik Janza ជួយស្លូវេនី តាមស្មើលទ្ធផល ១-១ មកវិញ។ 
 
តែយ៉ាងណាពេលដែល Eriksen ស៊ុតបាល់បញ្ចូលទី ហើយរត់ទៅអបអរគ្រាប់បាល់ចំពោះមុខអ្នកគាំទ្រដាណឺម៉ាកនៅជ្រុងម្ខាង អ្នកទស្សនាស្ថិតក្នុងកីឡដ្ឋាន Stuttgart បានផ្តល់ការអបអរ និងបានបង្ហាញអារម្មណ៍រំភើបទៅកាន់ Eriksen ជាកីឡាករម្នាក់បានជម្នះទុក្ខលំបាកដ៏តក់ស្លុត និងភ័យខ្លាចបំផុត ដើម្បីអាចវិលត្រឡប់មកកាន់ Euro 2024។ គ្រាប់បាល់ស៊ុតបញ្ចូលទីនោះ ក៏ជាគ្រាប់បាល់ដំបូងនៅព្រឹត្តិការណ៍ Euro សម្រាប់ Eriksen និងរយៈពេល ១,១០០ថ្ងៃ ចាប់តាំងពីរូបគេបានជួបបញ្ហាជំងឺគាំងបេះដូង។
 
សម្រាប់ការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Euro 2024 ខ្សែបម្រើក្រុមបិសាចក្រហម បាននិយាយថាជាព្រឹត្តិការណ៍តែមួយ ប៉ុន្តែជារឿងរ៉ាវខុសគ្នា រវាងកាលពីឆ្នាំ ២០២១។ Eriksen បាននិយាយដូច្នេះថា៖«ពេលនេះស្ថិតនៅក្នុងព្រឹត្តិការណ៍ Euro រឿងរ៉ាវជីវិតរបស់ខ្ញុំគឺខុសប្លែកគ្នា ពីពេលមុន។ ខ្ញុំមានអារម្មណ៍ថាជឿជាក់ពេលចូលទៅការប្រកួត ហើយខ្ញុំរីករាយសម្រាប់ពេលវេលាលេង ហើយការលេងនៅក្នុងព្រឹត្តិការណ៍ Euro នេះគឺតែងតែជារឿងដ៏ពិសេសបំផុត។ ខ្ញុំធ្លាប់បានគិតថា ខ្ញុំមិនធ្លាប់បានស៊ុតបាល់ចូលទីនៅ Euro ឡើយ តែវាត្រឹមតែជាការគិតក្នុងចិត្តគំនិតបាល់ទាត់ប៉ុណ្ណោះ ខ្ញុំក៏រីករាយដែលបានជួយក្រុមជាមួយគ្រាប់បាល់របស់ខ្ញុំ។»។
 
កាលពីព្រឹត្តិការណ៍ Euro 2020 កីឡាករវ័យ ៣២ឆ្នាំ បានដួលនៅលើទីលានប្រកួត ស្ថិតក្នុងជំនួបជំនួបបើកឆាក Euro ទល់នឹងក្រុមហ្វាងឡង់ ហើយដែលជាការប្រកួតបើកឆាកតាមពូល។

ភ្លាមៗបន្ទាប់ពី Eriksen ជួបបញ្ហាគាំងបេះដូង រូបគេត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ រហូតបានបញ្ជូនទៅកាន់មន្ទីពេទ្យ។ កាលនោះ Eriksen ប្រកបអាជីពលេងឱ្យ Inter Milan ប៉ុន្តែចាប់តាំងពីរូបគេព្យាបាលបានធូរស្បើយ ដោយការបំពាក់ឧបករណ៍ជំនួយបេះដូង (ICD) ហើយក៏ត្រូវបញ្ចប់អាជីពជាមួយក្លិបអ៊ីតាលី។
 
ក្រោយពេលការព្យាបាលរួច នឹងទទួលបានភ្លើងខៀវពីសំណាក់ពីក្រុមគ្រូពេទ្យ Eriksen បានវិលត្រលប់ចូលការហ្វឹកហាត់ស្ថិតនៅទីលានហ្វឹកហាត់របស់ក្រុម Ajax Amsterdam ប្រទេសហូឡង់ មុនពេលរូបគេបានវិលត្រឡប់ចូលលេងក្លិបអាជីពឡើងវិញ នៅអង់គ្លេស ដោយលេងឱ្យក្រុម Brentford។ លេងឱ្យ Brentford បាន ពាក់កណ្តាលរដូវកាល ហើយ Eriksen ក៏ត្រូវបានក្រុមបិសាចក្រហមទាក់ទងនាំយកទៅលេង រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក Erik ten Hag៕

Tag:
 Christian Eriksen
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com