អន្តរជាតិ
អ៊ុយក្រែនចាត់ទុកប្រជុំនៅស្វ៊ីសជាការបើកផ្លូវសន្តិភាព ទោះប្រទេសមួយចំនួនមិនចុះហត្ថលេខា
17, Jun 2024 , 3:29 pm        
រូបភាព
លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
នៅថ្ងៃបិទបញ្ចប់កិច្ចប្រជុំសន្តិភាពអ៊ុយក្រែននៅស្វ៊ីស ក្នុងថ្ងៃទី១៦ ខែមិថុនា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាត់ទុកជាដំណាក់កាលដំបូងសម្រាប់ការបញ្ចប់សង្រ្គាម ដែលបង្កដោយការឈ្លានពានពីសំណាក់រុស្ស៊ីក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ បណ្តាប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក និងអេមីរ៉ាតអារ៉ាប់រួម មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំឡើយ។
 
កិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលរៀបចំឡើងនៅស្វ៊ីសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា បានបញ្ចប់ហើយ ខណៈប្រទេសមួយចំនួន មិនចុះហត្ថលេខា។ នៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញការស្វាគមន៍សេចក្តីថ្លែងការណ៍រួម និងចាត់ទុកជាជំហានដំបូង ក្នុងការឈានទៅបញ្ចប់សង្រ្គាម។ 
 
«យ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅតែរក្សាគោលជំហរកណ្តាល»។ មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនា ដោយទំនងសំដៅទៅដល់ ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក និងអេមីរ៉ាតអារ៉ាប់រួម ដែលមិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការរួម។ ប្រទេសទាំងនោះភាគជាច្រើនជាសមាជិកប្លុកសេដ្ឋកិច្ច BRICS។ មេដឹកនាំ និងមន្រ្តីមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិលើសពី៩០ បានបង្ហាញវត្តមាននៅកិច្ចប្រជុំនៅស្វ៊ីស។ 
 
ការមិនចុះហត្ថលេខាបែបនេះ អាចមានទាក់ទងនឹងអវត្តមានរបស់រុស្ស៊ី។ ក្រសួងការបរទេសឥណ្ឌា នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ឥណ្ឌា សេចក្តីសម្រេច គឺទាមទារឱ្យមានការចូលរួមពីភាគីជម្លោះទាំងពីរ។ ត្រង់ចំណុចនេះ ឥណ្ឌា នឹងបន្តរក្សាការពិភាក្សាជាមួយភាគីទាំងអស់។ 
 
លើសពីនេះ ប្រធានាធិបតីអ៊ុយក្រែន បានបន្តថា សេចក្តីថ្លែងការណ៍រួម នៅតែបើកចំហរសម្រាប់ប្រទេសទាំងអស់ដែលគោរពធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការចូលរួម។ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ត្រូវបានប្រទេស និងអង្គការប្រមាណ៨០ ចុះហត្ថលេខាគាំទ្រ ដោយក្នុងនោះមានតួកគី ដែលជាប្រទេសមួយស្និទ្ធជាមួយរុស្ស៊ីដែរ។
 
ដើម្បីទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ និងមហន្តរាយធំធេង សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលសន្តិភាព បានឯកភាព មិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ រួមទាំងអំពាវនាវកុំឱ្យមានការវាយប្រហារលើនាវាស៊ីវិល និងនាវាដឹកជញ្ជូនស្បៀងអាហារ។ 
 
ពីកិច្ចប្រជុំនៅកន្លែងលំហែកម្សាន្ត Bürgenstock ក្នុងប្រទេសស្វ៊ីស ភាគីរុស្ស៊ី មិនត្រូវបានអញ្ជើញឡើយ។ ចំណែកចិន និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត មិនចូលរួមប្រជុំ។ 
 
ក្នុងសន្និសីទបិទកិច្ចប្រជុំ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ភាគីចូលរួម បានឯកភាពធ្វើការក្នុងលក្ខណៈជាក្រុមពិសេសលើផែនការសកម្មភាពសម្រាប់សន្តិភាព ដែលអាចបើកផ្លូវឱ្យមានកិច្ចប្រជុំលើកទីពីរ។ ពេលបើកកិច្ចប្រជុំ ប្រធានាធិបតីស្វ៊ីស ដែលជាប្រទេសរៀបចំ បានបន្លុយថា កិច្ចប្រជុំកំពូលបន្ទាប់ អាចនឹងអញ្ជើញភាគីរុស្ស៊ី៕

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  ស្វ៊ីស
© រក្សាសិទ្ធិដោយ thmeythmey.com