កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានសហព័ន្ធខ្មែរហាប់គីដូអាណត្តិទី៨ ប្តេជ្ញារៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ
17, Jun 2024 , 6:59 pm        
រូបភាព
លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិទី៨ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាហាប់គីដូ ជារៀងរាល់ឆ្នាំ ដើម្បីជួយជំរុញ និងអភិវឌ្ឍវិស័យកីឡាហាប់គីដូ ឱ្យកាន់តែរីកចម្រើនទាំងក្នុងថ្នាក់ជាតិ និងនៅឆាកអន្តរជាតិ។


សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី១៦ ខែមិថុនា បានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី៧ ឆ្នាំ ២០២០-២៤ និងបន្តអាណត្តិឆ្នាំ ២០២៤-២៨ ធ្វើឡើងក្នុងសាលសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ 
 
ទៅលើសមិទ្ធផលដែលសហព័ន្ធសម្រេចបាននាពេលកន្លងមក លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅក្នុងមហាសន្និបាត បានបញ្ជាក់ថានៅក្នុងអាណត្តិទី៧ សហព័ន្ធទទួលបានផ្លែផ្កាល្អ ក្រោមការជួយជ្រោមជ្រែង និងលើកស្ទួយ ពីសំណាក់គណៈកម្មាធិការប្រតិបត្តិ ព្រមទាំងកម្លាំងសាមគ្គីពីសមាជិកសហព័ន្ធទាំងអស់។ ថ្លែងបន្ថែមទៀត លោក ចាន់ធីណា អះអាងថាសហព័ន្ធនឹងប្តេជ្ញាចិត្តបន្តឆន្ទៈកសាង សមត្ថភាពកីឡាករហាប់គីដូ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតថ្នាក់ជាតិ​ ឆាកអន្តរជាតិនានា ដែលនៅក្នុងអាណត្តិទី៨។
  


ស្ថិតក្នុងមហាសន្និបាតនោះ លោក សៅ សេងហាក់ ដែលជា ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អណត្តិទី៧ ត្រូវបានសមាជិកសហព័ន្ធកីឡាហាប់គីដូកម្ពុជា បោះឆ្នោតគាំទ្រឱ្យបន្តធ្វើជាប្រធានសហព័ន្ធ នៅក្នុងអាណត្តិទី៨ មានរយៈពេល ៥ឆ្នាំ បន្ថែមទៀត។ ការបោះឆ្នោតគាំទ្រជាកញ្ចប់នោះ ក៏ព្រោះមើលឃើញពីដឹកនាំរីកចម្រើននាពេលកន្លងមក និងទទួលបានសមិទ្ធិផលល្អជាច្រើនសម្រាប់កីឡាហាប់គីដូកម្ពុជា។
 
បន្ទាប់ពីជាប់ឆ្នោតបន្តដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណត្តិថ្មី ប្រធានសហព័ន្ធបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងពង្រឹងជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានសហព័ន្ធដដែល ក៏បង្ហាញការតាំងចិត្តជំរុញការងាររដ្ឋបាល វគ្គបណ្តុះបណ្តាល និងការផលិតធនធានមនុស្ស ការបញ្ជូនកីឡាករចូលរួមប្រកួតកីឡាហាប់គីដូជម្រើសជាតិជើងឯកពិភពលោកឆ្នាំ ២០២៤ (World LH.F Hapkido Championship 2024)។ 
  


បន្ថែមពីនេះ សហព័ន្ធខ្មែរហាប់គីដូ ក៏នឹងពង្រីកវិសាលភាពកីឡារបស់ខ្លួនទៅតាមបណ្តាខេត្ត ក៏ដូចជាការចាប់យកឱកាសទៅប្រកួតប្រជែងលំដាប់អន្តរជាតិ ឱ្យបានច្រើនទៅតាមលទ្ធផលតាមដែលអាចធ្វើទៅបានថែមទៀត។
 
សម្រាប់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ក្រោយការបោះឆ្នោតសម្រេចសម្រាប់គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៨ នឹងបន្តស្ថិតនៅលើលោក ឧកញ៉ា សៅ សេងហាក់ អមដោយវត្តមានអនុប្រធានចំនួន ៥រូប រួមមានលោក លោក ជា បូរ៉ា, លោក ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា។ ទៅលើតំណែងអគ្គលេខាធិការសហព័ន្ធ លោក គង់ ចាន់ធីណា នៅតែបន្តធ្វើជាអគ្គលេខាធិការសហព័ន្ធដដែល៕
 






Tag:
 កីឡាហាប់គីដូ
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com