កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍បាល់ទាត់ Euro នឹងជួយស្តារវិស័យទេសចរណ៍អាល្លឺម៉ង់
17, Jun 2024 , 9:59 pm        
រូបភាព
ពានរង្វាន់ UEFA Euro 2024 បង្ហាញជាសាធារណៈនៅមុខ Brandenburger Gate ក្នុងទីក្រុង Berlin ។ រូបភាព ៖ AFP
ពានរង្វាន់ UEFA Euro 2024 បង្ហាញជាសាធារណៈនៅមុខ Brandenburger Gate ក្នុងទីក្រុង Berlin ។ រូបភាព ៖ AFP
សហព័ន្ធលក់រាយអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា មានការកើនឡើងនៃប្រាក់ចំណូលដល់ ៤ ពាន់លានដុល្លារ និងទទួលភ្ញៀវទេសចរប្រមាណ ៣លាននាក់ទៅកាន់ទីក្រុងចំនួន១០ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro នាឆ្នាំនេះ។
 
អាល្លឺម៉ង់ ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបលើកទី១៧ (UEFA Euro) ក្នុងឆ្នាំ២០២៤។ លោក Reinhard Meyer ប្រធានសមាគមទេសចរណ៍អាល្លឺម៉ង់ បានលើកឡើងថា Euro 2024 មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់អាល្លឺម៉ង់ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu។ 
 
ទន្ទឹមនេះ លោក Jurgen Amann នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាទេសចរណ៍ទីក្រុង Koln រំពឹងថាព្រឹត្តិការណ៍នេះនឹងមានឥទ្ធិពលវិជ្ជមានលើវិស័យសេដ្ឋកិច្ចដូចជា សណ្ឋាគារ និងលក់រាយជាដើម។ អាល្លឺម៉ង់គ្រោងនឹងស្វាគមន៍ភ្ញៀវចំនួន ៣លាននាក់ទៅកាន់ទីក្រុងចំនួន១០ សម្រាប់ Euro 2024 ហើយពួកគេនឹងចំណាយច្រើនលើអាហារ ការស្នាក់នៅ និងការកម្សាន្ត។ លើសពីនេះ សហព័ន្ធលក់រាយអាល្លឺម៉ង់បានប៉ាន់ប្រមាណថា មានការកើនឡើងដល់ ៤ពាន់លានដុល្លារអំឡុងពេលព្រឹត្តិការណ៍នេះ។
 
ស្ថិតិពី Trip.com បានបង្ហាញថា ការកក់សំបុត្រទៅកាន់អាល្លឺម៉ង់សម្រាប់ភ្ញៀវទេសចរអាស៊ីបានកើនឡើង ១២៥ភាគរយ បើធៀបទៅនឹងពេលវេលាមុន Euro 2024 ។ ភ្ញៀវ​ចិន​នាំមុខ​គេ​តាម​ពីក្រោយ​ដោយ​ជប៉ុន កូរ៉េ និងប្រទេស​អាស៊ីអាគ្នេយ៍មួយចំនួនទៀត។ ទីក្រុង Frankfurt, Munich និង Cologne ជាគោលដៅដែលត្រូវបានកក់ទុកច្រើនបំផុតដោយភ្ញៀវទេសចរអាស៊ី។
 
បើទោះបីជាវិស័យទេសចរណ៍អាល្លឺម៉ង់រំពឹងថានឹងកើនឡើងក៏ដោយ ប៉ុន្តែប្រាក់ចំណូលពីទេសចរណ៍ក្នុងព្រឹត្តិការណ៍នេះ នឹងមិនរួមចំណែកច្រើនដល់សេដ្ឋកិច្ចប្រទេសទេ។ នេះបើយោងតាមការវិភាគដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Halle ។ ជាក់ស្តែង សេដ្ឋកិច្ចអាល្លឺម៉ង់មិនរីកចម្រើនខ្លាំងទេ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០០៦ ហើយព្រឹត្តិការណ៍អឺរ៉ូនៅឆ្នាំនេះក៏ត្រូវបានគេព្យាករថានឹងមិនខុសគ្នាប៉ុន្មានដែរ។
 
ការវិភាគបង្ហាញថា អ្នកគាំទ្របាល់ទាត់អន្តរជាតិប្រហែល ៦៥០ពាន់នាក់ ចង់ទៅកម្សាន្ត នៅអាល្លឺម៉ង់សម្រាប់ព្រឹត្តិកាណ៍អឺរ៉ូនេះ ប៉ុន្តែភ្ញៀវទេសចរផ្សេងទៀត សម្រេចចិត្តមិនទៅព្រោះតម្លៃសណ្ឋាគារថ្លៃពេក។ តម្លៃបន្ទប់ជាមធ្យមនៅក្នុងទីក្រុងទាំង ១០ បានកើនឡើង ៥៧ភាគរយបើប្រៀបធៀបទៅនឹងខែមុន និងក្រោយព្រឹត្តិការណ៍អឺរ៉ូ។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro លើកទី១៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។ ទីក្រុងដែលត្រូវរៀបចំការប្រកួត Euro 2024 ទាំង១០ រួមមានទីក្រុង Munich, Dortmund, Dusseldorf, Frankfurt, Gelsenkirchen, Hamburg, Leipzig, Stuttgart, Cologne និង Berlin ។ UEFA ដែលជាអ្នករៀបចំកម្មវិធី Euro ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការប្រកួតកីឡាបាល់ទាត់នេះជាមួយនឹងប្រាក់ចំណូលរំពឹងទុកជាង ១ពាន់លានដុល្លារពីការលក់សំបុត្រ និងសិទ្ធិផ្សាយបន្តផ្ទាល់៕ 

Tag:
 អាល្លឺម៉ង់
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com