ជាតិ
សមាគមឧកញ៉ាបញ្ជាក់ថា ជនសង្ស័យ ស្រី ស៊ីណា មិនមែនជាសមាជិកខ្លួនឡើយ
18, Jun 2024 , 11:04 am        
រូបភាព
ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ពេល​ផ្តល់ចម្លើយសារភាពដល់សមត្ថកិច្ច
ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ពេល​ផ្តល់ចម្លើយសារភាពដល់សមត្ថកិច្ច
សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ជាក់ថា ជនសង្ស័យក្នុងសំណុំរឿងឃាតកម្ម ឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា «ឧកញ៉ា» មិនមែនជាសមាជិករបស់ខ្លួនឡើយ។


សេចក្តីប្រកាសព័ត៌មានធ្វើឡើងបន្ទាប់ពីមានករណីឃាតកម្មមួយកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ដែលបណ្តាលមនុស្ស២នាក់ស្លាប់ និង២នាក់របួសស្រាល នៅផ្ទះមួយក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានស្រាវជ្រាវ រហូតដល់ចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងដែលបានព្យាយាមរត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃដដែល។

ជនសង្ស័យអាយុ៥០ឆ្នាំដែលមានគោរមងារជាឧកញ៉ា នោះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានចូលទៅដល់ផ្ទះជនរងគ្រោះ ហើយដកកាំភ្លើងបាញ់ប្រហារ ដោយសារទំនាស់រឿងប្រើប្រាស់ស្នួហាលខោអាវ និងការចតឡាន។

ជនរងគ្រោះដែលបានស្លាប់ក្នុងការបាញ់ប្រហារនោះ គឺជាគូដណ្តឹងនឹងគ្នា ហើយត្រូវបានសាច់ញាតិអះអាងថា ពួកគេមានគម្រោងរៀបអាពាហ៍ពិពាហ៍នាប៉ុន្មានខែខាងមុខ។ បុរសដែលស្លាប់នោះ គឺជាម្ចាស់ស្ទីតយោ និងភ្នាក់ងារថតរូបដ៏ល្បីល្បាញមួយរូបផងដែរ។

យោងតាមឯកសារសៀវភៅ «រាជកិច្ច» លោក ស្រី ស៊ីណា ត្រូវបានតែងតាំងជាឧកញ៉ា តាមរយៈព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧។ ព័ត៌មានទាក់ទងនឹងឧកញ៉ារូបនេះ មិនសូវមានច្រើនឡើយ ប៉ុន្តែបើតាមអត្ថបទមួយដែលចុះផ្សាយនៅលើសារព័ត៌មាន Fresh News កាលពីឆ្នាំ២០២១ ឧកញ៉ារូបនេះ គឺជាម្ចាស់ផ្ទះជួលមួយកន្លែងក្នុងរាធានីភ្នំពេញ។

«ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ»។ នេះជាការបញ្ជាក់របស់សមាគមឧកញ៉ា ប៉ុន្តែអះអាងថា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តី ថ្លៃថ្នូរ នៃគោរមងារឧកញ៉ា។

សមាគមឧកញ៉ាកម្ពុជាដែលទើបតែបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២២ ហើយបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក លី យ៉ុងផាត់ សន្យាបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com