សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​កម្ពុជាឈរលំដាប់ទី៥​ ខណៈឥណ្ឌូណេស៊ី​ទទួល​ជំនួយ​ធំ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍
18, Jun 2024 , 11:19 am        
រូបភាព
ជំនួយវ៉ាក់សាំងចិនផ្តល់ឱ្យកម្ពុជា។ រូបភាព ៖ Xinhua
ជំនួយវ៉ាក់សាំងចិនផ្តល់ឱ្យកម្ពុជា។ រូបភាព ៖ Xinhua
កម្ពុជា ជាប្រទេសទទួលជំនួយពីសហគមន៍អន្តរជាតិធំទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ទំហំ ១៧,៧ពាន់លានដុល្លារ ស្របពេលឥណ្ឌូណេស៊ីឈរនៅលំដាប់កំពូលមានជំនួយសរុប ៨៧,៣ពាន់លានដុល្លារ។ នេះជាលទ្ធផលនៃការស្រាវជ្រាវដោយវិទ្យាស្ថាន Lowy ចាប់ពីឆ្នាំ២០១៥-២០២២។
 
អាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានសក្តានុពលច្រើន ប៉ុន្តែក៏កំពុងប្រឈមបញ្ហាជាច្រើន។ ដើម្បីជួយជំនះឧបសគ្គ និងលើកកំពស់ភាពខ្លាំងរបស់ខ្លួន សហគមន៍អន្តរជាតិកំពុងផ្តល់ជំនួយជាច្រើនដល់តំបន់នេះ។  
 
យោងតាមលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅអូស្ត្រាលី លើជំនួយសហគមន៍អន្តរជាតិផ្តល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២២ តំបន់នេះបានទទួលប្រាក់ជំនួយសរុបរហូតដល់ ៣៨០ពាន់លានដុល្លារ ក្នុងនោះ ២៥៥ពាន់លានដុល្លារត្រូវបានបញ្ចេញ។
 
ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ដែល​ទទួល​បាន​ជំនួយ​ច្រើន​ជាង​គេ​ក្នុង​ទំហំ​ទឹក​ប្រាក់​រហូត​ដល់​ទៅ ៨៧,៣ ពាន់​លាន​ដុល្លារ ស្មើ​នឹង ៣៤ភាគរយនៃជំនួយសរុបក្នុងតំបន់។ បន្ទាប់​គឺ ​វៀតណាម​ដែល​ទទួល​បាន​ទឹក​ប្រាក់​សរុប​ចំនួន ៤៤,៨ ពាន់​លាន​ដុល្លារ ស្មើ​នឹង ១៨ភាគរយ។ 
 
ជំនួយ​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​អាស៊ីអាគ្នេយ៍​​អំឡុង​ឆ្នាំ ២០១៥-២០២២។ ប្រភព ៖ Lowy Institute

ទន្ទឹមនេះ កម្ពុជាឈរនៅលំដាប់ទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ ចិន(៦,២ពាន់លានដុល្លារ) ជប៉ុន (២,២ពាន់លានដុល្លារ) ធនាគារអភិវឌ្ឍន៍អាស៊ី (១,៨ពាន់លានដុល្លារ) អាម៉េរិក (១,១ពាន់លានដុល្លារ) និងបារាំង (១,១ពាន់លានដុល្លារ)ជាម្ចាស់ជំនួយធំរបស់ប្រទេស។ 
 
ក្រៅពីនេះ មានហ្វីលីពីនទទួលជំនួយពីសហគមន៍អ​ន្តរជាតិពីឆ្នាំ២០១៥-២០២២ ប្រមាណ ៤០,២ពាន់លានដុល្លារ , មីយ៉ាន់ម៉ា (២០,៣ពាន់លានដុល្លារ), កម្ពុជា (១៧,៧ពាន់លានដុល្លារ), ឡាវ ( ១៤,៩ពាន់លានដុល្លារ), ថៃ (១១,១ពាន់លានដុល្លារ), ម៉ាឡេស៊ី (៩,៤ពាន់លានដុល្លារ), ទីម័រខាងកើត (២,៣ពាន់លានដុល្លារ), ព្រុយណេ (៩៤៤លានដុល្លារ) និងសិង្ហបុរី (៧​,១លានដុល្លារ)។ 
 
គួរកត់សម្គាល់ថា នៅពេលដែលជំងឺរាលដាលកូវីដ-១៩ លេចឡើង បរិមាណជំនួយដល់តំបន់ក្នុងឆ្នាំ២០២០ បានកើនឡើងយ៉ាងខ្លាំងដល់ជាង ៣៩,៤ពាន់លានដុល្លារ ហើយហ្វីលីពីនបានក្លាយជាអ្នកទទួលជំនួយធំជាងគេទី២ ជាមួយនឹងកម្រិតខ្ពស់បំផុតនៃជំនួយដែលបានកើនឡើងពី ៣,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ១០,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ នេះបង្ហាញថា ហ្វីលីពីនកំពុងក្លាយជាកន្លែងទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ។
 
យោងតាមវិទ្យាស្ថាន Lowy អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានភាពរីកចម្រើន និងលូតលាស់លឿនបំផុតក្នុងពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងចំនួនប្រជាជន។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់នេះប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងដំណើរការអភិវឌ្ឍ ដូចជាភាពក្រីក្រ វិសមភាព ការទទួលបានការថែទាំសុខភាព និងការអប់រំមិនគ្រប់គ្រាន់ អស្ថិរភាពនយោបាយ ឬការខូចខាតធ្ងន់ធ្ងរពីគ្រោះធម្មជាតិ ជាពិសេសបន្ទាប់ពីការលេចចេញនូវជំងឺរាលដាលជំងឺកូវីដ-១៩។​
 
នៅក្នុងបរិបទនេះ ការស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy ដែលផ្តល់នូវទិដ្ឋភាពទូទៅនៃជំនួយអភិវឌ្ឍន៍ទៅកាន់តំបន់ ជាមួយនឹងព័ត៌មានលម្អិតអំពីប្រទេសនីមួយៗ និងដៃគូផ្តល់ជំនួយ ដើម្បីធ្វើឱ្យព័ត៌មានមានតម្លាភាព និងជួយភាគីពាក់ព័ន្ធក្នុងការសម្របសម្រួលជំនួយឱ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់ការគាំទ្រសមស្រប និងមានប្រសិទ្ធភាពបំផុតដល់តំបន់៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ីអាគ្នេយ៍
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com