ជាតិ
សមត្ថកិច្ច បង្ក្រាបក្រុមចែកចាយគ្រឿងញៀន ជាជនជាតិចិន វៀតណាម ខ្មែរ ៩នាក់ នៅព្រះសីហនុ
18, Jun 2024 , 2:39 pm        
រូបភាព
ក្រុមចែកចាយគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅព្រះសីហនុ។ រូបពី មន្ទីរប្រឆាំងគ្រឿងញៀន
ក្រុមចែកចាយគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅព្រះសីហនុ។ រូបពី មន្ទីរប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងផលិតដោយខុសច្បាប់នូវសារធាតុញៀនចំនួនបីទីតាំង ក្នុងខេត្ដព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបាន៩នាក់ រួមទាំងគ្រឿងញៀនជាង៦០គីឡូក្រាម។
 
យោងតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលជាតិខេត្តព្រះសីហនុ សមត្ថកិច្ចបានប្រតិបត្តិការចុះបង្ក្រាបទីតាំងមួយកន្លែងក្នុង ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ មិថុនា ដោយឃាត់បានជនសង្ស័យចំនួន១នាក់ ជាជនជាតិចិន។ ទីតាំងទីមួយនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានម្សៅក្រាមពណ៌ស ដែលសង្ស័យជាសារធាតុញៀនចំនួន១០ដុំ
រួមទាំងរថយន្ដ ROLL-ROY ពណ៌ខ្មៅ មួយគ្រឿង។ 
 
តាមរយៈជនសង្ស័យខាងលើ សមត្ថកិច្ចបន្តស៊ើបអង្កេត ហើយឆែកឆេរទីតាំងមួយកន្លែងទៀត ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ហើយឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត ក្នុងនោះមានជនជាតិចិន៣នាក់ និងម្នាក់ទៀតជាស្ត្រីខ្មែរ។ ករណីនេះ សមត្ថកិច្ច រកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យជាសារធាតុញៀនមួយចំនួនធំ ,សារធាតុគីមី និងរថយន្ដចំនួន៣គ្រឿង ។ 
 
សមត្ថកិច្ចក៏បានបន្តស្រាវជ្រាវ និងឆែកឆេរវីឡាមួយកន្លែងទៀត ក្នុងភូមិ៣ សង្កាត់លរខ៣ ក្រុងព្រះសីហនុ។ ទីតាំងទីបីនេះ សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួករបស់ពួកគេ បាន៤នាក់ទៀត  ក្នុងនោះមានចិន៣នាក់ និងស្ត្រីវៀតណាម១នាក់។ ទីតាំងនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងបានមួយចំនួន រួមមាន រថយន្ត TUNDRA មួយគ្រឿង និងប្រាក់ចំនួន១៦០០០ដុល្លារ រួមទាំងកាំភ្លើងខ្លី២ដើម។ 
 
ការបង្ក្រាបទាំងបីទីតាំងនេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង៦០គីឡូក្រាម។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនមករាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។ នេះបើតាម មន្ទីរប្រឆាំងគ្រឿងញៀន៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com