ជាតិ
កម្ពុជា ត្រូវការការអប់រំស្ដីពី«សន្តិភាព»ក្នុងសង្គមបន្ថែមទៀត
18, Jun 2024 , 4:04 pm        
រូបភាព
ភ្នំពេញ៖ អ្នកតាមដានសង្គមយល់ថា ការអប់រំស្ដីពី«សន្តិភាព» ជាការចាំបាច់បំផុត ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ខណៈមនុស្សមួយចំនួនធំ កំពុងខ្វះការយោគយល់ អធ្យាស្រ័យ និងអត់​ឱន​ឱ្យគ្នា។
 
ករណីបាញ់សម្លាប់មនុស្សយ៉ាងឃោរឃៅ ក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ដែលកើតចេញពីជម្លោះបន្តិចបន្តួច បានធ្វើឱ្យមហាជន អ្នកតាមដានព្រឹត្តិការណ៍សង្គម មន្ត្រីធំៗ នាំគ្នាវែកញែក និងបញ្ចេញទស្សនៈជាហូរហែ។
 
«ការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត»។ នេះជាសារសោកស្ដាយ របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី​មុខងារ​សាធារណៈ ដែលបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបានថ្កោលទោស ដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។ 
 
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ។ រូបពី ហ្វេសប៊ុក លោក ហ៊ុន ម៉ានី 

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានព្យាយាមពន្យល់ដល់មហាជន ឱ្យមានការយោគយល់អធ្យាស្រ័យគ្នាក្នុងសង្គម ដែលកាន់ព្រះពុទ្ធសាសនា គួរតែប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ រដ្ឋមន្ត្រីរូបនេះ ស្នើសុំដូច្នេះ៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុម​រមនា និងសុភមង្គល»។ 
 
ជាមួយគ្នាដែរ អ្នកស្រី យឹម សុធារី អ្នក​ជំនាញ​​ផ្នែក​​ចិត្តសាស្រ្ត អ្នកព្យាបាលផ្លូវចិត្ត និងជាទីប្រឹក្សាទំនាស់ និងសន្តិភាព ក៏បង្ហាញទស្សនៈផ្ទាល់ខ្លួនលើបណ្ដាញសង្គមដែរថា បច្ចុប្បន្ននេះ មនុស្សម្នាក់ៗរវល់តែរៀនឱ្យចេះ ដើម្បីរកលុយ បណ្ដាលឱ្យបុគ្គលខ្លះ អាចបាត់បង់សេចក្ដីមេត្តា ករុណា អភ័យ និងសន្តោសគ្នា។ ដោយមើលឃើញពីបញ្ហានេះ អ្នកស្រី សុធារី ជំរុញឱ្យមានការអប់រំផ្នែកសន្តិភាព និងសុខភាពផ្លូវចិត្ត នៅក្នុងសង្គមឱ្យកាន់តែច្រើន ដើម្បីឱ្យពលរដ្ឋគ្រប់រូប ចេះអត់ឱន និងអធ្យាស្រ័យគ្នា។ អ្នកស្រី សុធាវី ចាត់ទុកការគោរព និងយោគយល់គ្នា ជាតម្លៃពិតរបស់មនុស្សជាតិ។ អ្នកជំនាញផ្នែកចិត្តសាស្ត្ររូប បានសរសេរបែបនេះ លើបណ្ដាញសង្គម៖ «ការអប់រំអំពីសន្តិភាពពិតជាការចាំបាច់ ក្នុងសង្គមជាតិរបស់យើង»។ 
  
អ្នកស្រី យឹម សុធារី អ្នកជំនាញផ្នែកចិត្តសាស្រ្ត អ្នកព្យាបាលផ្លូវចិត្ត និងជាទីប្រឹក្សាទំនាស់ និងសន្តិភាព ជួបជុំក្រុម ដើម្បីឈ្វេងយល់ពីសុខភាពផ្លូវចិត្ត។ រូបផ្ដល់ដោយ អ្នកស្រី សុធារី.

ទាក់ទិននឹងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ក៏មានបង្ហាញប្រតិកម្មដែរ។ លោកមើលឃើញថា មនុស្សជាច្រើននៅតែមិនយល់ពីលទ្ធផលពិត នៃជីវិត ពាក់ព័ន្ធនឹងការស្លាប់ ខណៈមនុស្សគ្រប់គ្នាត្រូវតែស្លាប់ ពុំមាននរណាអាចជៀសរួច។ សារដាស់តឿនរបស់ លោកបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «មនុស្សណាដែលឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ ឋានៈនិងងារ ជាមនុស្សព្រហើនកោងកាច ចង់បញ្ចេញឫទ្ធិ វាយឫកកាច់រាង បង្កគ្រោះដល់គេឯង ដោយមិនគិតពីលទ្ធផលចុងក្រោយ គឺកេរ្តិ៍ឈ្មោះអសោច បន្សល់ទុកដល់កូនចៅខ្លួនឯងខ្មាស គេងើបមុខមិនរួច»។ 
 

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូប ហ្វេសប៊ុក លោក រ៉េមី

កាលពីថ្ងៃទី១៧មិថុនា មានករណីខ្មាំនកាំភ្លើងមួយរូប ឈ្មោះ លោក ស្រី ស៊ីណា ដែលមានគោរមងារជាឧកញ៉ា អាយុ៥០ឆ្នាំ បានបាញ់ទៅលើជនរងគ្រោះ៤នាក់ ដោយយុវជន២រូប ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស។ ខ្មាំនកាំភ្លើងរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ ដោយរូបគេបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនដកកាំភ្លើងបាញ់ប្រហារលើជនរងគ្រោះ ព្រោះតែទំនាស់រឿងប្រើប្រាស់ស្នួហាលខោអាវ និងការចតឡានមុខផ្ទះ៕
 


Tag:
 សន្តិភាព
  ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com