កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ក្រុមក្មេងខ្ចីហ្ស៊កហ្ស៊ី តទល់តួកគី មុនក្រុមខ្លាំងព័រទុយហ្កាល់ ប៉ះឆែក
18, Jun 2024 , 5:19 pm        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 វគ្គចែកពូលជុំទីមួយសម្រាប់ពូល F ដែលជាពូលចុងក្រោយ នឹងចាប់ផ្តើមការប្រកួតនារាត្រីថ្ងៃទី១៨ ខែមិថុនា នេះ ដោយក្រុមជម្រើសជាតិតួកគី នឹងត្រូវតទល់ក្រុមហ្ស៊កហ្ស៊ី វេលាម៉ោង ១១យប់ មុនក្រុមខ្លាំងព័រទុយហ្កាល់ ត្រូវជួបក្រុមសាធារណរដ្ឋឆែក វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។


ជំនួបរវាងតួកគី ទល់នឹងហ្ស៊កហ្ស៊ី ជំនួបពូល F នឹងធ្វើឡើងក្នុងកីឡដ្ឋាន Iduna Park ស្ថិតក្នុងទីក្រុង Dortmund។ ក្រុមហ្ស៊កហ្ស៊ី ដែលត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Euro 2024 កាលពីវគ្គជម្រុះ ស្ថិតក្នុងពូល A ពួកគេបានត្រឹមតែឈរក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ ៤ ក្នុងពូល។ ប៉ុន្តែពួកគេមានឱកាសទៅលេងវគ្គ Playoffs ព្រោះតែការបង្ហាញខ្លួនល្អនៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League។ 
 
ហ្ស៊កហ្ស៊ី ប្រជែងឈ្នះក្រុមលុចសាំបួរ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវគ្គ Playoffs ហើយនៅវគ្គផ្តាច់ព្រ័ត្រ ពួកគេបានប្រកួតឈ្នះក្រុមគ្រិក ដោយកាលស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-២ ក្រោយលទ្ធផលស្មើ ០-០។ ហ្ស៊កហ្ស៊ី ជាក្រុមមានលំដាប់ថ្នាក់លេខ ៧៥ ពិភពលោក មុនពេលធ្វើដំណើរមកកាន់ការប្រកួតក្នុងប្រទេសអាល្លឺម៉ង់ពួកគេធ្វើមិនបានល្អឡើយនៅការប្រកួតមិត្តភាព។ 
 
ចំណែកតួកគីវិញ កាលពីវគ្គជម្រុះពួកគេបានចាញ់ការប្រកួត ៣លើកដំបូងកាលពីជុំទីមួយ ប៉ុន្តែក្រោយមក ពួកគេបែរជាធ្វើបានល្អឡើងវិញ ហើយរហូតអាចឈ្នះកៅអីស្វ័យប្រវត្តិ Euro 2024 ដោយមិនចាំបាច់ឆ្លងកាត់វគ្គ Playoffs ហើយក្នុងនាមជាក្រុមកំពូលតារាងមួយរូបផងដែរ។ តួកគីបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងដោយមាន ១៧ពិន្ទុ ពីការប្រកួតចំនួន ៨លើក នៅវគ្គជម្រុះជុំទី២ នឹងឈរពីលើក្រុមខ្លាំងដូចជាក្រូអាស៊ី និងវែលស៍។
  


កន្លងមករវាងតួកគី និងហ្ស៊កហ្ស៊ី ធ្លាប់បានជួបគ្នាចំនួន ៥លើក រួចមកហើយ ដោយតួកគីមានកំណត់ត្រាល្អជា ពួកគេយកឈ្នះ ៣ប្រកួត និងភ្លាតចាញ់ ១ប្រកួត ពីការជួបគ្នានោះ។ ការជួបគ្នាលើកចុងក្រោយនៃក្រុមទាំងពីរ កាលពីឆ្នាំ ២០១២ ដោយកាលនោះ តួកគីឈ្នះលទ្ធផល ៣-១។ ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Euro 2024 លើកនេះ ជាលើកទី៦ សម្រាប់តួកគី ចំណែក ហ្ស៊កហ្ស៊ីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ព័រទុយហ្កាល់ តទល់សាធារណរដ្ឋឆែក

ព័រទុយហ្កាល់ចាប់ផ្តើមការប្រកួត Euro 2024 ក្នុងជំនួបពូល F ទល់នឹងក្រុមសាធារណរដ្ឋឆែក ក្នុងកីឡដ្ឋាន Red Bull Arena ក្នុងទីក្រុង ​Leipzig។ ទាំងសងខាងនឹងត្រូវការជ័យជម្នះរៀងខ្លួនសម្រាប់ជំនួបដំបូងនេះ។ 
  


ក្រុមព័រទុយហ្កាល់ ដែលកំពុងមានសមត្ថភាពជាក្រុមយ៉ាងល្អ ត្រូវបានគេគិតថាជាក្រុមដែលមានភាគរយខ្ពស់មួយនឹងឈ្នះពានលើកនេះ ដោយពួកគេឈានជើងមកកាន់ការប្រកួតជាក្រុមដ៏ខ្លាំងបំផុតមួយ មិនដែលចាញ់មួយលើកតាំងពីវគ្គជម្រុះមក។ ចំណែកសាធារណរដ្ឋឆែក វិញ ហាក់បីមិនមែនជាដៃគូតទល់ព័រទុយហ្កាល់ សម្រាប់ការប្រកួតលើកនេះឡើយ បើទោះជាពីមុនមកពួកគេធ្លាប់បានបង្កើតភាពអស្ចារ្យជាច្រើនក៏ដោយក្តី។
 
ព័រទុយហ្កាល់ ធ្លាប់មានកំណត់ត្រាល្អៗជាច្រើនទល់នឹងសាធារណរដ្ឋឆែក ដោយការជួបគ្នា ៥លើក ពួកគេយកឈ្នះបាន ៤លើករួចទៅហើយ ដោយឆែកបានត្រឹមឈ្នះតែមួយលើកមកវិញប៉ុណ្ណោះ។ ការជួបគ្នាលើកចុងក្រោយ ក្នុងពានរង្វាន់ UEFA Nations League សាធារណរដ្ឋឆែក បានចាញ់ក្រោមថ្វីជើងព័រទុយហ្កាល់លទ្ធផល ៤-០។
 
សម្រាប់ការប្រកួតនេះ ព័រទុយហ្កាល់ឆ្លងកាត់ការប្រកួតជម្រុះ Euro កន្លងមក គឺមិនដែលចាញ់ឡើយ ឬសូម្បីតែស្មើនៅការប្រកួតចំនួន ១០លើក របស់ពួកគេ ហើយពួកគេក៏រកបានគ្រាប់បាល់សរុប ៣៦គ្រាប់ រាល់ការប្រកួតទាំងនេះ ច្រើនជាងក្រុមដទៃផ្សេងស្ថិតក្នុងការប្រកួតពានលំដាប់ទ្វីបអឺរ៉ុបមួយនេះ៕

Tag:
 Euro 2024
  ព័រទុយហ្កាល់
© រក្សាសិទ្ធិដោយ thmeythmey.com