RFI
អន្តរជាតិ
នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោលខុទ្ទកាល័យសង្រ្គាម 18, Jun 2024 , 7:39 pm
![នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោលខុទ្ទកាល័យសង្រ្គាមដែលបង្កើតឡើងដើម្បីឆ្លើយតបនឹងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស AFP - -](https://image.thmeythmey.com/pictures/2024/06/18/thumb2/download.jpg)
នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោលខុទ្ទកាល័យសង្រ្គាមដែលបង្កើតឡើងដើម្បីឆ្លើយតបនឹងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស AFP - -
×![]()
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
បន្ទាប់ពីរង្គោះរង្គើដោយសារការដើរចេញរបស់ប្រមុខបក្សប្រឆាំង កាលពីសប្តាហ៍មុន ខុទ្ទកាល័យសង្រ្គាមដែលត្រូវបានបង្កើតឡើងដើម្បីចាត់ចែងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា ត្រូវប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូប្រកាសរំលាយចោល កាលពីថ្ងៃចន្ទទី ១៧មិថុនា។ យោងតាមអ្នកទទួលខុសត្រូវអ៊ីស្រាអែល ដែលដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបរទេស លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបង្រួមខុទ្ទកាល័យសង្រ្គាម មកនៅត្រឹមខុទ្ទកាល័យសន្តិសុខ ដែលមានការចូលរួមរបស់រដ្ឋមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល២រូបដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។
រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បានធ្វើការប្រកាសជាផ្លូវការ។ ប៉ុន្តែ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកអ៊ីស្រាអែល និងមន្រ្តីជាន់ខ្ពស់ដែលដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបរទេស នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូបានសម្រេចរំលាយចោលខុទ្ទកាល័យសង្រ្គាម មុនកាលកំណត់។
បើតាមអ្នកទទួលខុសត្រូវអ៊ីស្រាអែលដែលសុំមិនបញ្ចេញឈ្មោះ លោកនេតាន់យ៉ាហ៊ូបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ខុទ្ទកាល័យសង្រ្គាមត្រូវបានបង្កើតឡើង ទៅតាមការទាមទារ ចង់បានរបស់លោកបេនី ហ្កង់ ប្រមុខបក្សប្រឆាំង។ ដូច្នេះ បើលោកបេនី ហ្កង់សម្រេចចិត្តដើរចេញទៅហើយ គ្មានហេតុផលអ្វីដែលគេត្រូវបន្តទុកខុទ្ទកាល័យសង្រ្គាមតទៅទៀតនោះទេ។
បង្កើតឡើង កាលពីថ្ងៃទី ១១តុលាឆ្នាំ ២០២៣ ប៉ុន្មានថ្ងៃក្រោយការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាសនៅទឹកដីអ៊ីស្រាអែល ខុទ្ទកាល័យសង្រ្គាមមានការចូលរួមពីមនុស្សសំខាន់៦រូប ដែលនៅក្នុងនោះមាន៣រូបដែលអាចសម្រេចចិត្ត ដូចជាលោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ រដ្ឋមន្រ្តីការពារជាតិ និងលោកបេនី ហ្កង់ ចំណែក៣រូបទៀត មានសិទ្ធិត្រឹមសង្កេតការណ៍ ដូចជារដ្ឋមន្រ្តីការបរទេស អតីតប្រធានសេនាធិការកងទ័ព និងប្រធានបក្សស្តាំនិយមជ្រុលដែលជាសម្ព័ន្ធមិត្តរបស់លោកនាយករដ្ឋមន្រ្តី។ ដោយមានការចូលរួមពីលោកបេនី ហ្កង់ ដែលជាប្រធានបក្សប្រឆាំងដ៏ល្បីឈ្មោះនៅអ៊ីស្រាអែល ខុទ្ទកាល័យសង្រ្គាមត្រូវបានគេមើលឃើញថា ជាការរួបរួមកម្លាំងពីគ្រប់និន្នាការនយោបាយនៅអ៊ីស្រាអែល ដើម្បីប្រឆាំងក្រុមហាម៉ាស។ ប៉ុន្តែ ខុទ្ទកាល័យសង្រ្គាម ដែលមានសិទ្ធិអំណាចសម្រេចចិត្តក្នុងយុទ្ធសាស្រ្តកងទ័ពនៅហ្កាហ្សា ដោយមិនចាំបាច់ត្រូវការសុំភ្លើងខៀវពីសភា ត្រូវបាននាយករដ្ឋមន្រ្តីប្រកាសរំលាយចោល នៅមុនចប់សង្រ្គាមហ្កាហ្សាទៅទៀត ដោយសារតែ ការដើរចេញរបស់មន្រ្តីជាន់ខ្ពស់របស់បក្សប្រឆាំង គឺលោកបេនី ហ្កង់ និងលោកហ្កាឌី អាញសិនកុត ដែលបានរិះគន់នាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូថា គ្មានផែនការច្បាស់លាស់នៅក្រោយចប់សង្រ្គាមហ្កាហ្សា។
បើតាមអ្នកវិភាគ ដោយរំលាយចោលខុទ្ទកាល័យសង្រ្គាម លោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ ទំនងបិទផ្លូវមិនចង់ឲ្យថ្នាក់ដឹកនាំរបស់បក្សស្តាំនិយមជ្រុលចូលរួមនៅក្នុងការសម្រេចចិត្តរបស់ខុទ្ទកាល័យសង្រ្គាម ព្រោះថា រដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ មកពីបក្សស្តាំនិយមជ្រុលដែលជាសម្ព័ន្ធមិត្តរបស់លោកធ្លាប់បានទាមទារចង់ចូលអង្គុយនៅលើកៅអីទំនេរ ក្នុងខុទ្ទកាល័យសង្រ្គាម ក្រោយការចាកចេញរបស់បេនី ហ្កង់។ ទោះត្រូវការគណបក្សស្តាំនិយមជ្រុលក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ លោកនេតាន់យ៉ាហ៊ូប្រាកដជាមិនចង់ឲ្យក្រុមមួយនេះចូលរួមផ្តល់យោបល់ច្រើនដែរ ព្រោះថា មហិច្ឆតាចង់ពង្រីកអាណានិគមកិច្ចអ៊ីស្រាអែលនៅទឹកដីប៉ាឡេស្ទីនរបស់ក្រុមស្តាំនិយមជ្រុលអ៊ីស្រាអែល នឹងអាចធ្វើឲ្យរដ្ឋាភិបាលរបស់លោកកាន់តែរងការដាក់សម្ពាធ រិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសសម្ព័ន្ធមិត្តអាមេរិក។
ម្យ៉ាង ដោយរំលាយចោលខុទ្ទកាល័យសង្រ្គាម និងបង្កើតខុទ្ទកាល័យសន្តិសុខជំនួសវិញ លោកនេតាន់យ៉ាហ៊ូ ទំនងចង់បង្រួមចំនួនអ្នកចូលរួមនៅក្នុងការសម្រេចចិត្តកងទ័ព ឲ្យបានតិចបំផុតនៅក្នុងខុទ្ទកាល័យសន្តិសុខ ដែលលោកជាអ្នកដឹកនាំ សម្រេចចិត្តដោយមានការផ្តល់ប្រឹក្សាយោបល់ពីរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសតែប៉ុណ្ណោះ។ វាអាចជាការចង់បានរបស់លោកនេតាន់យ៉ាហ៊ូ ដែលចង់ក្រសោបគ្រប់គ្រងកងទ័ពអ៊ីស្រាអែល ដែលហាក់លែងស្តាប់បង្គាប់របស់រដ្ឋាភិបាល។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters លោកនាយករដ្ឋមន្រ្តីមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដំណឹងថា កងទ័ពអ៊ីស្រាអែលបានសម្រេចកាលពីថ្ងៃអាទិត្យ ផ្អាកប្រតិបត្តិការសឹកពេលថ្ងៃ ដើម្បីបើកផ្លូវឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។
គេវាយតម្លៃថា ការសម្រេចចិត្តរបស់កងទ័ពអ៊ីស្រាអែលក្នុងការផ្អាកប្រតិបត្តិការនៅពេលថ្ងៃនៅហ្កាហ្សា អាចជាការឆ្លើយតបរបស់ថ្នាក់ដឹកនាំយោធាអ៊ីស្រាអែលទៅនឹងការចង់បានរបស់អាមេរិក ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំរបស់អ៊ីស្រាអែល ហើយក៏ជាអ្នកជំរុញឲ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា។ នៅក្រោយការរំលាយចោលខុទ្ទកាល័យសង្រ្គាម តើសង្រ្គាមហ្កាហ្សានឹងប្រែប្រួលយ៉ាងណា? គេអាចដឹងច្បាស់ នៅពេលរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល ធ្វើដំណើរទៅជួបសមភាគីអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com