ជាតិ
សង្គមជាតិ
ព្រឹទ្ធសភាថៃ បានអនុម័តសេចក្តីព្រាងច្បាប់គាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា​
18, Jun 2024 , 8:59 pm        
រូបភាព
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅថៃ ។ រូបភាព ៖ AFP
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅថៃ ។ រូបភាព ៖ AFP
ព្រឹទ្ធសភាថៃនៅថ្ងៃទី១៨ ខែមិថុនា បានអនុម័តជាផ្លូវការនៃសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលស្គាល់ជាទូទៅជាច្បាប់គាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា។ ថៃនឹងក្លាយជាទឹកដីទីបីនៅអាស៊ី ដែលទទួលស្គាល់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា បន្ទាប់ពីនេប៉ាល់ និងដែនកោះតៃវ៉ាន់។
 
ក្រោយពីតាក់តែងអស់មួយទសវត្សន៍ សេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានគាំទ្រដោយសមាជិកសភាថៃស្ទើរតែទាំងអស់ ហើយនឹងត្រូវបញ្ជូនទៅព្រះបរមរាជវាំង ដើម្បីសុំការយល់ព្រមពីព្រះមហាក្សត្រ។ ច្បាប់​នេះ ​នឹង​ចូល​ជា​ធរមាន​រយៈពេល ​១២០​ថ្ងៃ​ បន្ទាប់​ពី​​ព្រះមហាក្សត្រថៃឡាយព្រះហត្ថលេខា។ 
 
ក្រោយ​ច្បាប់នេះចូលជាធរមាន បុគ្គលដែលស្រលាញ់ភេទដូចគ្នា នឹងមានចំណងផ្លូវច្បាប់ពេញលេញ ដូចបុរស និងស្រ្តីដែរ ពោលគឺអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន (អេតាស៊ីវិល)។
 
ថៃ ​ជា​កន្លែង​ទាក់ទាញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​យូរ​មក​ហើយ​ ជាមួយ​នឹងការបង្ហាញពីសង្គម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​រស់រវើក​ សម្រាប់​អ្នក​ក្នុង​ស្រុក និង​ជាគោលដៅទាក់ទាញ​ជនបរទេស ដ៏មានប្រជាប្រិយភាព។  
 
គណៈកម្មការសង្គមស៊ីវិលនៃសមភាពអាពាហ៍ពិពាហ៍ សកម្មជន និងគូស្វាមីភរិយាក្រុមអ្នកស្រលាញ់ភេទដូចគ្នា បាននិយាយថា ការអនុម័តច្បាប់នេះ នឹងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ថៃនៅក្នុងតំបន់ សម្រាប់ការលើកកម្ពស់សិទ្ធិមនុស្ស និងសមភាពយេនឌ័រ។ នេះបើតាមសារព័ត៌មាន Reuters។ 
 
នៅដើមខែមិថុនា អ្នកស្រលាញ់ភេទដូចគ្នា និងសកម្មជនរាប់ពាន់នាក់ បានប្រារព្ធពិធីដង្ហែក្បួនតាមដងផ្លូវ ក្នុងទីក្រុងបាងកក ហើយត្រូវបានចូលរួមដោយនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដោយបានពាក់អាវឥន្ទធនូ ដើម្បីអបអរខែមោទកភាព ចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា៕
 

Tag:
 ថៃ
  ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com