កីឡាអន្តរជាតិ
អន្តរជាតិ
តើ Ronaldo អាចប្រជែងឈ្នះពានទ្វីបអឺរ៉ុប ជាលើកទី២មុនចូលនិវត្តន៍?
18, Jun 2024 , 9:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ដែលជាការបង្ហាញខ្លួនលើកទី៦ និងទំនងជាលើកចុងក្រោយសម្រាប់អាជីពរបស់ខ្សែប្រយុទ្ធវ័យចំណាស់មួយនេះ ខណៈដែលការចូលនិវត្តន៍ពីការប្រកួតអន្តរជាតិឱ្យក្រុមជម្រើសជាតិ ហាក់បីខិតកាន់តែជិត។ Ronaldo សម្លឹងមើលឱកាសឈ្នះពាន Euro សារជាថ្មី បន្ទាប់ពីខកចិត្តកាលពីការប្រកួត World Cup 2022 នៅប្រទេសកាតា។


ក្រុមជម្រើសជាតិព័រទុយហ្កាល់ធ្វើដំណើរមកកាន់ការប្រកួតព្រឹត្តិការណ៍ Euro 2024 ក្នុងនាមជាក្រុមខ្លាំងមួយក្នុងតំបន់អឺរ៉ុប ដោយពួកគេឆ្លងកាត់ការប្រកួតជម្រុះនានា រួមទាំងមិត្តភាពអន្តរជាតិផ្សេងៗ មិនដែលចាញ់នៅឡើយសូម្បីមួយប្រកួត ហើយការឡើងមកជុំចុងក្រោយព្រឹត្តិការណ៍ក្នុងទឹកដីអាល្លឺម៉ង់ ក៏ក្នុងនាមជាក្រុមខ្លាំងក្នុងពូលថែមទៀត។ ព័រទុយហ្កាល់មានលទ្ធផលល្អខ្លាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roberto Martinez អតីតគ្រូបង្វឹកក្រុមបែលហ្ស៊ិក។
 
បរាជ័យក្រោមថ្វីជើងម៉ារ៉ុក នៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងប្រទេសកាតា Ronaldo ជឿជាក់ថាទិដ្ឋភាពទាំងនោះ ដែលបង្ហាញការពិតគ្រប់យ៉ាងលាយឡំការឈឺចាប់ ភាពមិនច្បាស់លាស់និងការងារ នឹងក្លាយជារឿងដែលជំរុញការខំប្រឹងកាន់តែខ្លាំងទៅកាន់រូបគេ សម្រាប់ដំណើរផ្លូវប្រជែងពានក្នុងប្រទេសអាល្លឺម៉ង់។ 
 
ចាប់តាំងពីជួបរឿងខកចិត្តខ្លាំងនៅកាតា បានធ្វើឱ្យអនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ស្ថិតក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ក្នុងការបន្តប្រជែងឱ្យក្រុមជម្រើសជាតិ។ យ៉ាងណាការខិតខំប្រឹងប្រែងស្ថិតនៅក្នុងក្លិប ពីការបង្ហាញសមត្ថភាពនៃការស៊ុតរកគ្រាប់បាល់បានជាច្រើនលើក បានជួយដល់តារាបាល់ទាត់លំដាប់ពិភពលោក បន្តវិលត្រឡប់ចូលការប្រកួតអន្តរជាតិជាមួយព័រទុយហ្កាល់ជាថ្មី។
  


ពិតណាស់ ព័រទុយហ្កាល់ នឹងចាប់ផ្តើមការប្រកួតវគ្គចែកពូលរបស់ខ្លួន ទល់នឹងក្រុមសាធារណរដ្ឋឆែក នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ជំនួបពូល H ខ្សែប្រយុទ្ធម្ចាស់ Ballon d’Or ៥សម័យ មិនត្រឹមតែមានឈ្មោះស្ថិតក្នុងក្រុមឡើយ តែរូបគេក៏នឹងមានវត្តមានជាប្រធានក្រុម ក្នុងជម្រើស ១១នាក់ដំបូងថែមទាំងនៅការប្រកួតនោះ។ Ronaldo ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការប្រកួត ក្នុងនាមជាកីឡាករតំបន់ប្រយុទ្ធដ៏មុតស្រួច ក្នុងក្រុមដែលកំពុងតែមានសមត្ថភាព និងបច្ចេកទេសដ៏ពូកែ សម្រាប់ការប្រកួតក្នុងទឹកដីអាល្លឺម៉ង់ លើកនេះ។ 
 
តារាបាល់ទាត់វ័យ ៣៩ឆ្នាំ ក៏ចិញ្ចឹមចិត្តក្នុងការបំបែកកំណត់ត្រាជាច្រើនបន្តទៀតក្នុងការប្រកួតពានរង្វាន់អន្តរជាតិ ជាមួយជម្រើសជាតិរបស់គេ។ ការប្រកួតប្រជែង Euro 2024 មិនមែនត្រឹមតែជាការបង្ហាញខ្លួនលេងដ៏រីករាយរបស់ Ronaldo  តែមួយមុខនោះឡើយ តែក៏ជាបេសកកម្មដ៏សំខាន់មួយចុងក្រោយរបស់គេផងដែរ ហើយរូបគេក៏បានចាត់ទុកថា ជារឿងដែលរូបគេនឹងត្រូវសើចរីករាយចុងក្រោយ ក្នុងប្រទេសអាល្លឺម៉ង់ដូចគ្នា ជាមួយនឹងការប្រជែងឱ្យឈ្នះពានទ្វីបអឺរ៉ុបជាថ្មី។
 
ក្តីស្រមៃបានរលាយបាត់នៅ World Cup 2022

ទឹកភ្នែកចាប់ផ្តើមស្រក់ចេញ ក្រោយពេលព័រទុយហ្កាល់ធ្លាក់ចេញពីការប្រកួត ក្រោយពេលត្រូវបានម៉ារ៉ុកទម្លាក់ក្នុងវគ្គ ៨ក្រុម ចុងក្រោយ លទ្ធផល ១-០ ស្ថិតក្នុងទីក្រុងដូហារ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២។ Ronaldo រងការឈឺចាប់ផ្តើម ដោយពិបាកទទួលយកលទ្ធផលពីការប្រកួតរបស់ក្រុម នឹងមិនអាចទប់អារម្មណ៍បានចំពោះមុខអ្នកគាំទ្រ។ តាំងពីពេលនោះមក Ronaldo កាន់តែស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងការបន្តអាជីពឱ្យជម្រើសជាតិ បានជាប់លាប់ដូចកាលពីមុន។
  


បន្ទាប់ពីពឹងផ្អែកទៅលើ Ronaldo ជាកម្លាំងដ៏សំខាន់អស់រយៈពេល ២ សតវត្សរ៍កន្លងមក ព័រទុយហ្កាល់បានយល់ស្របថាក្រុមត្រូវការបន្តដំណើរទៅមុខបន្តទៀត។ យ៉ាងណាមកដល់ពេលនេះ ក្រុមជម្រើសជាតិព័រទុយហ្កាល់ ហាក់បីជាមិនសូវពឹងផ្អែកខ្លាំងទៅលើ Ronaldo ដូចកាលពីមុនឡើយ។
 
ព័រទុយហ្កាល់ធ្វើបានល្អ ពេលគ្មាន Ronaldo ខណៈគ្រូបង្វឹកក៏ចង់បានវត្តមានប្រធានក្រុមឆ្នើម

ក្រុមជម្រើសជាតិព័រទុយហ្កាល់ រយៈកាលចុងក្រោយ ពួកគេបានបង្ហាញទម្រង់លេងកាន់តែល្អខ្លាំង នៅពេលដោយគ្មានវត្តមានរបស់ Ronaldo។ ចាប់តាំងពីលោក Roberto Martinez ចូលមកដឹកនាំក្រុម គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ បានកែប្រែប្រព័ន្ធលេងរបស់ក្រុមម្ចាស់ពាន Euro 2016 យ៉ាងខ្លាំង។ ទោះក្រុមប្រើប្រាស់កីឡាករជើងចាស់ លាយឡំនឹងកីឡាករយុវជនវ័យក្មេងជំនាន់ថ្មី កំពុងកើនសមត្ថភាពខ្លាំង ហើយ Ronaldo មានត្រឹមតែឈ្មោះជាមួយនឹងជម្រើសជាតិយ៉ាងណាក្តី ក៏ក្រុមតែងរកបានជ័យជម្នះជាប់ជានិច្ច។
 
ទោះមិនសូវជាបានលេងរាល់ការប្រកួត Ronaldo ក៏មិនចាកចេញពីជម្រើសជាតិ ខណៈដែលលោក Martinez អ្នកស្នងតំណែងលោក Santos ក៏មិនចង់ឱ្យខ្សែប្រយុទ្ធវ័យចំណាស់ចាកចេញពីក្រុមដូចគ្នា។ លោក Martinez ផ្តល់ឱកាសជាច្រើនសម្រាប់ Ronaldo ទោះរូបគេបានផ្លាស់ទៅប្រកបអាជីពនៅលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។
  


ចាប់តាំងពីលោក Martinez ចូលដឹកនាំក្រុម អតីតកីឡាករក្រុម Real Madrid ក៏ធ្លាប់បានអះអាងថារូបគេមិនទាន់ត្រៀមរួចរាល់ក្នុងការចាកចេញ ហើយអះអាងថាចង់ក្លាយជាផ្នែកដ៏សំខាន់មួយ នៃការផ្លាស់ប្តូររបស់ក្រុមព័រទុយហ្កាល់​ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។ លោក Martinez ក៏បានបញ្ជាក់ដែរថា ប្រធានក្រុមមានសមត្ថភាពដូចជា Ronaldo ពិតជាស័ក្តិសមក្នុងការដឹកនាំក្រុមដ៏មានសមត្ថភាព ហើយក៏គួរតែប្រើប្រាស់កីឡាករមានសមត្ថភាពដូច Ronaldo ឱ្យមានប្រយោជន៍ ថែមទាំងជួយគេ ធ្វើបានកំណត់ត្រាបន្ថែមទៀតជាមួយជម្រើសជាតិ។
 
ព័រទុយហ្កាល់មានទម្រង់លេងល្អ! Ronaldo គោរពការសម្រេចចិត្តរបស់គ្រូបង្វឹក និងរីករាយចំពោះពេលវេលាដែលនៅសល់ក្នុងអាជីព

ប្រព័ន្ធលេងក្រុមព័រទុយហ្កាល់ មានភាពល្អប្រសើរឡើងខ្លាំង នៅគ្រប់តំបន់ទាំងការពារ បម្រើ និងប្រយុទ្ធ សុទ្ធសឹងតែជាកីឡាករលេងឱ្យក្លិបលំដាប់ៗ នឹងតែងឈ្នះពានជាច្រើន។ ប្រព័ន្ធខ្សែបម្រើកាន់តែធ្វើបានល្អ សម្រាប់បាល់បញ្ជូនបាល់ទៅតំបន់ប្រយុទ្ធ ហើយតំបន់ប្រយុទ្ធតែងបញ្ចប់ទីបានយ៉ាងល្អ រនាំងការពារក៏កាន់តែរឹងមាំ ផ្តល់គុណភាពដល់ទម្រង់លេងក្រុមកាន់តែខ្លាំង។​ ការបន្ថែមវត្តមាន Ronaldo ក៏ជាការបង្កើនកម្លាំងចិត្តដល់ក្រុមទាំងមូល ហើយសមាជិកក្នុងក្រុមក៏តែងបង្កើតឱកាសដល់ ខ្សែប្រយុទ្ធវ័យចាស់រកបានគ្រាប់បាល់។
  


បន្ទាប់ពីការប្រកួត World Cup 2022 បានបញ្ចប់ ភាគច្រើន Ronaldo ត្រូវបានគ្រូបង្វឹកសម្រេចចិត្តឱ្យរូបគេស្ថិតនៅក្នុងកៅអីបម្រុងជានិច្ច ព្រោះតែកាលនោះកីឡាករវ័យ ៣៩ឆ្នាំ បានធ្លាក់ទម្រង់លេង អំឡុងលេងឱ្យក្លិប Manchester United ជាលើកទីពីរ។ ប៉ុន្តែបន្ទាប់ពីទៅអារ៉ាប៊ីសាអូឌីត នឹងរកបានគ្រាប់បាល់លើស ៤០គ្រាប់ ទូទាំងរដូវកាល លោក Martinez ផ្តល់ការទុកចិត្តទៅលើ Ronaldo ព្រោះតែប្រធានក្រុមរូបនេះ មិនដែលផ្តល់បញ្ហាអ្វីដល់ការដឹកនាំរបស់គ្រូបង្វឹកថ្មីរូបនេះ។ Ronaldo ធ្លាប់បាននិយាយថារូបគេត្រៀមរួចរាល់ជួយដល់ប្រទេសជាតិ ថែមទាំងគោរពរាល់ការសម្រេចចិត្តរបស់គ្រូបង្វឹក។
 
ដោយឡែកកន្លងមក Ronaldo ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ថា រូបគេទំនងនឹងអាចចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្កាល់ ក្រោយពេលបញ្ចប់បេសកកម្ម Euro 2024។ ការលេងបាល់នៅក្នុងវ័យ ៣៩ឆ្នាំ Ronaldo បានចាត់ទុកថាជាពេលវេលា ដែលត្រូវរីករាយចំពោះការលេងនៅលើទីលាន ព្រោះតែវេលាកាន់តែខិតជិតមកដល់ សម្រាប់ការបញ្ចប់អាជីពរបស់គេក្នុងវិស័យបាល់ទាត់។ ការបង្ហាញខ្លួនក្នុងពាន Euro 2024 លើកនេះ នឹងមិនត្រឹមតែជាការចំណាយពេលរីករាយចុងក្រោយ ប៉ុណ្ណោះទេ ការប្រកួតលើកនេះ ក៏នឹងក្លាយជាដំណើរផ្លូវលើកចុងក្រោយក្នុងការស្វែងរកពានរង្វាន់ទ្វីបអឺរ៉ុប សារជាថ្មីរបស់ Cristiano Ronaldo៕
 

Tag:
 Cristiano Ronaldo
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com