អន្តរជាតិ
យោធាមីយ៉ាន់ម៉ាថា លោកស្រីស៊ូជីនៅតែមានសុខភាពល្អ ទោះជាប់ឃុំជាង ៣ឆ្នាំ
21, Jun 2024 , 8:29 pm        
រូបភាព
រូបថតលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានក្រុងអ្នកតវ៉ាមីយ៉ាន់ម៉ាលើក នៅក្នុងឆ្នាំ២០២៣។ រូបភាព AFP
រូបថតលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានក្រុងអ្នកតវ៉ាមីយ៉ាន់ម៉ាលើក នៅក្នុងឆ្នាំ២០២៣។ រូបភាព AFP
លោកស្រី អ៊ុងសាន ស៊ូជី ស្ថិតក្នុងសុខភាពល្អ។ អ្នកនាំពាក្យរបបសឹកយោធាមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ នៅថ្ងៃទី២០ ខែមិថុនា។ យ៉ាងណាមិញ របបសឹកយោធា មិនបានបញ្ជាក់ឡើយ ថាតើលោកស្រីស៊ូជី ជាប់ឃុំនៅទីណា ក្រោយឈប់ឃុំឃាំងនៅពន្ធនាគារ។
 
ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារជាច្រើនឆ្នាំ។ ជាង ៣ឆ្នាំមកហើយ មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ បន្តជាប់ឃុំ ហើយរូបរបស់លោកស្រី ត្រូវបានបញ្ចេញជាសាធារណៈតិចតួចប៉ុណ្ណោះ។ 
 
ពេលនេះ លោកស្រីស៊ូជី មានសុខភាព និងត្រូវបានឃុំខ្លួននៅកន្លែងដែលយោធា បានរៀបចំ ក្រោយលែងឃុំនៅពន្ធនាគារ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង។
 
«លោកស្រីស៊ូជី ស្ថិតក្នុងសុខភាពល្អ តាមខ្ញុំដឹង និងរស់នៅកន្លែងដែលយោធាមីយ៉ាន់ម៉ា បានរៀបចំនៅពេលកន្លងមក»។ អ្នកនាំពាក្យរបបសឹក លោក Zaw Min Tun បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ នៅថ្ងៃទី២០ ខែមិថុនា។ 
 
ការបញ្ជាក់របស់មន្រ្តីយោធាមីយ៉ាន់ម៉ាបែបនេះ កើតមានស្របពេលខួបកំណើតលោកស្រីស៊ូជី ចូលវ័យ ៧៩ឆ្នាំ។ មេដឹកនាំស៊ីវិលរូបនេះ កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥។
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោកស្រី ស៊ូជី មានអាការៈវិលមុខ ក្អួត និងមិនអាចបរិភោគអាហារបាន ដោយសារឈឺធ្មេញ ក្នុងអំឡុងសវនាការជាច្រើនខែកន្លងមក។ ចំណែក លោក Kim Aris ដែលជាកូនប្រុស បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងថ្ងៃទី១៩ ខែមិថុនា ថា លោកបារម្ភពីសុខភាពរបស់ម្តាយ ដោយសារវ័យចាស់ និងជំងឺប្រចាំកាយ។ 
 
កន្លងមក មេដឹកនាំបណ្តាប្រទេសជាច្រើន បានអំពាវនាវឱ្យដោះលែងលោកស្រីស៊ូជី ដោយគ្មានលក្ខខណ្ឌ។ មេដឹកនាំ មួយចំនួន ក៏បានស្នើយោធាមីយ៉ាន់ម៉ា ជួបលោកស្រីស៊ូជី ដោយផ្ទាល់ដែរ ប៉ុន្តែត្រូវបានបដិសេធ លើកលែងតែអតីតរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai ប៉ុណ្ណោះ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com