កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 ចំណាយប្រាក់រង្វាន់សរុប ៣៥៧លានដុល្លារ ដោយជើងឯកបាន ៣០,៤លានដុល្លារ
22, Jun 2024 , 10:19 pm        
រូបភាព
ម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រៀមទឹកប្រាក់ ៣៥៧លានដុល្លារ លើការចំណាយប្រាក់រង្វាន់ក្នុងការប្រកួតពានរង្វាន់ UEFA Euro 2024។ ប្រាក់រង្វាន់ម្រាប់ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ នេះ មិនខុសពីការប្រកួតកាលឆ្នាំ ២០២០ ឡើយ។
ពានរង្វាន់ Euro ត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងនាមជាការប្រកួតទីពីរលំដាប់ពិភពលោក ដែលមានតម្លៃប្រាក់រង្វាន់សរុបច្រើនជាងគេបង្អស់ បន្ទាប់ពីពានរង្វាន់ World Cup។ 
 
ប្រាក់រង្វាន់សរុប ៣៣៧លានដុល្លារ នឹងត្រូវបែងចែកសរុបសម្រាប់ក្រុមទាំង ២៤ ស្ថិតក្នុងការប្រកួតប្រជែង Euro 2024។ នៅរាល់ការប្រកួតនីមួយៗ សុទ្ធសឹងតែទទួលបានប្រាក់រង្វាន់ទៅតាមការប្រកួតឈ្នះ ស្មើ ព្រមទាំងការឆ្លងកាត់ទៅកាន់វគ្គបន្តបន្ទាប់។
 
ជាក់ស្តែង ក្រុមទាំង ២៤ ដែលឆ្លងកាត់មកដល់ជុំចុងក្រោយ ក្នុងការប្រកួតនៅប្រទេសអាល្លឺម៉ង់ ក្រុមនីមួយៗទទួលបានតម្លៃប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។ ក្រុមនីមួយៗឡើងដល់វគ្គចែកពូលទទួលបានប្រាក់ក្នុងដៃមួយក្រុម ១០លានដុល្លារ ប៉ុន្តែប្រាក់រង្វាន់ទាំងអស់នោះនឹងត្រូវផ្តល់ទៅកាន់កីឡាករដោយស្វ័យប្រវត្តិ។
 
ការប្រកួតក្នុងវគ្គចែកពូល ក្រុមនីមួយៗ នឹងទទួលបានប្រាក់រង្វាន់បន្ថែមទៀត ដោយការប្រកួតឈ្នះមួយលើក នឹងបានប្រាក់ ១លានអឺរ៉ូ (១,០៧លានដុល្លារ)។ ក្រុមដែលឈ្នះទាំង ៣ប្រកួត ក៏ត្រូវបានប្រាក់សរុប ៣,២១លានដុល្លារ ពីវគ្គចែកពូល ចំណែកក្រុមស្មើបានត្រឹម ៥០ម៉ឺនអឺរ៉ូ (៥៣ម៉ឺនដុល្លារ) ក្នុងមួយប្រកួត។
 
ឡើងវគ្គ ១៦ក្រុម ក្រុមនីមួយៗដែលឈ្នះនឹងទទួលបានប្រាក់ ១,៥លានអឺរ៉ូ (១,៦២លានដុល្លារ), វគ្គ ៨ក្រុមទទួលបានប្រាក់បន្ថែម ២,៥លានអឺរ៉ូ(២,៦៩លានដុល្លារ), វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ៤លានអឺរ៉ូ(៤,៣លានដុល្លារ)។ ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់បន្ថែម ៥លានអឺរ៉ូ (៥,៤លានដុល្លារ) ចំណែកម្ចាស់ជើងឯកទទួលបានពីការឈ្នះពានវគ្គផ្តាច់ព្រ័ត្រ ៨លានអឺរ៉ូ(៨,៦លានដុល្លារ)។
 
តាមរយៈការផ្តល់តម្លៃប្រាក់រង្វាន់នេះ ក្រុមជើងឯកត្រូវបានគេដឹងថា​នឹងទទួលបានប្រាក់រង្វាន់សរុបពីការប្រកួតចំនួន ២៨,២៥លានអឺរ៉ូ(៣០,៤៣លានដុល្លារ) ប្រសិនបើពួកគេប្រកួតមិនចាញ់សោះ៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com