កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ព័រទុយហ្កាល់កក់កៅអីវគ្គ ១៦ក្រុម ខណៈ Ronaldo បញ្ជូនបាល់ ១គ្រាប់ក្នុងការប្រកួត
23, Jun 2024 , 12:52 am        
រូបភាព
ក្រុមជើងខ្លាំងព័រទុយហ្កាល់ ជាក្រុមកក់កៅអីវគ្គ ១៦ក្រុម ថែមមួយទៀត នៅត្រឹមការប្រកួតវគ្គចែកពូលជុំទី២ បន្ទាប់ពីបំបាក់ក្រុមតួកគីក្នុងលទ្ធផល ៣-០ ក្នុងជំនួបពូល F រាត្រីថ្ងៃទី២២ ខែមិថុនា ក្នុងកីឡដ្ឋាន Iduna Park ប្រទេសអាល្លឺម៉ង់។ Bernardo Silva, Bruno Fernandes ស៊ុតម្នាក់ ១គ្រាប់ Cristiano Ronaldo បញ្ជូនបាល់ ១គ្រាប់ និងកីឡាករតួកគី បង្កកំហុសទាត់ចូលទីមួយគ្រាប់។
 
ស្ថិតក្នុងការប្រកួតវគ្គទីមួយ ព័រទុយហ្កាល់នៅតែធ្វើបានល្អខ្លាំងក្នុងការប្រកួតវគ្គចែកពូលរបស់ខ្លួន ដោយត្រឹមវគ្គទីមួយបញ្ចប់ការប្រកួតដោយលទ្ធផល ២-០ លើតួកគី។ ព័រទុយហ្កាល់សម្រុកខ្លាំងពីតំបន់ប្រយុទ្ធស្លាបរបស់កីឡាករ Rafael Leao បន្តទៅកាន់ Nuno Mendes បញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់មុខប្រអប់ទី ហើយ Bernardo Silva ជាអ្នកបញ្ចប់គ្រាប់ទី ១ បញ្ចូលទីនៅនាទី២១។
 
ក្រុមកីឡាករខ្សែការពារតួកគី ធ្វើឱ្យភ្លាត់ស្នៀតទាត់បាល់ចូលទីខ្លួនឯង ១គ្រាប់ នៅនាទី២៩ កើតចេញពីការមិនយល់ចិត្តគ្នារវាងខ្សែការពារ Samet Akaydin និងអ្នកចាំទី Altay Bayindir។
 
ចូលការប្រកួតវគ្គទីពីរ ព័រទុយហ្កាល់នៅតែធ្វើបានល្អខ្លាំងបន្តទៀត ដោយការសម្រុកសន្ធឹកសន្ធាប់លើតួកគី ទោះបីជាតួកគីប្រឹងប្រែងស្វែងរកគ្រាប់បាល់តាមស្មើមកវិញក៏ដោយក្តី។ យ៉ាងណា ការចុះបាល់កាត់យ៉ាងល្អពីមិត្តរួមក្រុមទៅកាន់ Cristiano Ronaldo បណ្តើរសំដៅសំណាញ់ទី ដោយមិនសម្រេចចិត្តស៊ុតខ្លួនឯង ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ប៉ះបាល់ឱ្យ Bruno Fernandes ជាអ្នកសម្រេចគ្រាប់ទី៣ នៅនាទី៥៦ ទៅវិញ។
 
លទ្ធផល ៣-០ របស់ព័រទុយហ្កាល់គ្របដណ្តប់លើតួកគី នៅបន្តរហូតដល់ចប់ការប្រកួត ព័រទុយហ្កាល់ កក់កៅអីវគ្គ ១៦ក្រុម ចេញពីវគ្គចែកពូល ខណៈសល់ការប្រកួត ១ចុងក្រោយ។ 
Cristiano Ronaldo បញ្ជូនបាល់ដល់ Bruno ស៊ុតគ្រាប់ទី៣ បានបង្ហាញខ្លួន ២ប្រកួត ក្នុងនាមជាប្រធានក្រុមព័រទុយហ្កាល់ រូបគេបានលេងការប្រកួតពេញវគ្គចំនួន ២លើក ដោយមិនត្រូវបានប្តូរចេញពីគ្រូបង្វឹកឡើយ ទោះគេមានវ័យ ៣៩ឆ្នាំ ក៏ដោយក្តី។ Bernardo Silva ដែលស៊ុតគ្រាប់ទី១ ក៏ជាគ្រាប់បាល់លើកដំបូងរបស់គេនៅព្រឹត្តិការណ៍ Euro ផងដែរ។
 
ព័រទុយហ្កាល់ក្រុមកំពូលតារាងពូល F មាន ៦ពិន្ទុ នឹងបន្តដំណើរទៅកាន់ការប្រកួតចុងក្រោយ ទល់នឹងក្រុមហ្ស៊កហ្ស៊ី ចំណែកក្រុមតួកកី នឹងបន្តទៅជួបក្រុមសាធារណរដ្ឋឆែក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com