ជាតិ
ក្រសួង ស្នើឱ្យតុលាការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ លើសំណុំរឿងលោក ស្រី ស៊ីណា ដើម្បីយុត្តិធម៌ជនរងគ្រោះ
23, Jun 2024 , 5:47 pm        
រូបភាព
ក្រសួងយុត្តិធម៌ ស្នើឱ្យតុលាការអនុវត្តច្បាប់យ៉ាងម៉ាត់ លើសំណុំរឿងលោក ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីបាញ់ប្រហារលើជនរងគ្រោះ៤នាក់ បណ្ដាឱ្យស្លាប់ និងរបួស។ ក្រសួង ក៏ស្នើឱ្យតុលាការសម្រេចទោសលើសំណុំរឿងទាំងពីរខាងលើនេះ មិនត្រូវស្រូបបញ្ចូលគ្នាឡើយ។
ក្រសួងយុត្តិធម៌ បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ «ត្រឹមត្រូវ» និង «ម៉ឺងម៉ាត់» នៅក្នុងករណីនេះ ជាពិសេសធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ។ ដោយឡែកអ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។
 
ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៅកម្ពុជា ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ មិថុនា ក៏បានស្នើឱ្យតុលាការសម្រេចទោសលើសំណុំរឿងទាំងពីរខាងលើនេះ ដោយមិនត្រូវស្រូបបញ្ចូលគ្នាឡើយ។ 
 
« អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានាដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
 
បើតាមអ្នកនាំពាក្យយុត្តិធម៌ ការចោទប្រកាន់ខាងលើនេះ ធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។ចំណែកសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន។
 
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ៖«ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
អ្នកនាំពាក្យយុត្តិធម៌ ចាត់ទុកករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ ។ «ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ»។ នេះបើតាមអ្នកនាំពាក្យ ដែលបានបន្ថែមថា ក្រសួងនឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានារកយុត្តិធម៌ជូនជនរងគ្រោះ។
 
ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព។ កាលពីថ្ងៃទី២២ ខែមិថុនា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ទី១ បទឃាតកម្ម តាមមាត្រា  ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ។ ទី២ បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និងទី៣ បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។ 
 
ជាមួយគ្នានេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ៕

Tag:
 ស្រី ស៊ីណា
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com