ជាតិ
រថភ្លើងទិញពីជប៉ុន១១គ្រឿង បានបញ្ចប់ការសាកល្បងដោយជោគជ័យ និងគ្រោងដំណើរការឆាប់ៗ
26, Jun 2024 , 8:59 pm        
រូបភាព
ការបើកសាកល្បងរថភ្លើង Kiha-183  នៅលើផ្លូវដែកកម្ពុជា។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ការបើកសាកល្បងរថភ្លើង Kiha-183 នៅលើផ្លូវដែកកម្ពុជា។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ រថភ្លើង Kiha-183 ចំនួន១១គ្រឿង ដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បញ្ជាទិញពីជប៉ុន បានបញ្ចប់ការបើកសាកល្បងលើផ្លូវដែកមួយចំនួនរបស់កម្ពុជាដោយជោគជ័យ មុននឹងសម្រេចដាក់ដំណើរការនាពេលឆាប់ៗនេះ។


បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន រថភ្លើងទាំង១១គ្រឿងនេះ ត្រូវបានគេកែសម្រួលលើប្រព័ន្ធជើងក្រោមដូចជា ប្រព័ន្ធហ្វ្រាំង និងពង្រួមទទឹងកង់ពី១០៦៧ មីលីម៉ែត្រ មក១០០០មិល្លីម៉ែត្រវិញ ដើម្បី ស្របតាមស្តង់ដារផ្លូវដែកកម្ពុជា។ ទន្ទឹមនេះ អ្នកបច្ចេកទេស ក៏កែទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខារ និងការងារផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ។ 
 
សូមជម្រាបថា រថភ្លើងល្បឿនលឿន Kiha-183 បានដាក់ឱ្យបើកសាកល្បងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនាមក នៅលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ និងភាគខាងជើង ភ្នំពេញ-ក្រុងប៉ោយប៉ែត។ ការបើកបរធ្វើតេស្តលើផ្លូវដែកភាគខាងត្បូង ក្នុងល្បឿនចន្លោះ៥០-៨០គីឡូម៉ែត្រក្នុង១ម៉ោង និងផ្លូវដែកភាគខាងជើង ចន្លោះពី៣០-៥០គីឡូម៉ែត្រក្នុង១ម៉ោង៕ 
 




Tag:
 Kiha-183
  ក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com