កីឡាអន្តរជាតិ
អន្តរជាតិ
រូម៉ានីឡើងវគ្គខ្វែងលើកទី២ បែលហ្ស៊ិកទៅប៉ះបារាំង ឯស្លូវ៉ាគី លេខ៣ ល្អ អ៊ុយក្រែនហាលអាវ
27, Jun 2024 , 12:49 am        
រូបភាព
ជំនួបពូល E ពានរង្វាន់ UEFA Euro 2024 បានបញ្ចប់ការប្រកួតទាំងស្រុង ដោយការប្រកួត ២លើកចុងក្រោយ បញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នាទាំង ២គូ។ រូម៉ានី បំបែកកំណត់ត្រាជាឈរកំពូលតារាងវគ្គចែកពូលលើកដំបូងក្នុងប្រវត្តិសាស្ត្របានរង្វាន់ទ្វីបអឺរ៉ុប នឹងឡើងវគ្គខ្វែងជាលើកទី២ ខណៈបែលហ្ស៊ិកកាន់តែតានតឹង ជាក្រុមលេខ២ ទៅប៉ះបារាំង វគ្គជម្រុះ ឯស្លូវ៉ាគី កាន់តំណែងក្រុមលេខ ៣ ល្អ ហើយអ៊ុយក្រែនហាលអាវនៅត្រឹមការប្រកួតចុងក្រោយ។
 
ជំនួបស្លូវ៉ាគី ជាមួយរូម៉ានី ជាជំនួបដ៏ជក់ចិត្តបំផុតមួយនៅការប្រកួតក្នុងពូល E ដោយក្រុមទាំងសងខាងមានការសម្រុកគ្នាទៅវិញទៅមកដើម្បីរកគ្រាប់បាល់។ ស្លូវ៉ាគី មានឱកាសល្អដោយរកបានគ្រាប់បាល់បើកឆាកមុននៅនាទី២៤ ធ្វើបានដោយការតែតបញ្ចូលរបស់កីឡាករ Ondrej Duda។ ប៉ុន្តែរូម៉ានី ក៏មិនឱ្យស្លូវ៉ាគី នាំមុខដោយងាយស្រួលឡើយ ដោយពួកគេក៏ព្យាយាមវាយបកមកវិញ ហើយអាចតាមរកបានលទ្ធផលស្មើ ១-១ មកវិញ ដោយកីឡាករ Razvan Marin នៅនាទី៣៧។
 
យ៉ាងណានៅវគ្គទីពីរ លទ្ធផល ១-១ រវាងស្លូវ៉ាគី និងរូម៉ានី នៅតែរក្សាដដែល ទោះក្រុមទាំងសងខាងតែងព្យាយាមបង្កើតឱកាសនៅពេលសម្រុករៀងៗខ្លួនក៏ដោយក្តី។ បញ្ចប់ការប្រកួតពេញ ៩០នាទី ទាំងស្លូវ៉ាគី និងរូម៉ានី បានត្រឹមបញ្ចប់ក្នុងលទ្ធផលស្មើ ប៉ុន្តែក្រុមទាំងពីរ ក៏ត្រូវឡើងទៅវគ្គជម្រុះ ១៦ក្រុមបន្ត។
 
រូម៉ានី បំបែកកំណត់ត្រាជាក្រុមកំពូលតារាងលើកដំបូង នៅការបង្ហាញខ្លួនលើកទី៦ ព្រឹត្តិការណ៍ Euro និងជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ដែលឡើងដល់វគ្គខ្វែង។ ចំណែកស្លូវ៉ាគី ឈរក្នុងនាមជាក្រុមលេខ ៣ ល្អ មាន ៤ពិន្ទុ ភាគរយខ្ពស់ទៅវគ្គខ្វែង។
 
ជំនួបក្នុងពូល E ដូចគ្នានេះ អ៊ុយក្រែន និងបែលហ្ស៊ិក ជាការប្រកួតគ្មានការស៊ុតបញ្ចូលទីគ្នា នៅក្នុងវគ្គទីមួយ ដោយក្រុមទាំងពីរនេះ ហាក់បីជាមានទម្រង់លេងប្រយ័ត្នខ្លាំងរៀងៗខ្លួន។ បែលហ្ស៊ិក ជាក្រុមគ្រប់គ្រងគ្រាប់បាល់ខ្លាំងក្នុងការប្រកួត ប៉ុន្តែពួកគេនៅការប្រកួតនេះ ហាក់បីជាពិបាកបំពេញការងារឱ្យបានល្អនៅតំបន់ប្រយុទ្ធ ព្រោះតែការបញ្ជូនបាល់ពីខ្សែបម្រើទៅកាន់តំបន់ខាងលើ ហាក់គ្មានភាពសហការគ្នា។
 
ចូលវគ្គទី២ បែលហ្ស៊ិកក៏នៅតែគ្មានសំណាង ទោះខ្លួនព្យាយាមសម្រុកបង្កើតឱកាសច្រើនយ៉ាងណាក្តី ចំណែកអ៊ុយក្រែន ក៏លេងដោយមិនហ៊ានធ្វេរប្រហែស ឱ្យរបូតគ្រាប់ទៅលើបែលហ្ស៊ិក ខណៈពួកគេក៏រំពឹងទៅលើជំនួបរវាង ស្លូវ៉ាគី និងរូម៉ានី មានលទ្ធផលប្រែប្រួល។ យ៉ាងណាការផ្ញើក្តីរំពឹងលើក្រុមដទៃ មិនមែនជារឿងដែលងាយស្រួល ឡើយ ទោះពួកគេរកបាន ១ពិន្ទុ បន្ថែម ប៉ុន្តែស្ថិតិការប្រកួតកន្លងមក អ៊ុយក្រែន ក៏ធ្វើបានល្អ ដោយត្រូវបានក្រុមដទៃស៊ុតបញ្ចូលទីច្រើនពេក ជាពិសេសកាលពីជំនួបបើកឆាកចាញ់រូម៉ានី ៣-០។ 
 
បញ្ចប់ការប្រកួត បែលហ្ស៊ិក បានត្រឹមតំណែងលេខ ២ ក្នុងពូល E ហើយក្រុមរហស្សនាមបិសាចក្រហមមួយនេះ ក៏នឹងត្រូវបន្តធ្វើការងារធ្ងន់ទៅជួបបារាំងនៅវគ្គ ១៦ក្រុម។ អ៊ុយក្រែនហាលអាវ នៅត្រឹមវគ្គចុងក្រោយ ទោះពួកគេខំប្រឹកឈ្នះការប្រកួតទី២ វគ្គចែកពូល៕
 
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com