កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រនៅតែចូលទីលានចង់ជួប Ronaldo ទោះ UEFA រឹតបន្តឹងសន្តិសុខ
28, Jun 2024 , 7:39 pm        
រូបភាព
ក្រោយការប្រកួតដែលក្រុមជម្រើសជាតិព័រទុយហ្កាល់ ចាញ់ក្រោមថ្វីជើងហ្ស៊កហ្ស៊ី លទ្ធផល ២-០ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេមើលឃើញថា បន្តរងការរំខានពីសំណាក់អ្នកគាំទ្រ ដែលចង់ជួប និងថតរូប ជាមួយ។ អំឡុងពេលដើរត្រឡប់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ ប្រធានក្រុមព័រទុយហ្កាល់ ត្រូវបានកងការពារសន្តិសុខការពារ និងរារាំងបំណងរបស់អ្នកគាំទ្រម្នាក់ដែល​បានលោតពីលើកីឡដ្ឋាន ដើម្បី​ជួបតារាបាល់ទាត់វ័យ ៣៩ឆ្នាំរូបនេះ។
តាមរយៈឃ្លីបវីដេអូបានបង្ហោះនៅលើបណ្តាញសង្គម អ្នកគាំទ្រក្រុមព័រទុយហ្កាល់ម្នាក់ បានព្យាយាមលោតចុះទៅក្រោមត្រង់ច្រកចេញចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន Gelsenkirchen នៅពេលឃើញ Ronaldo បានដើរទៅដល់។ កងការពារសន្តិសុខ ក៏ដូចជាក្រុមអង្គរក្សក្នុងកីឡដ្ឋាន បានរារាំងដំណើរ Ronaldo នៅពេលឃើញអ្នកគាំទ្ររូបនោះ បានលោតចុះមកសំដៅកីឡាករឆ្នើម។
 
ភ្លាមៗក្រោយឃើញអ្នកគាំទ្ររូបនោះ បានលោតចុះមកដល់ក្រោម ហើយត្រូវបានរារាំង តារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានបង្ហាញអាកប្បកិរិយាភ្ញាក់ផ្អើល និងស្រឡាំងកាំង មុនពេលបន្តដំណើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន។
  


កាលពីជំនួបរវាងព័រទុយហ្កាល់ យកឈ្នះលើតួកគី អ្នកគាំទ្រប្រមាណ ៦នាក់ បានរត់ចូលទីលានសំដៅជួប Ronaldo ដែលរឿងនេះ បានធ្វើឱ្យសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចាត់វិធានការរឹតបន្តឹងផ្នែកសន្តិសុខយ៉ាងខ្លាំង នៅរាល់កីឡដ្ឋាននីមួយៗ ដើម្បីកុំឱ្យមានការរំខានពីអ្នកគាំទ្ររត់ចូលទីលាន និងប៉ះពាល់ដល់កីឡាករ។ ប៉ុន្តែការរឹតបន្តឹងរបស់ UEFA ហាក់បីជារឿងពិបាកទប់ស្កាត់បានទាំងស្រុង ខណៈអ្នកគាំទ្រតែងព្យាយាមបំពេញបំណងខ្លួន និងតែងរកគ្រប់វិធីដើម្បីអាចឈានជើងទៅជិតតារាបាល់ទាត់ ដែលពួកគេចាត់ទុកជានិមិត្តរូប។
 
លើករណីនេះ គ្រូបង្វឹកក្រុមព័រទុយហ្កាល់លោក Roberto Martinez ក៏ធ្លាប់បានលើកឡើងរួចមកហើយថា ការរត់ចូលទីលានរបស់អ្នកគាំទ្រមិនមែនជាបញ្ហាធំទេ បើអ្នកគាំទ្រមានបំណងល្អ ប៉ុន្តែគ្រូបង្វឹករូបនោះក៏បានបង្ហាញក្តីបារម្ភពីសុវត្ថិភាពកីឡាករ ប្រសិនបើអ្នកគាំទ្រគ្មានបំណងល្អបានរត់ចូលទីលាន៕



Tag:
 Euro 2024
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com