អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ បៃឌិន តទល់នឹងលោក ត្រាំ ដោយផ្ទាល់មុនការបោះឆ្នោត
28, Jun 2024 , 8:59 pm        
រូបភាព
បេក្ខជន ដូណាល់ ត្រាំ (ឆ្វេង) និង ចូ បៃឌិន ។ រូបភាព ៖ AFP
បេក្ខជន ដូណាល់ ត្រាំ (ឆ្វេង) និង ចូ បៃឌិន ។ រូបភាព ៖ AFP
ជាលើកដំបូង បេក្ខជនប្រធានាធិបតីអាម៉េរិកទាំង២ បានជជែកដេញដោលទល់មុខគ្នា មុនការបោះឆ្នោតនាដើមខែវិច្ឆិកាឆ្នាំនេះ។ ប្រធានបទជជែកផ្តោតលើសំខាន់ៗលើសន្តិសុខព្រំដែន អន្តោប្រវេសន៍ គោលនយោបាយសេដ្ឋកិច្ច ការបរទេស ព្រមទាំងបញ្ហាអាយុ និងសុខភាព។
 
ការជជែកដេញដោលគ្នារវាងលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យ និងគូប្រជែងរបស់លោក ដូណាល់ ត្រាំ  ពីបក្សសាធារណរដ្ឋចាប់ផ្តើមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយទូទស្សន៍ CNN នៅស្ទូឌីយ៉ូទីក្រុង Atlanta រដ្ឋ Georgia ។
 
នេះជាលើកទីមួយ ដែលលោក បៃឌិន អាយុ៨១ឆ្នាំ និងលោក ត្រាំ អាយុ ៧៨ឆ្នាំបានជជែកទល់មុខគ្នាដោយផ្ទាល់ ក្នុងការប្រជែងតំណែងសេតវិមាននៅឆ្នាំនេះ។ ការពិភាក្សាបានចាប់ផ្តើម បេក្ខជនទាំងពីរមិនបានចាប់ដៃគ្នាទេ។ លើកចុងក្រោយដែលអ្នកទាំងពីរបានជួបគ្នា គឺអំឡុងការជជែកដេញដោលប្រធានាធិបតីឆ្នាំ ២០២០ ពេលនោះបេក្ខជនទាំងពីក៏មិនចាប់ដៃគ្នាដែរ ដោយសារបទបញ្ញត្តិជំងឺកូវីដ-១៩។
 
សំណួរដំបូងជុំវិញបញ្ហាសេដ្ឋកិច្ច លោក ត្រាំ បានអះអាងថា​ កំណើនការងារអំឡុងអណត្តិលោក បៃឌិន កាន់តំណែងសេតវិមាន ជាការកើនឡើងត្រឡប់វិញក្រោយការរាលដាលជំងឺកូវិដ-១៩។ ប៉ុន្តែការងារដែលទទួលបានមកវិញ មិននាំមកនូវតួនាទីដែលកាន់កាប់ពីមុននោះទេ។  បេក្ខជនទាំងពីរបានសង្កត់ធ្ងន់លើអតិផរណា ដោយលោក បៃឌិន បាននិយាយថា កំណើនសេដ្ឋកិច្ចដែលលោកទទួលមរតកបន្តពីអ្នកចាស់មួយផ្នែក។ ជាការឆ្លើយតប លោក ត្រាំ បាននិយាយថា លោក បៃឌិន បានទទួលមរតកស្ទើរតែគ្មានអតិផរណា។
 
ជុំវិញការំលូតកូន លោក ត្រាំ ថា លោកនឹងមិនរារាំងលទ្ធភាពទទួលបានថ្នាំរំលូតកូននោះទេ ដោយលោកបញ្ជាក់ឡើងវិញនូវជំហររបស់លោកថា បទប្បញ្ញត្តិនៃការរំលូតកូនគួរតែត្រូវបានសម្រេចដោយរដ្ឋនានា។ លោក បៃឌិន បានតបវិញថា ការរំលូតកូនតាមឆន្ទានុសិទ្ធិរបស់រដ្ឋ គឺដូចជាការទុកការការពារសិទ្ធិស៊ីវិលដល់រដ្ឋ។ 
 
ទាក់ទងអាយុរបស់បេក្ខជនទាំងពីរវិញ លោក បៃឌិន បានបញ្ជាក់​ថា គូ​ប្រជែង​របស់​លោក​មាន​អាយុ​តិច​ជាង​លោកតែពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ហើយលោក​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​បោះឆ្នោត​មើល​ស្នាដៃកន្លងមក។ លោក ត្រាំ បាន​ឆ្លើយ​តបដោយចង់សាកល្បងចំណេះដឹងជាមួយលោក បៃឌិន ។
 
ចំណែកសង្គ្រាមនៅកាហ្សាវិញ លោក ត្រាំ មិនបានឆ្លើយដោយផ្ទាល់ថាតើលោកនឹងគាំទ្ររដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសឬយ៉ាងណានោះទេ។ ទន្ទឹមនេះ លោក បៃឌិន បានលើកឡើងនូវសំណើដែលលោកបានគាំទ្រដល់ចំណាប់ខ្មាំងដែលត្រូវបានឃុំឃាំងនៅកាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការបន្តបទឈប់បាញ់ជាមួយនឹងលក្ខខណ្ឌបន្ថែម។
 
រីឯបញ្ហាអន្តោប្រវេសន៍នៅតាមព្រំដែន លោក បៃឌិន បានលើកឡើងពីកិច្ចព្រមព្រៀងព្រំដែនទ្វេភាគីដែលបានចរចា ប៉ុន្តែមិនត្រូវបានគាំទ្រដោយព្រឹទ្ធសភា។ លោក ត្រាំ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ជុំវិញពីកំហុស​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក បៃឌិន សម្រាប់​ការកើនឡើងឧក្រិដ្ឋកម្ម​ហិង្សា​នៅ​អាម៉េរិក។
 
សម្រាប់ករណីតុលាការនៅអាម៉េរិក លោក បៃឌិន បានលើកយកការកាត់ទោសបទឧក្រិដ្ឋព្រហ្មទណ្ឌរបស់លោក ត្រាំ ។ លោក បៃឌិន បាន​និយាយ​ទៅកាន់​លោក ត្រាំ ថា​៖ «​មនុស្ស​តែ​ម្នាក់​គត់​នៅ​លើ​ឆាក​នេះ ​​ជា​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​កាត់ទោស​គឺ​បុរស​នេះ​ដែល​ខ្ញុំ​កំពុង​សម្លឹង​មើល​ឥឡូវនេះ​»​។ 
 
ទាក់ទិនបញ្ហាសន្តិសុខសង្គម លោក បៃឌិន បាននិយាយថា លោកនឹងឱ្យអ្នកមានទ្រព្យសម្បត្តិច្រើន ចាប់ផ្តើមបង់ចំណែកសមរម្យណាមួយ ដើម្បីរក្សាលទ្ធភាពទូទាត់សន្តិសុខសង្គម។ លោក​ថា លោក​នឹង​មិន​ដំឡើង​ថ្លៃ​របប​សន្តិសុខ​សង្គម​សម្រាប់​អ្នក​ណា​ដែល​រក​បាន​​ចំណូលតិចជាង ៤០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឡើយ។
 
នៅចុងបញ្ចប់នៃការជជែកដេញដោល លោក ត្រាំ បានលើកនូវសមទ្ធផលរបស់លោកអំឡុងពេលកាន់តំណែងជាប្រធានាធិបតី ហើយបានហៅលោក បៃឌិន ថាជា អ្នកគិតតែតវ៉ា។ នៅចុងបញ្ចប់ លោក បៃឌិន បានផ្តោតលើពន្ធ និងសន្យាថានឹងកាត់បន្ថយអតិផរណា៕ 

Tag:
 អាម៉េរិក
  បោះឆ្នោត
  ចូ បៃឌិន
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com