កីឡាអន្តរជាតិ
អន្តរជាតិ
Messi ទំនងខកខានជួយអាហ្សង់ទីនក្នុងជំនួបចុងក្រោយវគ្គចែកពូល ​Copa America
28, Jun 2024 , 9:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi ទំនងអាចនឹងខកខានជួយអាហ្សង់ទីន ក្នុងការប្រកួតចុងក្រោយវគ្គចែកពូលទល់ក្រុមជម្រើសជាតិប៉េរូ ក្នុងព្រឹត្តិការណ៍ Copa America ដោយសារបញ្ហារបួស និងថែមទាំងបាត់មុខពីជំរំហ្វឹកហាត់។


តារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរងរបួសម្តងរួចមកហើយ នៅក្នុងការប្រកួតកាលជំនួបយកឈ្នះស៊ីលីកាលថ្ងៃទី២៥ ខែមិថុនា ជាមួយលទ្ធផល ១-០ ហើយរូបគេក៏ទទួលបានការព្យាបាលភ្លាមៗ ពេលបញ្ចប់វគ្គទីមួយនៅការប្រកួតនោះ។ ពេលនោះ Messi បានអះអាងថារូបគេមិនមានទំនុកចិត្តពេញលេញក្នុងការលេងឡើយ ព្រោះតែបញ្ហារបួសសាច់ដុំនៅជើងខាងស្តាំ ប៉ុន្តែគេនៅតែបន្តចូលលេងការប្រកួតនោះ និងបញ្ជូនបាល់ ១គ្រាប់ទៅកាន់ Lautaro Martinez តែតបញ្ចូលទី។
 
យ៉ាងណា ថ្ងៃទី២៧ ខែមិថុនា កីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ បានបន្តស្នាក់នៅសណ្ឋាគារបស់ក្រុមអាហ្សង់ទីន និងមិនបានធ្វើដំណើរជាមួយក្រុមទៅហ្វឹកហាត់ឡើយ ដែលស្ថិតក្នុងជំរុំហ្វឹកហាត់ សកលវិទ្យាល័យអន្តរជាតិ Florida។
 
ក្រោយចប់ការប្រកួត Messi ក៏ធ្លាប់បានអះអាងដែរថារូបគេមានបញ្ហារបួស និងមិនមានទំនុកចិត្តខ្ពស់ក្នុងការលេងឱ្យបានល្អឡើយ។ Messi បាននិយាយដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ថាមានបញ្ហាមិនស្រួលនៅសាច់ដុំខាងស្តាំរបស់ខ្ញុំតាំងពីចាប់ផ្តើមនៃការប្រកួត។ វាពិតជាត្រឹមត្រូវណាស់ ខណៈរឿងនេះមិនបង្កឱ្យកាន់តែខ្លាំងឡើង។ ប៉ុន្តែខ្ញុំនៅតែអាចបន្តការប្រកួតរហូតដល់ចប់ ហើយយើងនឹងតាមដានបន្តទៀតថាវានឹងទៅជាបែបណា។ នៅពេលចូលលេងដំបូង សាច់ដុំខ្ញុំចាប់ផ្តើមមានបញ្ហា ហើយខ្ញុំគ្មានអារម្មណ៍ឈឺចាប់ប៉ុន្មានឡើយ តែខ្ញុំពិបាកក្នុងការធ្វើចលនាផ្លាស់ទី ពេលជួបបញ្ហាបែបនេះ។»។
 
យ៉ាងណា​លោក Lionel Scaloni ក៏ធ្លាប់បានអះអាងក្នុងសន្និសីទកាសែត ក្រោយឈ្នះការប្រកួតទល់ស៊ីលីដែលថា ការប្រកួតចុងក្រោយរបស់អាហ្សង់ទីន លោកនឹងមានការផ្លាស់ប្តូរសមាសភាពជម្រើស ១១នាក់ មួយចំនួន ដើម្បីប្រកួតទល់ប៉េរូ។ លោក Scaloni អះអាងបន្ថែមថាលោក នឹងផ្តល់ឱកាសដល់ក្រុមកីឡាករយុវជនឱ្យចូលសាកល្បងសមត្ថភាពក្នុងការប្រកួតចុងក្រោយវគ្គចែកពូល។
 
បច្ចុប្បន្នអាហ្សង់ទីនជាក្រុមឈរកំពូលតារាងពូល A  ក្រោយពេលពួកគេបានយកឈ្នះការប្រកួត ២លើក ដោយឈ្នះកាណាដា ២-១ និងឈ្នះស៊ីលី ១-០។ ក្រុមការពារតំណែង Copa America មួយនេះក៏បានក្លាយជាក្រុមដំបូងគេដែលបានកក់កៅអីឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ផងដែរ៕
 

Tag:
 Lionel Messi
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com