RFI
អន្តរជាតិ
ប៉ាគីស្ថានអនុម័តច្បាប់ថវិកាថ្មី រឹតបន្តឹងចំណាយរដ្ឋនិងបង្កើនពន្ធ តាមការទាមទាររបស់ FMI
29, Jun 2024 , 1:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ស្ហេបា ស្ហារីស្វ បានប្រកាសពន្យល់ថា ចំពោះពលរដ្ឋណា ដែលជាប់ពន្ធហើយ នឹងត្រូវបង់ពន្ធច្រើនជាងមុន ហើយចំពោះអ្នកមិនជាប់ពន្ធ ឬលួចគេចពន្ធ គឺនឹងត្រូវជាប់ពន្ធ ជាពុំខាន។ via REUTERS - PRIME MINISTER
នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ស្ហេបា ស្ហារីស្វ បានប្រកាសពន្យល់ថា ចំពោះពលរដ្ឋណា ដែលជាប់ពន្ធហើយ នឹងត្រូវបង់ពន្ធច្រើនជាងមុន ហើយចំពោះអ្នកមិនជាប់ពន្ធ ឬលួចគេចពន្ធ គឺនឹងត្រូវជាប់ពន្ធ ជាពុំខាន។ via REUTERS - PRIME MINISTER'S HOUSE
ដោយ៖ ហេង ឧត្តម(RFI ខេមរភាសា)
 
ច្រើនឆ្នាំហើយ ប៉ាគីស្ថាន ជួបវិបត្តិសេដ្ឋកិច្ច និងជាប់ជំពាក់បំណុលបរទេសច្រើនឡើងៗ ស្ទើររើខ្លួនឯងរួច។ ទីបំផុតទៅ ប៉ាគីស្ថានបានសម្រេចអនុម័តច្បាប់កញ្ចប់ថវិកាជាតិ ដោយត្រូវកាត់បន្ថយចំណាយសាធារណៈ បន្ថយការឧបត្ថម្ភធនចំពោះប្រេងសាំង ហើយនិងរឹតបន្តឹងការទារពន្ធលើប្រាក់ចំណូល។ ការចេញវិធានការតឹងតែងទាំងនេះ ដើម្បីសម្របទៅតាមលក្ខខណ្ឌទាមទាររបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI។ រដ្ឋាភិបាលប៉ាគីស្ថានធ្វើដូច្នេះ ក៏ដើម្បីអាចទទួលបានកម្ចីឥណទានបន្ថែម។
 
ប៉ាគីស្ថាន មានបញ្ហានយោបាយនិងវិបត្តិសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ ហើយព្រោះតែចាត់ចែងគ្រប់សេដ្ឋកិច្ចហិរញ្ញវត្ថុមិនបានល្អ បានជំរុញឲ្យប្រទេសជាតិធ្លាក់ដល់មាត់ជ្រោះមរណៈ។ ស្ថានភាពកាន់តែធ្លាក់ដុនដាបខ្លាំងមែនទែន គឺព្រោះតែជំងឺរាតត្បាតកូវីដ១៩ ដែលកាន់តែមកសង្កត់កសេដ្ឋកិច្ចប៉ាគីស្ថាន ឲ្យងើបមុខលែងរួច។ ទុក្ខជាន់ទុក្ខ គ្រោះទឹកជំនន់ឆ្នាំ២០២២ បណ្តាលស្ទើរតែឲ្យ១ភាគ៣នៃផ្ទៃប្រទេស រងគ្រោះ និងជួបបញ្ហាថែមទៀត។
 
ដើម្បីជួយរំដោះប្រទេសពីស្ថានភាពលំបាក រដ្ឋអំណាចប៉ាគីស្ថាន គ្មានជម្រើសអ្វីផ្សេង ក្រៅពីខ្ចីបំណុលបរទេស ដើម្បីដោះទ័ល។ គ្រានេះ ជាលើកទី ២៤ ទៅហើយ ដែល ប៉ាគីស្ថាន បានខ្ចីឥណទានបន្ថែម ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI។ ជាលក្ខខណ្ឌថ្នូរ FMI បានទាមទារតម្រូវឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ត្រូវតែរឹតបន្តឹងការចំណាយសាធារណៈ ដូចត្រូវបន្ថយការឧបត្ថម្ភធនលើវិស័យថាមពលប្រេង ហើយនិងត្រូវខិតខំប្រមូលចំណូលពន្ធឲ្យបានម៉ឺងម៉ាត់។
 
អាស្រ័យហេតុនេះ ទើបក្នុងកញ្ចប់ថវិការដ្ឋឆ្នាំ២០២៤-២០២៥ ដែលមានចំនួនប្រមាណ ៦៨ ពាន់លានដុល្លារ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាត រំពឹងថា ៤៦ ពាន់លានដុល្លារ អាចនឹងត្រូវចាត់ចែង ឲ្យរកបានពីការប្រមូលពន្ធ។ ពោលគឺវិស័យពន្ធលើប្រាក់ចំណូល នឹងត្រូវកើនឡើង ៤០% ធៀបនឹងឆ្នាំទៅមិញ។
 
រដ្ឋអំណាចប៉ាគីស្ថាន បានចាត់វិធានការក្តៅ ចំពោះជនណាដែលមិនព្រមបង់ពន្ធ គឺត្រូវផ្តាច់ប្រព័ន្ធទាក់ទង សូម្បីតែទូរសព្ទក៏ហៅមិនចេញ ទាក់ទងគេឯងមិនបាន ហើយបុគ្គលនោះក៏មិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសដែរ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Mohammed Aurangzeb ដែលបានប្រកាសព្រមាន តាំងតែកាលពីដើមខែមិថុនា ដោយបន្ថែមទៀតថា ជនគ្រប់រូបត្រូវតែមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
 
បើតាមទិន្នន័យផ្លូវការ វិស័យកិច្ចការរកស៊ីធ្វើការក្រៅផ្លូវការ មិនជាប់ពន្ធ មានទំហំ៣ភាគ៤។ ពោលគឺក្នុងចំណោមប្រជាពលរដ្ឋប៉ាគីស្ថាន ២៤០ លាននាក់ មានតែ ៥,២ លាននាក់ប៉ុណ្ណោះ ដែលជាប់ពន្ធលើប្រាក់ចំណូល។ ដូច្នេះ ទើបក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ស្ហេបា ស្ហារីស្វ បានប្រកាសពន្យល់ថា ចំពោះពលរដ្ឋណា ដែលជាប់ពន្ធហើយ នឹងត្រូវបង់ពន្ធច្រើនជាងមុន ហើយចំពោះអ្នកមិនជាប់ពន្ធ ឬលួចគេចពន្ធ គឺនឹងត្រូវជាប់ពន្ធ ជាពុំខាន។ ដ្បិតថា កាលៈទេសៈថ្មី ទាមទារតម្រូវឲ្យធ្វើដូច្នេះ។
 
ប្រជាពលរដ្ឋប៉ាគីស្ថាន ចំនួន៤០% រស់នៅឋិតក្រោមបន្ទាត់ក្រីក្រ។ ប៉ាគីស្ថាន ឋិតក្នុងចំណោមប្រទេស១០ នៅលើពិភពលោក ដែលមានពលរដ្ឋច្រើន រត់ភៀសខ្លួនស្វែងរកការងារធ្វើ នៅក្រៅប្រទេស។ បើតាមការប្រកាសជាយូរមកហើយ ព្រលានអន្តរជាតិនិងយន្តហោះរបស់រដ្ឋ Pakistan International Airlines នឹងត្រូវធ្វើឯកជនភាវូបនីយកម្ម។ ពោលគឺឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងវិញម្តង ដើម្បីដោះទ័លសម្រាលបន្ទុកចំណាយរបស់រដ្ឋ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com