ជាតិ
លោក ជុំ រដ្ឋា អតីតគ្រូបង្វឹកបាល់ទះជម្រើសជាតិ ទទួលមរណភាពក្នុងអាយុ ៦១ឆ្នាំ ដោយរោគាពាធ
29, Jun 2024 , 12:58 pm        
រូបភាព
លោក ជុំ រដ្ឋា អតីតគ្រូបង្វឹកបាល់ទះជម្រើសជាតិ ដែលជាគ្រូបង្វឹកក្លិបកងពលធំអន្ដរាគមន៍លេខ៣ បានទទួលមរណភាព ក្នុងជន្មាយុ ៦១ឆ្នាំ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនានេះ ដោយសាររោគាពាធ។ លោកស្រី ជុំ សុខេម៉ារី កូនស្រីតែម្នាក់របស់គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា ឪពុករបស់ខ្លួនបានសម្រេចគោលបំណងជាច្រើន ដោយចង់តែផ្ទេរបច្ចេកទេសលេងបាល់ទះទៅកាន់កីឡាករ។

 
លោក ជុំ រដ្ឋា មានស្នាដៃជាច្រើន ដោយបានបណ្ដុះធនធានកីឡាករបាល់ទះលើឆ្នេរ និងបាល់ទះក្នុងសាលទៅកាន់ក្រុមជម្រើសជាតិ និងកីឡាករជាច្រើន។ តាមការបញ្ជាក់ របស់លោកស្រី ជុំ សុខាម៉ារី គ្រូបង្វឹកបាល់ទះវ័យ ៦១ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យកីឡាបាល់ទះ អស់រយៈពេលជាង ៣០ឆ្នាំ ទាំងជាកីឡាករ និងជាគ្រូបង្វឹក។
 
កូនស្រីរូបនេះ បន្ថែមថា គោលបំណងឪពុករបស់ខ្លួន គឺចង់ឃើញវិស័យបាល់ទះកម្ពុជា លេចធ្លោ និងទទួលបានសមិទ្ធផលល្អលើឆាកអន្ដរជាតិ។ លោកស្រី សុខាម៉ារី យល់ថាលោក ជុំ រដ្ឋា បានសម្រេចបំណងប្រាថ្នាច្រើន មុនពេលចែកឋាន ដោយមានសិស្សគុណជាច្រើន ធ្លាប់ឈ្នះមេដាយព្រឹត្តិការណ៍នានា ហើយអ្នកទាំងនោះតែ ថ្លែងអំណរគុណដល់គ្រូបង្វឹក នៅពេលជោគជ័យ។
 
«គាត់ បានសម្រេចគោលបំណងគាត់អស់ហើយ។ គាត់ បានធ្វើទៅតាមសមត្ថភាពរបស់ខ្លួន ក្នុងការជួយបណ្ដុះបណ្ដាលធនធានកីឡាករ ជាច្រើន។ គាត់បានសម្រេចគោលបំណង ក្នុងវិស័យកីឡានេះ គឺដោយសារកូនសិស្សគាត់ជាច្រើន តែងយកមេដាយជ័យលាភី ផ្សេងៗមកបង្ហាញគាត់នៅពេល ពួកគេប្រកួតឈ្នះ។ គាត់បានផ្ទេរចំណេះដឹង ទៅឲ្យកូនសិស្សជាច្រើន។»។ លោកស្រី សុខាម៉ារី បាននិយាយប្រាប់ដូច្នេះ៕

Tag:
 ជុំ រដ្ឋា
  ជុំ សុខាម៉ារី
© រក្សាសិទ្ធិដោយ thmeythmey.com