ជាតិ
អ្នកសារព័ត៌មាន៦រូប ទទួលបានពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពី ប.ស.ស
29, Jun 2024 , 3:29 pm        
រូបភាព
ពិធីប្រគល់ពានរង្វាន់ អ្នកសារព័ត៌មានឆ្នើម ប.ស.ស។ រូបពី អុកស្វាម
ពិធីប្រគល់ពានរង្វាន់ អ្នកសារព័ត៌មានឆ្នើម ប.ស.ស។ រូបពី អុកស្វាម
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម រៀបចំនិងប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន៦រូប ដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹង ប.ស.ស។
 
ប.ស.ស និង អុកស្វាម បានចាត់ទុក សមាគមអ្នកសារព័ត៌មាន ជាតួអង្គចម្បងមួយក្នុងការផ្សព្វ ផ្សាយគោលនយោបាយនានារបស់រាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងការផ្តល់កិច្ច សហការអនុលោម។ ជាងនេះទៅទៀត ពួកគេឃើញអ្នកសារព័ត៌មានដើរតួរនាទីយ៉ាងសំខាន់ក្នុងការពាំនាំនូវ កង្វល់ មតិយោបល់ និងធាតុចូលនានា ពីប្រជាពលរដ្ឋ អ្នកឯកទេស និងភាគីពាក់ព័ន្ធ ទៅលើគោលនយោបាយនានា ដែលបានសម្រេចឱ្យដាក់អនុវត្តន៍ដោយរាជរដ្ឋាភិបាល។ 
 
ដើម្បីជួយជ្រោមជ្រែងការអនុវត្តន៍គោលនយោបាយទាំងនោះ និងដើម្បីធានាការទទួលបានអត្ថ ប្រយោជន៍ការងារសមរម្យ និងរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយ     នភណ្ឌ អង្គការអុកស្វាម និង ប.ស.ស. ក៏បានសហការគ្នា និងផ្តួចផ្តើមបង្កើតកម្មវិធីប្រកួតប្រជែងពានរង្វាន់ «អ្នកសារព័ត៌មានឆ្នើម ស្តីពី ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»។ 
 
កម្មវិធីប្រកួតប្រជែងនេះ មានគោលបំណងពង្រីកវិសាលភាព នៃការទទួលបានព័ត៌មាន និងពង្រឹង ចំណេះដឹងប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ស្តីអំពីរបបសន្តិសុខសង្គម តាមរយៈសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមគ្រប់រូបភាព។ បន្ថែមពីនេះ គឺលើកកម្ពស់ការរាយការណ៏ ព័ត៌មាន ក្នុងចំណោមអ្នកសារព័ត៌មាន ស្តីអំពីរបបសន្តិសុខសង្គម (ប.ស.ស) និងកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ។ 
 
ក្នុងពិធីប្រគល់ពានរង្វាន់ខាងលើនាថ្ងៃទី២៨មិថុនា លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានការដាក់ស្នាដៃប្រកួតប្រជែង គណៈកម្មការវាយតម្លៃ បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារនៃអត្ថបទ ក៏ដូចជាវីដេអូ របស់បេក្ខជន ដោយបានកំណត់មូលដ្ឋានក្នុងការដាក់ពិន្ទុ ផ្ដោតទៅលើ៤ចំណុច។ ចំណុចទាំង៤នេះ រួមមាន ភាពពាក់ព័ន្ធនឹងប្រធានបទដែលបានកំណត់ក្នុងសេចក្តីប្រកាស, ប្រភពនិងតុល្យភាពនៃប្រភព, គុណភាពនៃទិន្នន័យ និងភាពទាក់ទាញនៃស្នាដៃប្រកួត។


លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស។ រូបពី អុកស្វាម
 
ពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ស្តីពី ប.ស.ស លេខ១ បានលើ អ្នកស្រី វ៉ាយ វត្តី ពីអង្គភាពមណ្ឌលព័ត៌មានស្ត្រីកម្ពុជា, លេខ២ បានលើ លោក មិន ម៉ៅសំណាង អ្នកសារព័ត៌មានPNN, លេខ៣ បានលើអ្នកស្រី ឡុង គីមម៉ារីតា អ្នកសារព័ត៌មាននៅទូរទស្សន៍អប្សរា, លេខ៤ បានលើលោក ឈឹម សុភទ្ទ សារព័ត៌មានវាយោ, លេខ៥ បានលើអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៅថ្មីៗ និងលេខ៦ បានលើកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៅថ្មីៗ។ 
 
អ្នកស្រី វត្តី ដែលទទួលលេខ១ ក្នុងការប្រួតប្រជែងនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនពិតជាមានមោទនភាពក្នុងការរួមចំណែកផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈដល់សាធារណជន តាមរយៈសំណេរអត្ថបទព័ត៌មាន។ អ្នកស្រី ចាត់ទុក ការខិតខំរបស់ខ្លួន បានផ្សព្វផ្សាយព័ត៌មានពី ប.ស.ស យ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីរោងចក្រ និងស្រ្តីដែលមានផ្ទៃពោះ។ 
 
«ពួកគេ(កម្មករ)នឹងទទួលបានការយល់ដឹងនូវអត្ថប្រយោជន៍ផ្សេងៗពីការប្រើប្រាស់ប័ណ្ណ ប.ស.ស…ជ័យលាភីនេះក៏បានបញ្ជាក់អំពី តម្លៃជំនឿទុកចិត្តនៃព័ត៌មាន ដែលអ្នកសរសេរព័តមានបានធ្វើការផ្សព្វផ្សាយចេញទៅប្រកបដោយភាព ត្រឹមត្រូវនិងអាចជឿទុកចិត្តបាន»។ នេះជាការលើកឡើងរបស់ ម្ចាស់ពានរង្វាន់លេខ១ ស្ដីពីអ្នកសារព័ត៌មានឆ្នើម ប.ស.ស។ 


អ្នកសារព័ត៌មានទាំង៦រូប ដែលទទួលបានជ័យលាភី។ រូបពី អុកស្វាម
 
ចំណែក លោក មិន ម៉ៅសំណាង យល់ថាការចូលរួមនៅក្នុងវេទិកាប្រកួតប្រជែងជយលាភីអ្នកសារព័ត៌មានឆ្នើមស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ប.ស.ស ជាការផ្ដល់ឱកាសដ៏កម្រមួយសម្រាប់អ្នកសារព័ត៌មាន និងជាលើកទីមួយសម្រាប់លោក ដែលបានចូលរួមផលិតស្នាដៃព័ត៌មាន តាមរយៈការចងក្រងបទពិសោធន៍ពិតរបស់អ្នកប្រើប្រាស់សេវា ប.ស.ស។  
 
ម្ចាស់ជ័យលាភីលេខ២រូបនេះ អះអាងថា៖ «ខ្ញុំយល់ថាវេទិកានេះ បានជួយបណ្ដុះបណ្ដាលចំណេះដឹងដល់អ្នកសារព័ត៌មានយ៉ាងច្រើន អំពីកិច្ចការរបស់ ប.ស.ស ព្រមទាំងការផ្ដល់សេវាកម្មផ្សេងៗ។ តាមរយៈកម្មវិធីប្រកួតប្រជែងនេះ បានជំរុញឱ្យខ្ញុំគិតស៊ីជម្រៅទៅលើប្រធានបទព័ត៌មាននៅក្នុងវិស័យ ប.ស.ស ដើម្បីរំលេចឲ្យឃើញអំពីរឿងរ៉ាវពិត ដែលមិនមែនជាការភាន់ច្រឡំលើទិដ្ឋភាព នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស។  តាមរយៈកម្មវិធីរបស់ អុកស្វាម និង ប.ស.ស លោក សំណាង ថាវាជាឱកាសបង្កើតមាតិកាព័ត៌មាននិងប្រធានបទព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីផ្សព្វផ្សាយចែករំលែកទៅកាន់សាធារណជន។ ជាមួយគ្នាដែរ លោក សំណាង បានសំណូមពរដល់អ្នករៀបចំកម្មវិធី ក៏ដូចជាបេឡាជាតិរបស់សន្តិសុខសង្គម បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមរាយការណ៍អំពីប្រធានបទផ្សេងៗជុំវិញទិដ្ឋភាពនៃការប្រើប្រាស់សេវា ប.ស.ស ជាបន្តបន្ទាប់ទៀត។ 
 
ទាក់ទិននឹងកម្មវិធីខាងលើ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានលើកឡើងក្នុងថ្ងៃប្រគល់ពានរង្វាន់ថា សហគមន៍ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់ក្នុងការបង្កើតកិច្ចសន្ទនានិងពិភាក្សាស្តីពីកិច្ចគាំពារសង្គម ការលាតត្រដាងពីវិសមភាព ការផ្តល់សំឡេងដល់ជនងាយរងគ្រោះ។ ទាំងនេះ លោកស្រីមើលឃើញថា វាធ្វើឱ្យអ្នកបង្កើតគោលនយោបាយមានទទួលខុសត្រូវ និងផ្តល់សិទ្ធិអំណាចដល់សាធារណជនក្នុងការតស៊ូមតិសម្រាប់ការគាំពារសង្គមប្រកបដោយសមធម៌។ 


លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា។ រូបពី អុកស្វាម
 
«ក្នុងនាមជាអ្នកឃ្លាំមើល អ្នកនិទានរឿង និងជាអ្នកវិភាគគោលនយោបាយ  អ្នកសារព័ត៌មានជាអ្នកជូនដំណឹងដល់ពលរដ្ឋ និងផ្តល់សិទ្ធិអំណាច ដើម្បីទាមទារការគាំពារសង្គមដែលចាំបាច់សម្រាប់ទាំងអស់គ្នាដើម្បីរីកចម្រើន ដែលជាស្នូលនៃការបង្កើតពិភពលោកមួយកាន់តែយុត្តិធម៌ និងសមធម៌»។ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានសង្កត់ធ្ងន់បែបនេះ ពីសារៈសំខាន់របស់អ្នកសារព័ត៌មាន ហើយអះអាងថា បេសកកម្មរបស់អង្គការអុកស្វាម គឺដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ ហើយប្តេជ្ញា គាំទ្រនិងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលភាគច្រើនជាស្ត្រី និងជាអ្នកម្តាយ។ 
 
«ការចូលរួមដ៏សកម្មរបស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយពី គោលនយោបាយគាំពារសង្គម អត្ថប្រយោជន៍ ប.ស.ស និងបញ្ហាប្រឈមនានាក្នុងការប្រើប្រាស់ 
ប័ណ្ណសមាជិក ប.ស.ស. គឺរួមចំណែកជាចម្បងក្នុងការជំរុញការទទួលបានរបបសន្តិសុខសង្គម ក្នុងចំណោមកម្មករនិយោជិតវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាប្រកបដោយបរិយាបន្ន និងឆ្លើយតបយេនឌ័រ»។ នេះជាការបញ្ជាក់បន្ថែម របស់ លោកស្រី ភាណ សោភ័ណ។ 
 
សូមជម្រាបថា កម្មវិធីប្រកួតប្រជែងអ្នកសារព័ត៌មានឆ្នើមស្ដីពី «ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» គឺបើកឱ្យមានការដាក់ពាក្យការប្រកួតប្រជែងរយៈពេលជិត៣ខែ ចាប់ពីថ្ងៃទី២១មីនា ដល់ថ្ងៃទី៣១ឧសភា ហើយអ្នកឈ្នះក្នុងកម្មវិធីនេះ នឹងទទួលបានពានរង្វាន់ និងកុំព្យូទ័រយួរដៃ១គ្រឿង សម្រាប់ជ័យលាភីលេខ១ និងលេខ២។ ចំណែក អ្នកលេខ៣ និងលេខ៤ ទទួលបានពានរង្វាន់និងទូរសព្ទដៃ១គ្រឿង។ ដោយឡែកអ្នកលេខ៥ និងលេខ៦ ទទួលបានបណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ មុននឹងមានការប្រកួតនេះ អុកស្វាម, សារព័ត៌មានថ្មីៗ និង ប.ស.ស ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានឱ្យយល់ដឹងពី ប.ស.ស ផងដែរ៕ 
 
 

Tag:
 ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com