ជាតិ
តារារ៉េប វណ្ណដា៖ព្រឹទ្ធាចារ្យ គង់ ណៃ ជាចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់ខ្ញុំ!
29, Jun 2024 , 5:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកតារាចម្រៀង វណ្ណដា
រូបភាពពីហ្វេសប៊ុកតារាចម្រៀង វណ្ណដា
ភ្នំពេញ៖ ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ បានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តរបស់លោក ម៉ាន់ វណ្ណដា ដែលទស្សនិកជនភាគច្រើនស្គាល់ថា វណ្ណដា តារាចម្រៀងរ៉េប។ ក្នុងសំណេរដែលសរសេរដោយផ្ទាល់ដៃរបស់ វណ្ណដា បានបង្ហាញអារម្មណ៍សោកសៅចំពោះមរណភាពរបស់លោកគ្រូ គង់ ណៃ។ វណ្ណដា អះអាងថា លោកតា គង់ ណៃ ជាចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់លោកនាពេលបច្ចុប្បន្ននេះ។

 
នារសៀលថ្ងៃទី២៩ មិថុនានេះ តារាចម្រៀង វណ្ណដា បានបង្ហោះរូបថតចំនួន១៤សន្លឹក ដោយភ្ជាប់ជាមួយសំណេរចូលរួមរំលែកទុក្ខដល់ព្រឹទ្ធាចារ្យ គង់ ណៃ។ រូបថតទាំងនោះ ជាកម្រអនុស្សាវរីយ៍របស់លោក វណ្ណដា ជាមួយលោកតា គង់ ណៃ និងភរិយា ដែលធ្លាប់ធ្វើការងារសិល្បៈ ជាពិសេសការសម្ដែងបទ «Time To Rise»។ 
 
សំណេរសរសេរដោយដៃរបស់លោក វណ្ណដា បានលើកឡើងថា៖«នៅពេលដែលឮដំណឹងមួយនេះ ពិតជាពិបាកទទួលយក ពិបាកនឹងទប់ទឹកភ្នែក ស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្បៈខ្មែរ តន្រ្តីខ្មែរ និងបាននាំឧបករណ៍តន្រ្តីបុរាណខ្មែរ ដូចជា ខ្លុយ ទ្រ ចាប៉ី ឃឹម មកតំណាងឱ្យប្រទេសកម្ពុជាទទួលការស្រឡាញ់ គាំទ្រ...»។

រូបភាពពីហ្វេសប៊ុក​តារាចម្រៀង វណ្ណដា
 
សម្រាប់តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ ការបាត់បង់ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់ធនធានដ៏អស្ចារ្យ ដែលលោកតាដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនលោកឱ្យតស៊ូក្នុងជីវិតមួយនេះ។ តារាចម្រៀង វណ្ណដា បានសរសេរបន្ថែមយ៉ាងដូច្នេះ៖«ដំណឹងមួយនេះ ពិតជាប៉ះទង្គិចផ្លូវចិត្តរបស់ខ្ញុំខ្លាំង ព្រោះលោកគ្រូ លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ»។ 
 
បើតាមសំណេររបស់ វណ្ណដា ពាក្យទូន្មានប្រៀបប្រដៅរបស់ព្រឹទ្ធាចារ្យ គង់ ណៃ នៅតែដក់ជាប់ក្នុងចិត្តរបស់លោកជារៀងរហូត។ ដ្បិតកំពុងធ្វើដំណើរលើអាកាស លោក វណ្ណដា ក៏បានផ្ញើក្ដីស្រឡាញ់ ក្ដីនឹករលឹកទៅកាន់ភរិយាលោកតា គង់ ណៃផងដែរ។ 
 
«ជូនទៅកាន់លោកយាយ អរគុណដែលបានមើលថែរក្សា ការពារលោកតា មានក្ដីស្រឡាញ់ឥតលក្ខខណ្ឌចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ជូនចំពោះលោកយាយ និងក្រុមគ្រួសារ...»។ នេះជាសំណេររបស់លោក វណ្ណដា ដែលសរសេរលើយន្តហោះ។

រូបភាពពីហ្វេសប៊ុក​តារាចម្រៀង វណ្ណដា
 
មរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ប៉ះទង្គិចផ្លូវចិត្តរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ក៏ព្រោះតែយុវជនវ័យក្មេងរូបនេះ ធ្លាប់សាងកេរ្តិ៍ជាមួយលោកតា។ ក្រៅពីសម្ដែងបទ Time To Rise លោកគ្រូ គង់ ណៃ ក៏ធ្លាប់ថតផ្សាយពាណិជ្ជកម្មជាមួយតារារ៉េប  វណ្ណដាផងដែរ។
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាអ្នកសិល្បៈផ្នែកចាប៉ីដងវែង ដែលពូកែវោហារ និងកាព្យចុងជួន បូករួមជាមួយសំនៀងចាប៉ី យ៉ាងពិរោះរណ្ដំ ។ ក្នុងអាជីពចាប៉ីនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ធ្លាប់បានទទួលជ័យលាភី និងគ្រឿងឥស្សរិយយសជាច្រើន។ ក្នុងនោះ ព្រះមហាក្សត្រចេញព្រះរាជ្យក្រឹត្យផ្តល់គោរមងាថ្នាក់ជាតិជាមត៌តមនុស្សរស់ ថា «កោសល្យវាហារគង់ ណៃ» នៅឆ្នាំ២០១២ផងដែរ៕ 
 

សំណេររបស់លោក វណ្ណដា។ រូបភាពពីហ្វេសប៊ុក​តារាចម្រៀង វណ្ណដា

 

Tag:
 វណ្ណដា
  គង់ ណៃ
  មរណភាព
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com