កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ Bellingham, Kane ជួយសង្គ្រោះអង់គ្លេសឡើងវគ្គ ១/៤
01, Jul 2024 , 1:36 am        
រូបភាព
តោកំណាចអង់គ្លេសបង្កើតភាពភ្ញាក់ផ្អើល ពីក្រុមហៀបធ្លាក់ចេញពីការប្រកួត បានការជួយសង្គ្រោះពីការស៊ុតរបស់ Jude Bellingham ចុងម៉ោងតាមស្មើ រហូតវាយបកឈ្នះការប្រកួតទម្លាក់ស្លូវ៉ាគី ក្នុងការប្រកួត Euro 2024 វគ្គ ១៦ក្រុម លទ្ធផលបញ្ចប់ ១២០នាទី ២-១។ អង់គ្លេស រួមដំណើរទៅវគ្គ ១/៤ ជាមួយនឹងម្ចាស់ផ្ទះអាល្លឺម៉ង់ និងទៅប៉ះស្វ៊ីស ជាដៃគូវគ្គបន្ទាប់។


ជំនួបមានគ្រាប់បាល់កើតឡើងត្រឹមតែ ១គ្រាប់ រវាងអង់គ្លេស និងស្លូវ៉ាគី នៅវគ្គទី១ អង់គ្លេសហាក់បីជាមានទម្រង់លេងគ្រប់ដណ្តប់ខ្លាំងទៅលើស្លូវ៉ាគី តែយ៉ាងណាស្លូវ៉ាគីដើមវគ្គក៏មានឱកាសសម្រុកវាយបកវិញមួយចំនួនលើអង់គ្លេស។ 
 
អង់គ្លេសមានឱកាស ១លើក ជា ២លើក តែមិនចំគោលដៅ និងគ្មានសំណាងសម្រុកតំបន់គ្រោះថ្នាក់ស្លូវ៉ាគីដោយងាយ ស្លូវ៉ាគី ប្រើឱកាសសម្រុកនិងស៊ុតត្រឹមតែ ៤លើក សម្រេចបានគ្រាប់បាល់នាំមុខ ១គ្រាប់ នៅនាទី២៥ ពីការស៊ុតរបស់ Ivan Schranz បញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម។ នៅចុងវគ្គទី១ អង៉គ្លេសក៏មានឱកាសសម្រុកខ្លាំង ប៉ុន្តែហាក់បីជាគ្មានឱកាសក្នុងការរកគ្រាប់បាល់តាមស្មើ រហូតបញ្ចប់ការប្រកួតក្នុងលទ្ធផលស្លូវ៉ាគី បន្តនាំមុខ ១-០។
 
ចូលវគ្គទី២ អង់គ្លេសប្រែប្រួលទម្រង់សម្រុកកាន់តែខ្លាំងដើម្បីចង់តាមស្មើ និងមិនចង់ធ្លាក់ចេញពីការប្រកួត ឱកាសកើតឡើងនៅនាទី៥០ ពីការស៊ុតរបស់ Phil Foden បញ្ជូនយ៉ាងល្អពី Kieran Trippier ប៉ុន្តែជាគ្រាប់បាល់បដិសេធដោយប្រព័ន្ធ VAR ព្រោះជាជំហរ Offside។ អង់គ្លេសបន្តបុកសម្រុកកាន់តែខ្លាំង និងការប្តូរកីឡាករបន្ថែមតំបន់ប្រយុទ្ធ តែទោះជាបែបណា ការនាំមុខ ១គ្រាប់របស់ស្លូវ៉ាគី ធ្វើឱ្យពួកគេ ពង្រឹងតំបន់ការពារកាន់តែខ្លាំងឡើង។
 
អង់គ្លេសកើតមានក្តីសង្ឃឹមឡើងវិញ នៅចុងម៉ោងបន្ថែមមុនបញ្ចប់ការប្រកួត Jude Bellingham សង្គ្រោះក្រុមអង់គ្លេសពីការស៊ុតបកក្រោយបញ្ចូលទី ១គ្រាប់ តាមស្មើលទ្ធផល ១-១ មកវិញ ដើម្បីនាំស្លូវ៉ាគីបន្តទៅការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង។ 
 
ចូលដើមវគ្គនៃម៉ោងបន្ថែម ១៥នាទី ២ដង អង់គ្លេសដែលហាក់បីជាមានសំណាងឡើងវិញ រកបានគ្រាប់បាល់វាយបកនាំមុខលើស្លូវ៉ាគី ដោយប្រធានក្រុម Harry Kane សម្រេចបានពីការតែតនៅនាទី៩១ ពោលបើកការប្រកួតបានត្រឹមតែ ១នាទី ប៉ុណ្ណោះ។ ស្លូវ៉ាគី ធ្វេសប្រហែសធ្វើឱ្យសង្ឃឹមឡើងវគ្គ ៨ក្រុម ឃ្លាតឆ្ងាយ ក្រោយការប្រកួតអង់គ្លេសវាយបកឈ្នះការប្រកួត ក្នុងរយៈពេល ១២០នាទី ២-១។
 
អង់គ្លេសជាក្រុមទី៣ កក់កៅវគ្គ ៨ក្រុម ចុងក្រោយ ទាំងប្រផិតប្រផើយ ក្រោយពេលដែលម្ចាស់ផ្ទះអាល្លឺម៉ង់ទម្លាក់ ដាណឺម៉ាក ២-០ ហើយស្វ៊ីសជាដៃគូរបស់អង៉គ្លេសវគ្គ ៨ក្រុម ដែលទម្លាក់ក្រុមការពារតំណែងអ៊ីតាលី លទ្ធផល ២-០៕
 
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com