កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ អេស្ប៉ាញទម្លាក់ហ្ស៊កហ្ស៊ីងាយស្រួល ដើម្បីទៅជួបអាល្លឺម៉ង់ វគ្គ ៨ក្រុម
01, Jul 2024 , 3:49 am        
រូបភាព
ក្រុមគោក្រហមអេស្ប៉ាញ បង្ហាញទម្រង់លេងកាន់តែល្អខ្លាំងក្នុងជំនួបយកឈ្នះ លើក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី ជំនួបវគ្គ ១៦ក្រុម ព្រឹត្តិការណ៍ Euro 2024 ដោយលទ្ធផល ៤-១ រាត្រីឈានចូលថ្ងៃទី១ ខែកក្កដា។ ការស៊ុតបញ្ចូលទីក្នុងការប្រកួតធ្វើឡើងដោយកីឡាករអេស្ប៉ាញទាំងអស់ ខណៈអេស្ប៉ាញដែលគ្របដណ្តប់ការប្រកួតខ្លាំង ឈ្នះកៅអីវគ្គ ៨ក្រុម ជាលើកទី៨ ក្រុមប្រវត្តិសាស្ត្រ។


ជាការប្រកួតដែលក្រុមម្ចាស់ពាន ៣សម័យ អេស្ប៉ាញ គ្របដណ្តបគ្រប់គ្រងការប្រកួតខ្លាំងលើក្រុមចំណូលថ្មីហ្ស៊កហ្ស៊ី នៅការប្រកួតវគ្គទីមួយ គ្រាប់បាល់ ២គ្រាប់ ត្រូវបានស៊ុតបំប៉ោងសំណាញ់ទី។ ទោះជាតាំងពីដើមវគ្គអេស្ប៉ាញព្យាយាមសម្រុកសន្ធាប់ ប៉ុន្តែការវាយបកដ៏លឿន និងជាឱកាស ១លើក ដែលហ្ស៊កហ្ស៊ីបង្កើតបាននៅនាទី១៨ ដើម្បីនាំមុខលើអេស្ប៉ាញមុន ដោយការបញ្ជូនបាល់ចូលខាងមុខតំបន់គ្រោះថ្នាក់អេស្ប៉ាញ ហើយកីឡាករ Robin Le Normand ភ្លាត់ស្នៀតធ្វើចូលទីខ្លួនឯង។
 
ជាការដូ ១គ្រាប់សម្រាប់ហ្ស៊កហ្ស៊ី អេស្ប៉ាញនៅតែរក្សាក្បួនទម្រង់លេងគ្រប់គ្រងបាល់ ដើម្បីរកឱកាសស៊ុតទម្លោះសំណាញ់ទីហ្ស៊កហ្ស៊ី រហូតដល់នាទី៣៩ កីឡាករ Rodri ស៊ុតបាល់យ៉ាងល្អតាមស្មើ ១-១ ត្រឡប់មកវិញ។ ការប្រកួតដែលពិបាកសម្រាប់ក្រុមកីឡាករហ្ស៊កហ្ស៊ី មួយនេះនៅពេលប៉ះអេស្ប៉ាញ ត្រឹមវគ្គទី១ បញ្ចប់ទៅក្នុងលទ្ធផល ១-១។
 
ស័ក្តិសមជាក្រុមម្ចាស់ជើងឯក ៣សម័យ ដែលកំពុងមានទម្រង់លេងល្អខ្លាំង អេស្ប៉ាញបើកឆាកការប្រកួតវគ្គទី២ ដោយការនាំមុខលើហ្ស៊កហ្ស៊ី នៅនាទី៥១ ជាការតែតបាល់ដោយខ្សែបម្រើ Fabian Ruiz ពីការលើកដ៏ល្អស្អាតរបស់កីឡាករវ័យក្មេងប្រចាំការប្រកួត Lamine Yamal។ អេស្ប៉ាញបន្តនាំមុខការប្រកួត ២-១ ក៏នៅតែបន្តសម្រុកសន្ធាប់កាន់តែខ្លាំងឡើង រហូតខ្លួនអាចរកបានគ្រាប់ទី៣ កើតពីឱកាសរបូតបាល់ដាច់មាត់ពីការសម្រុករបស់ហ្ស៊កហ្ស៊ី ខ្សែប្រយុទ្ធវ័យក្មេង Nico Williams Jr បណ្តើរបាល់សំដៅទីរហូតស៊ុតបញ្ចូលទីដ៏មុតស្រួចនៅនាទី៧៥ អ្នកចាំទីហ្ស៊កហ្ស៊ីបានត្រឹមស្រឡាំងកាំងមិនអាចសង្គ្រោះបាន។
 
កីឡាករខ្សែប្រយុទ្ធទើបប្តូរចូលដើមវគ្គទី១ Dani Olmo ក៏រួមចំណែករកបានគ្រាប់បាល់បន្ថែមទី៤ សម្រាប់អេស្ប៉ាញ នៅនាទី៨៣ ខណៈហ្ស៊កហ្ស៊ី ហាក់បាត់បង់កម្លាំងក្នុងការទប់ទល់ការសម្រុករបស់គូប្រកួត។
 
ការប្រកួតរវាងអេស្ប៉ាញ និងហ្ស៊កហ្ស៊ី បញ្ចប់ទៅដោយក្រុមរហស្សនាមគោក្រហមយកឈ្នះការប្រកួតដោយងាយស្រួល ជាមួយលទ្ធផល ៤-១ ត្រឹមពេញវគ្គ ៩០នាទី។
 
អេស្ប៉ាញ បន្តដំណើរទៅកាន់វគ្គ ៨ក្រុម ជាលើកទី៨ ក្នុងប្រវត្តិសាស្រ្តខ្លួន ដោយការប្រកួតក្រោយនឹងជាជំនួបសំខាន់បំផុតប្រចាំព្រឹត្តិការណ៍ដោយប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់ជាជើងឯក ៣សម័យដូចគ្នាក្នុងព្រឹត្តិការណ៍ Euro សម្រាប់វគ្គ ៨ក្រុមចុងក្រោយ។ ហ្ស៊កហ្ស៊ីដែលបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ និងឡើងវគ្គ ១៦លើក ដំបូង ក៏ត្រូវហាល់អាវត្រឹមវគ្គនេះដូចគ្នា៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com