ជាតិ
រដ្ឋ បញ្ចូលវិស័យឯកជនក្នុងសមាសភាព​ក្រុម​ប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេស​ចរណ៍ ​
01, Jul 2024 , 7:59 pm        
រូបភាព
ភ្នំពេញ៖​ ​រាជរដ្ឋា​ភិបាល​កម្ពុជា បានបញ្ចូល​សមាស​ភាពពីវិស័យឯកជន ទៅក្នុង​ក្រុម​ប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដើម្បីជំរុញកិច្ចសហ​ប្រតិ​បត្តិការ​ ភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការ​ ផ្សព្វផ្សាយទេ​ស​ចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមិថុនា ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា  នឹងអនុញ្ញាតឱ្យវិស័យ​ឯក​ជន អាច​ចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាល ​ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោ​បល់ ក្នុងការជំរុញ​វិស័យ​ទេសចរណ៍កម្ពុជា។ ​
ក្រសួងទេសចរណ៍ បញ្ជាក់ដូច្នេះ៖ «ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការ​ស្ថាប័នដែល មានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ "រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញ​ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។
 


​បើតាមក្រសួងទេសចរណ៍ ​វិស័យទេសចរណ៍ មានការវិឌ្ឍ​យ៉ាងលឿន ដែលទាមទារ​ភាពបត់បែនខ្ពស់ ដើម្បីធានាបាននូវនិរន្តរភាព បរិយាបន្ន និងភាពធន់ ហើយ ការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹង​ចូលរួចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន​៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងសម្រេចបាន​ចក្ខុវិស័យ​របស់រាជ​រដ្ឋា​ភិបាល ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍​ឈានមុខ​និងរស់រវើក។
 
សូមជម្រាបថា សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ​ទេស​ចរណ៍​​​ មាន​តំណាងមកពី ស្ថាប័នសាធារណៈសំខាន់ៗចំនួន៨​ និង​តំណាង​ពីផ្នែក​ឯកជនចំនួន៧។ សម្រាប់ក្រសួងទេសចរណ៍ សមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ ស្ថាប័ននេះ បានបង្ហាញពីការ​គិតគូរ គ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញ​ក្នុងការពង្រឹង​ភាពជាដៃគូ និងកិច្ច​សហប្រតិបត្តិការ រវាង​ស្ថាប័នរដ្ឋ និងឯកជន ដើម្បីរួមគ្នាបង្កើនភាព​ទាក់ទាញ ​និងភាព​ប្រ​កួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ​ស្រាយ​ជា​កញ្ចប់​​ ក្នុងគោលដៅ​អភិវឌ្ឍ​វិស័យទេសចរណ៍កម្ពុជា។
 


​បើតាម​សេចក្ដី​សម្រេចរបស់រាជរដ្ឋាភិបាល សមាភាព​​តំណាង​មកពី​​វិស័យ​សាធារណៈ មាន លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន។ ​​ចំណែកសមាជិក មានលោក គៀត ច័ន្ទ​ថារិទ្ធ​ រដ្ឋ​លេខាធិការ​ក្រសួងមហា​​ផ្ទៃ​, លោកស្រី ខៀវ សុផានី រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស, លោក ឈន សុភាព រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ, លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌, លោក ង៉ូវ បូរីណា រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន, លោក សូ វិសុទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​លោក ជា អូន រដ្ឋលេខា​ធិការ​ប្រចាំ​ការ​រដ្ឋលេខាធិកា​រដ្ឋាន​អាកាសចរណ៍​ស៊ី​វិល។ ​
 
ដោយ​ឡែក​ផ្នែក​ឯក​ជន​វិញ មាន​ លោក គិត ម៉េង តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា, លោក លី យ៉ុង​ផាត់ តំណាង​សមាគម​ឧកញ៉ា​កម្ពុជា, លោក ឌិន សុមេ​ធារិទ្ធ តំណាង​សហព័ន្ធ​ទេសចរណ៍កម្ពុជា, លោក Cyril GIROT តំណាង​ក្រុម​ហ៊ុន សូស៊ីយេត, លោក Lu Wei តំណាង​ក្រុម​ហ៊ុន​ អង្គរ អ៊ិនធើណេសិនណល អ៊ែត​ផត, លោក Zhan Yuhong តំណាង​ក្រុម​ហ៊ុន កម្ពុជា អង្គរ អ៊ែរ និង​លោក ណម វិស្សុត តំណាង​ក្រុម​ហ៊ុន អ៊ែរ​អេស៊ា ជា​សមាជិក៕



Tag:
 ទេសចរណ៍
  ទីផ្សារ
  ផ្សព្វផ្សាយ​
© រក្សាសិទ្ធិដោយ thmeythmey.com