កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអេស្ប៉ាញ ជឿជាក់សមត្ថភាពកូនក្រុម នឹងឈ្នះអាល្លឺម៉ង់ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ
01, Jul 2024 , 8:29 pm        
រូបភាព
លោក Luis de la Fuente ​គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ និយាយថាសមត្ថភាពខ្លាំងរបស់កូនក្រុម ស័ក្តិសមនឹងទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ UEFA Euro 2024។


លោក Fuente លើកសរសើរកូនក្រុម បន្ទាប់ពីក្រុមរហស្សនាមគោក្រហម បានគ្រប់គ្រងការប្រកួតយ៉ាងល្អ ដើម្បីយកឈ្នះលើក្រុមហ្ស៊កហ្ស៊ី លទ្ធផល ៤-១ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីឈានចូលថ្ងៃទី១ ខែកក្កដា។ 
 
អេស្ប៉ាញ បន្តបង្ហាញកម្រិតសមត្ថភាពកាន់តែខ្លាំងឡើង ដោយ-គ្របដណ្តប់លើក្រុមហ្ស៊កហ្ស៊ី នាការប្រកួតស្ថិតក្នុងកីឡដ្ឋាន Duesseldorf Arena។ លោក De La Fuente អះអាងក្រោយចប់ការប្រកួតថា កូនក្រុមលោកអាចយកឈ្នះការប្រកួតក្នុងលទ្ធផលដល់ទៅ ៨-១ ឯណោះ ពីការសម្រុកជាច្រើនលើក។
 
ការប្រកួតនោះ នៅត្រឹមវគ្គទីមួយ អេស្ប៉ាញមានឱកាសស៊ុត ១៧ជើង សំដៅសំណាញ់ទីហ្ស៊កហ្ស៊ី ហើយបញ្ចប់ការប្រកួតរយៈពេល ៩០នាទី ការស៊ុតបាល់សរុបទាំងអស់របស់អេស្ប៉ាញ ចំនួន ៣៥លើក និងសម្រេចទីបាន ៤គ្រាប់ ខណៈ ១គ្រាប់របស់ហ្ស៊កហ្ស៊ី បង្កឡើងពីខ្សែការពារអេស្ប៉ាញភ្លាតស្នៀតចូលទីខ្លួនឯង។ ជាមួយនឹងទម្រង់លេងល្អខ្លាំងបែបនេះ គ្រូបង្វឹកអេស្ប៉ាញ លើកសរសើរពីកូនក្រុមថាពួកគេស័ក្តិសមក្នុងការយកឈ្នះលើក្រុម ម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលត្រូវជួបគ្នានៅវគ្គ ១/៤។


 
លោក De La Fuente បាននិយាយដូច្នេះ៖«ខ្ញុំត្រូវការតម្លៃមួយដ៏ស័ក្តិសម ពីភាពសំខាន់នៃជ័យជម្នះមួយនេះ ព្រោះថាគូប្រកួតរបស់យើងគឺជាក្រុមមួយដ៏ល្អ។ យើងដឹងថាហ្ស៊កហ្ស៊ីអាចបង្កភាពគ្រោះថ្នាក់ កើតចេញពីការទប់ទល់ និងវាយបកយ៉ាងលឿន ប៉ុន្តែយើងមិនរបូតឱកាសការស៊ុតណាមួយទៅកាន់ពួកគេ។ វាគួរតែលទ្ធផល ៨-១ ពីឱកាសរបស់យើងទាំងស្រុង ​[…] ហើយការប្រកួតនេះផ្តល់ឱ្យយើងនៅទំនក់ចិត្តខ្លាំងជាមួយទេពកោសល្យក្រុម គុណភាព ការតាំងចិត្តដែលជារឿងសំខាន់ ដើម្បីទៅការប្រកួតបន្តទៀត ទល់ម្ចាស់ផ្ទះអាល្លឺម៉ង់។ អាល្លឺម៉ង់ជាក្រុមដ៏អស្ចារ្យ និងមានកីឡាករលំដាប់ពិភពលោកល្អៗ […] យើងនឹងរង់ចាំមើលលទ្ធផលពីការប្រកួតនោះ។»។ 
 
អេស្ប៉ាញ បន្តដំណើរទៅជួបម្ចាស់ផ្ទះអាល្លឺម៉ង់ នៅវគ្គ ៨ក្រុម ដែលការប្រកួតនឹងធ្វើឡើងក្នុងកីឡដ្ឋាន Stuttgart នៅថ្ងៃទី៥ ខែកក្កដា។ អាល្លឺម៉ង់ កាលវគ្គ ១៦ក្រុម ពួកគេបានទម្លាក់ក្រុមដាណឺម៉ាក ក្នុងលទ្ធផល ២-០ ពីការបង្ហាញទម្រង់លេងមួយដ៏ល្អ ដូចគ្នាទៅនឹងអេស្ប៉ាញដែលបានបង្ហាញទល់នឹងហ្ស៊កហ្ស៊ី។
 
ហ្ស៊កហ្ស៊ី បញ្ចប់ភារកិច្ចនៅត្រឹមវគ្គ ១៦ក្រុម នៃពានរង្វាន់ Euro 2024 ដែលជាការបង្ហាញខ្លួនលើកដំបូងប្រចាំព្រឹត្តិការណ៍ និងជាការបង្កើតប្រវត្តិសាស្ត្ររបស់ក្រុមដែលមានកម្រិតពិភពលោកទាបជាងគេប្រចាំការប្រកួត៕

Tag:
 អេស្ប៉ាញ
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com