កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រាសំខាន់ៗក្នុងការប្រកួតជម្រុះតាមពូលទាំង៨ក្នុងព្រឹត្តិការណ៍ World Cup 27, Jun 2014 , 1:45 pm
× ការប្រកួតវគ្គជម្រុះតាមពូលទាំង៨នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បានបញ្ចប់រួចរាល់ហើយកាលពីយប់មិញ ដោយក្រុមចំនួន១៦បានបោះជំហានទៅកាន់ការប្រកួតបន្តទៀត។ ម្ចាស់ផ្ទះប្រេស៊ីលត្រូវជួបឈីលី កូឡុំប៊ីប៉ះអ៊ុយរូហ្គាយ បារាំងប៉ះនីហ្សេរីយ៉ា អាល្លឺម៉ង់ប៉ះអាល់ហ្សេរី ហូឡង់ជួបម៉ិកស៊ិក កូស្តារីកាប៉ះក្រិក អាហ្សង់ទីនជួប ស្វ៊ីស និងបែលហ្ស៊ិកតទល់ជាមួយអាមេរិក។
ដោយផ្អែកលើស្ថិតិដែលស្រង់ដោយគេហទំព័រផ្លូវការរបស់ហ្វីហ្វា គេហទំព័រថ្មីៗ សូមធ្វើការដកស្រង់ដូចខាងក្រោម៖
គ្រាប់បញ្ចូលទីសរុប ១៣៦គ្រាប់៖ កីឡាករ៣នាក់រកបាន៤គ្រាប់ (Messi, Neymar និង Muller) ៦នាក់រកបាន៣គ្រាប់ ១៣នាក់រកបាន២គ្រាប់ ៧៦នាក់រកបាន១គ្រាប់ និង៤នាក់ធ្វើឲ្យចូលទីដោយខ្លួនឯង។ Thomas Muller របស់អាល្លឺម៉ង់ និង Xherdan Shaqiri របស់ស្វ៊ីស រកបានបីគ្រាប់ក្នុងមួយប្រកួត។
គ្រាប់បាល់បញ្ចូលទីទី១ គឺ Marcel (Own goal) សម្រាប់ក្រូអាស៊ី ក្នុងជំនួបជាមួយប្រេស៊ីល ខណៈ Clint Dempsey របស់សហរដ្ឋអាមេរិក ស៊ុតបាល់បញ្ចូលទីលឿនជាងគេ (0:30វិនាទី) ក្នុងជំនួបជាមួយហ្គាណា។ កីឡាករដែលស៊ុតបាល់បញ្ចូលទីនៅចុងម៉ោងរួមមាន Silvestre Verela របស់ព័រទុយហ្គាល់ និង Haris Seferovfic របស់ស្វ៊ីស។
ហូឡង់ស៊ុតបាល់បញ្ចូលទីច្រើនជាងគេដែលមានរហូតដល់ទៅ១០គ្រាប់ ខណៈកាមេរូន ហុងឌូរ៉ាស់ និងអ៊ីរ៉ង់រកបានតែ១គ្រាប់ប៉ុណ្ណោះ។ អូស្ត្រាលី និងកាមេរូន ធ្លាយសំណាញ់ទីរហូតដល់ទៅ៩លើក ខណៈបែលហ្ស៊ិក កូស្តារីកា និងម៉ិកស៊ិក ធ្លាយតែ១គ្រាប់ប៉ុណ្ណោះ។
ចំពោះ ការពិន័យវិញ កាតលឿងចំនួន១២៧ និងកាតក្រហមចំនួន៩ ត្រូវបានប្រើប្រាស់។ Neymar របស់ប្រេស៊ីល បានកាតលឿងមុនគេ ខណៈកាតក្រហមមុនគេធ្លាក់ទៅលើ Maxi Pereira របស់អ៊ុយរូហ្គាយ។ ក្រុមដែលទទួលបានកាតលឿងច្រើនជាងគេ គឺហុងឌូរ៉ា់ និងកូតឌីវ័រ (៧កាត) ខណៈបែលហ្ស៊ិក កាមេរូន ក្រូអាស៊ី អេក្វាឌ័រ ក្រិក ហុងឌូរ៉ាស់ អ៊ីតាលី ព័រទុយហ្គាល់ និងអ៊ុយរូហ្គាយ បានកាតក្រហមម្នាក់មួយ។
កីឡាករដែលធ្លាប់មានប្រវត្តិស៊ុតបាល់បញ្ចូលទីកាលពី World Cup លើកមុន ហើយធ្វើបានសម្រេចបន្ថែមទៀតនៅក្នុងឆ្នាំ២០១៤នេះ រួមមាន Tim Cahill (អូស្ត្រាលី) Cristiano Ronaldo (ព័រទុយហ្គាល់) Clint Dempsey (អាមេរិក) Asamoah Gyan (ហ្គាណា) Miroslav Klose (អាល្លឺម៉ង់) Rafael Marquez (ម៉ិកស៊ិក) Robin van Persie (ហូឡង់) Arjen Robben (ហូឡង់) និង David Villa (អេស្ប៉ាញ)។
ពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួត៖
ខ្សែប្រយុទ្ធ Lionel Messi ទទួលបានបីលើកតែម្នាក់ឯង។ កីឡាករ៧នាក់ទទួលបានពីរលើក ខណៈ៣១នាក់ទៀតទទួលម្នាក់មួយលើក៕
© រក្សាសិទ្ធិដោយ thmeythmey.com