កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រចង់ឲ្យ Tim Howard ទទួលបានការតែងតាំងជារដ្ឋមន្ត្រីការពារជាតិ 03, Jul 2014 , 3:47 pm
![](https://image.thmeythmey.com/pictures/2014/07/03/thumb2/tim_howard.jpg)
×![]()
នាពេលបច្ចុប្បន្ន អ្នកចាំទី Tim Howard កំពុងក្លាយជាវីរបុរសរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរូបគេបានសង្គ្រោះបាល់រហូតដល់ទៅ១៦លើកនាជំនួបវគ្គ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសប្រេស៊ីល បើទោះបីជាអាមេរិកចាញ់បែលហ្ស៊ិក ២-១ ក៏ដោយ។
ដើម្បីលើកកិត្តិយសដល់វីរបុរសរបស់ខ្លួន ក្រុមអ្នកគាំទ្រកីឡបាល់ទាត់ បាននាំគ្នាធ្វើញត្តិចំនួនពីរនៅលើគេហទំព័រផ្លូវការរបស់សេតវិមាន ដែលទីមួយ ពួកគេចង់ដូរឈ្មោះអាកាសយានដ្ឋាន Ronald Reagan Washington National Airport ទៅជាឈ្មោះ Howard និងទីពីរ ពួកគេចង់ឃើញការតែងតាំង Howard ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេល
អនាគត។
សម្រាប់អ្នកនាំពាក្យសេតវិមាន លោក Josh Earnest វាជារឿងកំប្លែងមួយក្នុងការតែងតាំង Tim Howard ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ុន្តែលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពិតជារីករាយនូវអ្វីដែលអ្នកចាំទីរូបនេះ បានបំពេញនៅក្នុងព្រឹត្តិការណ៍ World Cup ។ ប្រមុខសេតវិមានក៏បានទូរសព្ទផងដែរទៅកាន់ Howard និងប្រធានក្រុម Clint Dempsey ដើម្បីអបអរដល់ពួកគេ។
នៅលើគេហទំព័ររបស់សេតវិមាន (whitehouse.gov) ពលរដ្ឋអាមេរិកអាចមានសិទ្ធិសរសេរញត្តិបាននៅលើផ្នែក «We the People»។ រដ្ឋបាលលោក អូបាម៉ា ក៏បានបញ្ជាក់ផងដែរថា ញត្តិដែលមានសំឡេងគាំទ្ររហូតដល់១សែនសំឡេងក្នុងរយៈពេល១ខែ នឹងទទួលបាននូវការឆ្លើយតបជាផ្លូវការ។ បើគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ញត្តិដែលចង់ឲ្យដូរឈ្មោះព្រលានយន្តហោះ Reagan ទៅជា Howard មានសំឡេងគាំទ្រជាង១៣០០ ខណៈញត្តិដែលចង់ឲ្យ Howard ក្លាយជារដ្ឋមន្ត្រីការពារជាតិ មានសំឡេងគាំទ្រ ជាង៨០០សំឡេង។ បើសិនញត្តិទាំងនេះ ឈានទៅដល់គោលដៅមុនថ្ងៃទី៣១ ខែកក្កដា អ្នកគាំទ្រនឹងទទួលបាននូវការឆ្លើយតបពីសេតវិមាន។
លោក Chuk Hagel រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ក៏បានប្រើគណនី Twitter ដើម្បីអបអរដល់ Howard ផងដែរ។ លោកបានសរសេរថា «អរគុណដែលបានការពារសហរដ្ឋអាមេរិក។ យើងជាជនជាតិអាមេរិក មានមោទនភាពខ្លាំងណាស់ចំពោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិ»៕
© រក្សាសិទ្ធិដោយ thmeythmey.com