ជាតិ
សង្គមជាតិ
ADB រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដើម្បី​លើកកម្ពស់​តួនាទី​យុវជន​នៅ​តំបន់​GMS
10, Dec 2014 , 7:00 pm        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល១សបា្ដហ៍​ដល់​តំណាង​យុវជន​ថ្នាក់ជាតិ​ចំនួន៣៦រូប មកពី​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ(GMS) ទាំង។អ្នកចូលរួម​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ដំណើរ​ពី​ក្រុង​Jinghongប្រទេស​ចិន កាត់​តាម​ប្រទេស​ឡាវ ឆ្ពោះទៅ​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា និង​ថៃ និង​បន្ទាប់មក​ទៅ​ទីក្រុង​បាងកក ឆ្លងតាម​ភាគខាងត្បូង​ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា។


ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​យុវជន​ប​ញ្ផូ​ន​សារ​របស់​ពួកគេ​ទៅកាន់​កិច្ចប្រជុំ​កំពូល​លើក​ទី៥ របស់​មហា​អនុតំបន់​មេគង្គ ដែល​នឹងត្រូវ​រៀបចំឡើង នៅ​ថ្ងៃទី១៩-២០ខែធ្នូ​ខាងមុខ។នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADBនៅ​ថ្ងៃទី១០ខែធ្នូ​នេះ។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​លោកស្រី Lainie Thomasអ្នកឯកទេស​ផ្នែក​សង្គម​ស៊ីវិល របស់ ADB មានប្រសាសន៍ថា៖«ដំណើរ​ទស្សនកិច្ច​នេះ គឺជា​វេទិកា​មួយ​សម្រាប់​ឱ្យ​អ្នកចូលរួម​រៀបចំ​សារ ដែល​ពួកគេ​ចង់​ផ្ដល់​ដល់​កិច្ចប្រជុំ​កំពូល​របស់​មហា​អនុតំបន់​មេគង្គ»។ លោកស្រី Lainie Thomasបន្តថា៖«ខ្លឹមសារ​របស់​សារ​នេះ គឺ​អាស្រ័យ​លើ​ពួកគេ ប៉ុន្ដែ​សារ​នេះ​ទំនងជា​នឹង​រំលេច​ឱ្យឃើញ​ពី​សារៈសំខាន់​នៃ​ការទទួលស្គាល់​ការរួមចំណែក​របស់​យុវជន ចំពោះ​អនាគត​របស់​មហា​អនុតំបន់​មេគង្គ និង​បញ្ហា​ប្រឈម ដែល​ពួកគេ​ជួបប្រទះ​នៅក្នុង​ការផ្ដល់​ការរួមចំណែក​នេះ»។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​កិច្ចប្រជុំ​កំពូល​របស់​មហា​អនុតំបន់​មេគង្គ គឺជា​វេទិកា​កម្រិត​ខ្ពស់បំផុត​នៃ​កម្មវិធី​សហ​ប្រតិ​ប​ត្ដិ​ការ សេដ្ឋកិច្ច​របស់​មហា​អនុតំបន់​មេគង្គ និង​ជួយ​កំណត់​ពី​របៀបវារៈ​ទូលំទូលាយ​របស់​កម្មវិធី​នេះ រហូតដល់​កិច្ចប្រជុំ​បន្ទាប់ ដែល​នឹង​រៀបចំឡើង​ក្នុង​រយៈពេល៣ឆ្នាំ​ម្តង។

កម្មវិធី​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច​របស់​មហា​អនុតំបន់​មេគង្គ បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៩២ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន៦ក្នុង​អនុតំបន់​មេគង្គ និង​មាន​ADBជា​លេខាធិការដ្ឋាន​និង​បាន​កៀងគរ​ហិរញ្ញប្បទាន១៦ពាន់​លាន​ដុល្លារ សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ជិត៧០គម្រោង។កម្មវិធី​នេះ​បង្កើតឡើង​ដើម្បី​ជម្រុញ​លើកកម្ពស់​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច និង​វិបុលភាព​រួមគ្នា តាមរយៈ​ការកែលំអ​ហេដ្ឋារចនាសម្ព័ន្ធ ពា​ណិ​ជ្ផ​កម្ម ទេសចរណ៍​ឆ្លងដែន  ការបង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន  ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការប្រើប្រាស់​ធនធានធម្មជាតិ​រួម​ប្រកបដោយ​និរន្ដរភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com