អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូ​ទីន ធ្វើ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​រឹតបន្តឹង​ចំណងមិត្តភាព
10, Dec 2014 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃ​ពុធ​នេះ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន អញ្ជើញ​ទៅដល់​ទីក្រុង​ញូ​ដេលី​ប្រទេស​ឥណ្ឌា​ហើយ ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ល្អប្រសើរ​និង​ស៊ីជម្រៅ។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ពូ​ទីន រយៈពេល​បី​ថ្ងៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​នេះ ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ការទូត និង​សន្តិសុខ​ទ្វេភាគី។  


ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​រយៈពេល​បី​ថ្ងៃ ដែល​ដំណើរ​ទស្សនកិច្ច​ន​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ។ លោក ពូ​ទីន ទៅកាន់​ទីក្រុងដែ​លី​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​កាលវិភាគ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហាក់បីដូច​ជាមរ​មា​ញឹក​ខ្លាំងណាស់ ព្រោះ​លោក​ត្រូវ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​របស់លោក លោក នា​រិ​ន្ត្រា ម៉ូ​ឌី។  ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មេដឹកនាំ​កំពូល​រុស្ស៊ី​ទៅកាន់​ប្រទេស​ឥណ្ឌា បានបង្ហាញ​យ៉ាងច្បាស់​ពី​ការខិតខំ​ប្រែង​រៀបចំ​បង្កើន​ចំណងមិត្តភាព​ជាមួយគ្នា​អោយ​កាន់តែ​ស៊ីជម្រៅ។ គោលបំណង​នៃ​ការ​ទស្សនកិច្ច​លើក​នេះដែរ គឺ​លោក វ្លា​ឌី​មៀ ពូ​ទីន ចង់​អភិវឌ្ឍ​ចំណងមិត្តភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យសំខាន់ៗមួយចំនួន​មាន វិស័យ​សន្តិសុខ ការពារជាតិ និង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ថែមទៀត​ផង។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គេ​រំពឹងថា មេដឹកនាំ​រុស្ស៊ី និង​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ឥណ្ឌា នា​រិ​ន្ត្រា ម៉ូ​ឌី នៅក្នុង​វិមាន​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​កំណត់​គោលដៅ​នានា​ដើម្បី​ឈានទៅ​សម្រេច​អោយបាន​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិស័យ​ការពារជាតិ​ទ្វេភាគី​អោយបាន​យូរអង្វែង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​សម្រាប់​ថ្ងៃស្អែក​នេះ លោក ពូ​ទីន នឹងចូលរួម​ថ្លែង​សុន្ទ​កថា​នៅក្នុង​សភា​ឥណ្ឌា​ផងដែរ និង​បន្ទាប់​ពីនេះ​លោក ពូ​ទីន នឹង​បន្ត​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ប្រចាំឆ្នាំ​លើក​ទី១៥រវាង​រុស្ស៊ី និង​ឥណ្ឌា។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្នុងជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ រ បៀ​ប​វារៈ​សំខាន់​គឺ​ផ្តោតទៅលើ​បញ្ហា​ពាណិជ្ជកម្ម និង​ការវិនិយោគ។ ហើយ​កិច្ចព្រមព្រៀង​ចំនួន​ប្រមាណ ១០ ដែល​មេដឹកនាំ​ទាំងពីរ​នឹង​ចុះហត្ថលេខា ហើយ​លោក ពូ​ទីន និង​លោក ម៉ូ​ឌី ក៏​នឹង​ពិភាក្សា​បន្ថែម​ដើម្បី​ត្រួត​ត្រាយផ្លូវ​ដើម្បីអោយ​ប្រទេស​ទាំង​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍​ជាដើម។ យ៉ាងណាក៏ដោយ​ក្រៅពី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច យោធា ប្រទេស​ទាំងពីរ​ក៏បាន​កំណត់ថា​នឹង​បង្កើន​តម្លៃ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អោយដល់ ២០ពាន់​លាន​ដុល្លា​ត្រឹម​ឆ្នាំ ២០១៥ខាងមុខ។

គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ពូ​ទីន​ទៅកាន់​ប្រទេស​ឥណ្ឌា បង្ហាញ​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​មហាអំណាច​ទាំងពីរ ស្រប​ពេលដែល​រុស្ស៊ី​កំពុង​ប្រឈមមុខ​ជាមួយ​លោកខាងលិច​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន៕


© រក្សាសិទ្ធិដោយ thmeythmey.com