កីឡាអន្តរជាតិ
អន្តរជាតិ
AFF Suzuki Cup 2014៖ ចាញ់​ម៉ាឡេស៊ី គ្រូ​វៀតណាមថា​ កូន​ក្រុម​លេង​ខ្លាច​គេ
12, Dec 2014 , 9:15 am        
រូបភាព
ដោយ:
លោក​ Toshiya Miura គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​វៀតណាម បាន​ចាត់​ទុក​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ទឹក​ដី​ My Dinh National Stadium ក្បែ​ក្រុង​ហាណូយ របស់​ខ្លួន​កាល​ពី​យប់​មិញ​ថា​មក​ពី​កូន​ក្រុម​ប្រកួត​ទាំង​អារម្មណ៍​ភ័យខ្លាច ខណៈ​អ្នក​គាំទ្រ​គ្រប់​គ្នា​គិត​ថា​ក្រុម​ម្ចាស់​ផ្ទះ​​នៅ​ជើង​ទី២ នេះ​មាន​ភាគរយ​ច្រើន​ដើម្បី​ដណ្ដើម​តំណែង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ AFF Suzuki Cup 2014។


បុរស​ជនជាតិ​ជប៉ុន​ខាង​លើ​​បាន​ប្រាប់​វេបសាយ​ផ្លូវការ​ affsuzukicup​ ថា៖ «នៅ​តង់ទី១ ពួក​គេ​បាន​សម្រុក​រហូត​យើង​តដៃ​លែង​រួច ក៏​ព្រោះ​តែ​កីឡាករ​ទាំង​អស់​​គិត​ថា​ពួក​គេ​ស័ក្ខិសម​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រួច​រាល់​ហើយ»។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី Rahim បាន​រក​គ្រាប់​នាំ​មុខ​បាន​នៅ​នាទី​ទី៤ ដោយ​បាល់​ពិន័យ ១១ ម៉ែត្រ ហើយ​​មិត្ត​រូម​ជាតិ Talaha បាន​រក​គ្រាប់​ទី២ បន្ត​ក្ដី​សង្ឃឹម​កាន់​តែ​ខ្លាំង​នៅ​នាទី ១៦ ខណៈ​ Lê Công Vinh របស់​វៀតណាម ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ​បំបែក​ពង​មាន់​ឱ្យ​ក្រុម​នៅ​នាទី​២២។ នៅ​មិន​អស់​ចិត្ត​​ម៉ាឡេស៊ី វាយ​សម្រុក​រហូត​ធ្វើ​ឱ្យ​​ខ្សែ​ការពារ​រៀតណាម Đinh Tiến Thành ភ្លាត់​ស្នៀត​ធ្វើ​ឱ្យ​បាល់​ចូលទី​ខ្លួន​ឯង​នៅ​នាទី ២៩ និង Adam រក​គ្រាប់​បាល់​ទី ៤ ឱ្យ​ក្រុម​នៅ​នាទី​ ៤៣ មុន​បញ្ចប់​តង់​ទី១។ Lê Công Vinh រក​គ្រាប់​បាល់​ទី២ ឱ្យ​វៀតណាម នៅ​នាទី ៧៨ ស្រប​ពេល​ការ​ប្រកួត​បញ្ចប់​ទៅ​នៅ​ជើង​ទី​លទ្ធផល ៤ ទល់ ២ ហើយ​​លទ្ធផល​ទាំង​២​ជើង ៤ ទល់ ៥។

ចំណែក​លោក​ Dollah Salleh គ្រូ​បង្វឹក​ក្រុម​ម៉ាឡេស៊ី ថ្លែង​ទាំង​សប្បាយ​ចិត្ត​ថា៖ «ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​ទេ។ យើង​មាន​ឱកាស ៤ លើក​ហើយ​ទាត់​បញ្ជូល​ទី​បាន​ទាំង ៤​គ្រាប់។ វៀតណាម​ព្យាយាម​វាយ​បក​នៅ​តង់​ទី២ តែ​យើង​ការពារ​បាន​ល្អ។ នេះ​គឺ​ជា​បាល់ទាត់ យើង​​​ប្រព្រឹត្តិ​កំហុស​កាល​ពី​ជើង​ទី១ តែ​លើក​នេះ​​យើង​ធ្វើ​ល្អ។ ខ្ញុំ​រីករាយ​ដែល​រៀតណាម​បង្ករ​កំហុស​ទើប​យើង​ទទួល​ជ័យជម្នះ​បែប​នេះ»។


ក្រុម​ម៉ាឡេស៊ី ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រើ​រូប​មន្ត​ប្រកួត ២ ជើង ដោយ​ប្រកួត​ដំបូង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rajamangala National Stadium ក្នុង​​ក្រុង​បាងកក នៅ​ថ្ងៃ​ទី ១៧ ធ្នូ មុន​ចេញ​ទៅ​ប្រកួត​ជើង​ទី២ នៅ​កូឡាំពួរ​នៅថ្ងៃ​ទី ២០ ធ្នូ ដែល​ជា​ប្រកួត​កាត់​សេចក្ដី​ចុង​ក្រោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com