កីឡាជាតិ
ជាតិ
ប្រកួត​បើកឆាក ស្វាយរៀង ប៉ះ​ក្រុម​មកពី​ឡាវ រី​ម្ចាស់ផ្ទះ​ប៉ះ​ក្រុម​ក្នុងស្រុក
22, Dec 2014 , 10:01 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ខេត្តស្វាយរៀង របស់​កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​នៅ​ម៉ោង ៨:៣០ នាទី​ព្រឹក​ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៤ ក្នុង​ពានរង្វាន់ Number One Cup ដែល​រៀបចំឡើង​នៅ​កីឡដ្ឋាន​ខេត្ត​ប៊ី​ង​ភឿ​ក ប្រទេស​វៀតណាម ដោយ​ប៉ះ​ក្រុមបាល់ទាត់​ខេត្ត Champasak របស់​ប្រទេស​ឡាវ។


ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៨ ចែកជា ២ ពូ​ល។ ឆ្លងតាម​ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​លពី​រសៀល​ម្សិលមិញ ពូ​ល A មាន​ក្រុម​ម្ចាស់ផ្ទះ បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក, ក្រុម​កងពលធំ លេខ៤ របស់​វៀតណាម, ក្រុម Champasak របស់​ឡាវ និង ក្រុម​ខេត្តស្វាយរៀង របស់​កម្ពុជា។ ចំណែក​ពូ​ល B មាន​ក្រុម ចម្ការកៅស៊ូ​បឹងកេត និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ របស់​កម្ពុជា, ក្រុម​យោធភូមិភាគ​លេខ៧ ក្រុម​បញ្ជាការដ្ឋាន​ខេត្ត​ប៊ី​ញ​យឿ​ត។

តាម​គម្រោង​ពិធី​បើក​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ២ :៣០ នាទី​រសៀល ចំពេល​ក្រុម​ម្ចាស់​ស្រុក បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក ត្រូវ​ប៉ះ​ក្រុម​កងពលធំ លេខ៤ នៅ​វគ្គ​ជម្រុះ​ពូ​ល A វេលា​ម៉ោង ៣ រសៀល។

ពាន Number One Cup រៀបចំឡើង​ពីថ្ងៃ​ទី ២២ ដល់ ៣១ ខែ ធ្នូ ឆ្នាំ ២០១។ ឆ្លងតាម​ការប្រជុំ​ក្រុម​ពី​ម្សិលមិញ អ្នកឈ្នះ​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់ ១ អមដោយ​ប្រាក់រង្វាន់ ៤០០០$ ហើយ​ក្រុម​ជើងឯក​រង​នឹង​ទទួលបាន ២៥០០$ និង​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ នឹង​ទទួលបាន ២០០០$។

យោងតាម​កម្មវិធី ពូ​ល B នឹងធ្វើ​ការប្រកួត​ជម្រុះ​នៅ​ថ្ងៃស្អែក​ម្ដង ខណៈ​ក្រុម​ខេត្តស្វាយរៀង បានចេញ​ដំណើរ​ទៅមុន​គេ ក្នុងចំណោម​ក្រុម​កម្ពុជា​ទាំង ៣ ពោលគឺ​តាំងពី​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៤ ដោយមាន​ថ្នាក់ដឹកនាំ​ចំនួន ៨ នាក់​អមដោយ​កីឡាករ​ចំនួន ២០ នាក់​តាម​ជើង​រថយន្តក្រុង​ពី​កម្ពុជា​ទៅ​វៀតណាម ផ្ទាល់​តែម្ដង៕



© រក្សាសិទ្ធិដោយ thmeythmey.com