កីឡាអន្តរជាតិ
អន្តរជាតិ
តើ​អ្នកណា​ជា​ម្ចាស់​ពាន FIFA Ballond’orនិង​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ២០១៤
12, Jan 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​ទស្សនា​វ​ដ្តី​បារាំង France Football នឹង​រៀបចំ​ពិធី​ប្រគល់​ពាន FIFA Ballon d’Or, FIFA Women’s World Player of the Year និង​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ២០១៤ នា​រាត្រី​វេលា​ម៉ោង១២និង៣០នាទី (ម៉ោង​នៅ​កម្ពុជា)។ ពិធី​នឹង​រៀបចំឡើង​នៅ​សាល Kongresshausក្នុង​ទីក្រុង​ហ្ស៊ួ​រិច ប្រទេស​ស្វ៊ី​ស។


សម្រាប់​ពាន FIFA Ballon d’Or កីឡាករ​ឆ្នើម​បី​រូប​ដែល​ត្រូវ​ប្រជែង​គ្នា​រួមមាន ខ្សែប្រយុទ្ធ Cristiano Ronaldo (ព័រ​ទុយ​ហ្គា​ល់/Real Madrid) ខ្សែប្រយុទ្ធ Lionel Messi (អា​ហ្ស​ង់​ទីន/Barcelona) និង​អ្នកចាំទី Manuel Neuer (អាល្លឺម៉ង់/Bayern Munich)។

ដោយឡែក​គ្រូបង្វឹក​បីនាក់​ដែល​ស្ថិតក្នុង​បញ្ជី​ចុងក្រោយ រួមមាន​លោក Carlo Ancelotti (អ៊ីតាលី/Real Madrid) លោក Joachim Loew (អាល្លឺម៉ង់/ជម្រើសជាតិ​អាល្លឺម៉ង់) និង​លោក Diego Simeone (អា​ហ្ស​ង់​ទីន/Atletico Madrid)។

ចំពោះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ កីឡាការិនី​បី​រូប​រួមមាន Nadine Kessler (អាល្លឺម៉ង់), Marta (ប្រេ​ស៊ី​ល) និង Abby Wambach (អាមេរិក)។រីឯ​គូប្រជែង​សម្រាប់​ពាន​បាល់ទាត់​ផ្នែក​នារី មាន លោក Ralf Kellermann (អាល្លឺម៉ង់/ស្ត្រី VfL Wolfsburg) លោកស្រី MarenMeinert (អាល្លឺម៉ង់/ស្ត្រី​ជម្រើសជាតិ​អាល្លឺម៉ង់​អាយុ​ក្រោម១៩ និង២០ឆ្នាំ)និង​លោក Norio Sasaki (ជប៉ុន/ស្ត្រី​ជម្រើសជាតិ​ជប៉ុន)។

ការបោះឆ្នោត​ជ្រើសរើស​កីឡាករ-កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​មានការ​ចូលរួម​ពី​សំណាក់​ប្រធាន​ក្រុម គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​បុរស​និង​នារី​នៃ​សមាជិក​ចំនួន២០៩របស់ FIFA រួមទាំង​តំណាង​អ្នកសារព័ត៌មាន​អន្តរជាតិ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ FIFAនិង France Football ផងដែរ។

ខ្សែប្រយុទ្ធ​ចំនួន១៥នាក់ អ្នកចាំទី៥នាក់ ខ្សែការពារ២០នាក់​និង​ខ្សែបម្រើ១៥នាក់​កំពុង​ស្ថិតក្នុង​បញ្ជី​សម្រាប់​ពាន FIFA FIFPro World XI ។ដោយឡែក​កីឡាករ​បីនាក់​ចុងក្រោយ​សម្រាប់​ពាន​គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​ដាច់​គេ FIFA Puskas Award រួមមាន Stephanie Roche (២០ តុលា ឆ្នាំ២០១៣ )រវាង​ក្រុម Peamount United និង​ក្រុម Wexford Youths ក្នុង​ក្របខណ្ឌ BEWNL (សាធារណរដ្ឋ​អៀរ​ឡង់) កីឡាករ James Rodriguez (២៨ មិថុនា ឆ្នាំ២០១៤ )រវាង​កូ​ឡុំ​ប៊ី និង​អ៊ុយ​រូ​ហ្គា​យ ក្នុង​ព្រឹត្តិការណ៍ 2014 FIFA World Cup និង Robin van Persie (១៣ មិថុនា ឆ្នាំ២០១៤ ) រវាង​អេ​ស្ប៉ា​ញ​និង​ហូ​ឡង់ ក្នុង​ព្រឹត្តិការណ៍ 2014 FIFA World Cup។

ជាមួយគ្នានេះ​ក៏​នឹងមាន​បេក្ខភាព​ដែល​ត្រូវ​ទទួល​ពានរង្វាន់ FIFA Presidential Award និង FIFA Fair Play ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com